អបអរសាទរ ! រដ្ឋមន្រ្តីក្រសួងសុខាភិបាលខែ្មរ បង្ហាញពីភាពជោគជ័យ ក្រោយព្យាបាលបុរសចិនឆ្លងវីរុសកូរ៉ូណា ជាសះស្បើយ…
រាជធានីភ្នំពេញ ៖ បុរសចិន ដែលឆ្លងវីរុសកូរ៉ូណា ក្រោយពីទៅសម្រាកព្យាបាលនៅខេត្តព្រះសីហនុ អស់រយៈពេលជាច្រើនថ្ងៃនោះ ។ ពេលនេះ ក្រុមគ្រូពេទ្យជំនាញខ្មែរបានជាសះស្បើយ នឹងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ ។
លោកម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានប្រាប់បណ្តាញសារព័ត៌មានក្នុងស្រុកនៅព្រឹកនេះថា ជនជាតិចិន ដែលមានជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា បានជាសះស្បើយ ក្រោយពីសម្រាកព្យាបាលនៅខេត្តព្រះសីហនុនោះ ដោយបុរសចិនរូបនេះនឹងចាកចេញពីមន្ទីរពេទ្យ នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្តី បានបង្ហាញដោយភាពរីករាយ និងអបអរសាទរជាមួយនឹងជោគជ័យនៃសុខាភិបាលកម្ពុជា ក្នុងការព្យាបាលអ្នកជំងឺផ្លូវដង្ហើមថ្មីកូរ៉ូណា ឱ្យជាសះស្បើយ ។
ប្រភពពីសមត្ថកិច្ច បានឱ្យដឹងថា ជនជាតិចិនដែលទើបជាសះស្បើយពីជំងឺរលាកផ្លូវដង្ហើមខាងលើនេះ ក៏នឹងចាកចេញពីប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០ ស្អែកនេះ ។
សូមបញ្ជាក់ថា បុរសចិនដែលមានផ្ទុះវីរុសកូរ៉ូណានេះ មានឈ្មោះ ចា ជិនហូរ អាយុ៦០ឆ្នាំ បានធ្វើដំណើរមកពីទីក្រុងវូហាន ជាមួយក្រុមគ្រួសារ៣នាក់ទៀត មកដល់ក្រុងព្រះសីហនុ ប្រទេសកម្ពុជា កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០។ បន្ទាប់ពីមកដល់កម្ពុជារយៈពេល២ថ្ងៃ បុរសចិនរូបនេះ មានអាការៈក្អក ក្តៅខ្លួនខុសធម្មតា ហើយត្រូវបានមន្រ្តីសុខាភិបាល យកសំណាកទៅពិនិត្យ លុះនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លទ្ធផលឃើញថាបុរសចិនរូបនេះកើតជំងឺរលាកផ្លូវដង្ហើមប្រភេទថ្មីដែលបង្កឡើងដោយវីរុសកូរ៉ូណា ៕
ប្រភព៖kbn