ក្រោយពីបួសមុខភ្លើងដើម្បីសងគុណ នាយក្រឹម បានធ្វើបុណ្យឧទិសកុសលជូនអ្នកម្តាយជាទីស្រឡាញ់របស់ខ្លួន កាលពីម្សិលមិញនេះ
ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយមើលទៅ កាលពីពេលថ្មីៗនេះ បើយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់ លោក ហេង ឡុង បានប្រាប់ឲ្យដឹងថា “សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំដល់ក្រុមគ្រួសារបង អ៊ូ ប៉ុណ្ណារ៉ាត់ (ក្រឹម) ដែលបានបាត់បង់អ្នកម្តាយជាទីគោរព និងជាទីស្រាលាញ់ដោយលោកយាយបានធ្វើមរណៈកាលនៅវេលាម្សិលមិញ នៅសហរដ្ឋអាមេរិក ក្នុងជន្មាយុ៩៤ឆ្នាំ ដោយជរាពាធ។ សូមបួងសួង សូមឲ្យវិញ្ញាណក្ខន្ធលោកយាយទៅកាន់ឋានសុគតិភព”។
លុះដល់នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៩ បើយោងតាមហ្វេសប៊ុករបស់ Om Nimoun បានបញ្ជាក់ឲ្យដឹងថា៖ “លោកបានបំពេញបំណងគ្រងស្បង់ចីវរ ធ្វើតាមការសន្យាដោយបានបួសមុខភ្លើងតាមប្រពៃណីសាសនារបស់ខ្មែរដើម្បីសងគុណ និងសូមខមាលទោសរាល់កំហុសខុសឆ្គងដែលមានកន្លងមកជូនលោកឪពុកដែលបានផ្តល់កំណើត និងអ្នកម្តាយដែលបានបង្កើតនិងបីបាច់ថែរក្សារូបលោកតាំងពីនៅក្នុងផ្ទៃរហូតមក តែពេលនេះអ្នកម្តាយបានលាចាកលោកទៅហើយ។ លោកបានបួងសួងសូមឲ្យវិញ្ញាណក្ខន្ធរបស់ញោមម្តាយទៅកាន់ឋានសុគតិភព និងបួងសួងដល់ព្រះជាម្ចាស់សូមព្រលឹងអ្នកម្តាយទៅកាន់ឋានសួគ៌។ ចាប់ពីពេលនេះលោកលែងម្តាយជាទីគោរពនឹងស្រលាញ់បំផុតហៅទៀតហើយ”។
ចំណែកកាលពីម្សិលមិញនេះ នាថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៩ គេឃើញ នាយ ក្រឹម បានធ្វេីបុណ្យ ឧទិសកុសលជូនអ្នកម្តាយរបស់ខ្លួន ព្រមជាមួយការចូលរួមពីសំណាក់ក្រុមគ្រួសារ។ ក្នុងនោះ ស្រីលាភដែលជាភរិយាយ នាយ ក្រឹម ក៏បានបញ្ជាក់ប្រាប់សារខ្លីមួយថា “ធ្វេីបុណ្យ ឧទិសកុសលជូនអ្នកម្តាយ (មុី ថុន) ១៦,០៦,២០១៩”៕