រកឃើញមូលហេតុដែលកំពូលអធិរាជច្បាំងមិនដែលចាញ់របស់ម៉ុងហ្គោលដកថយពីហុងគ្រី! កុំអីទ្វីបអឺរ៉ុបទាំងមូលខ្ញីរបស់កូនចៅសង់ស៊ីខាន់
ក្នុងសតវត្សរ៍ទី ១៣ កងទ័ពដ៏មហិមារបស់ម៉ុងហ្គោលបានលុកលុយទូទាំងអាស៊ីកណ្តាល មុនពេលវាយលុកចូលអឺរ៉ុបតាមរយៈការលើកក្បួនទ័ពឆ្លងកាត់ទន្លេដានូបេ (Danube River) ក្នុងប្រទេសហុងគ្រី។ប៉ុន្តែកូនចៅរបស់ព្រះចៅអធិរាជ សង់ស៊ី ខាន់ (Genghis Khan) និងទាហានរបស់ទ្រង់ស្រាប់តែដកទ័ពចេញពីហុងគ្រីក្នុងឆ្នាំ ១២៤២ ដោយឆ្លងកាត់ប្រទេសសែប៊ី និងប៊ុលហ្គារីតាមផ្លូវឆ្ពោះទៅរុស្ស៊ីវិញ។
ឥឡូវការស្រាវជ្រាវថ្មីបានរកឃើញពន្លឺនៃការដកថយរបស់ម៉ុងហ្គោល និងបានលើកឡើងថា កងទ័ពដ៏អង់អាចក្លាហានរបស់ព្រះចៅអធិរាជសង់ស៊ីខាន់បានបង្ខំចិត្តដកថយមិនមែនដោយសារកម្លាំងទ័ពរបស់ហុងគ្រីទេ តែដោយសារអាកាសធាតុ។ នេះបើយោងតាមវេបសាយដេលីមែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែឧសភា ឆ្នាំ២០១៦។ការសិក្សានោះបានចង្អុលបង្ហាញថា អាកាសធាតុនៅរង្វង់ពេលនោះបានប្រែលជាអាក្រក់ ដែលអាចប៉ះពាល់ដល់ការផ្គត់ផ្គង់ស្បៀង ក៏ដូចជាបង្កការលំបាកសម្រាប់ទាហានក្នុងការធ្វើបំលាស់ទី។
កំណត់ត្រាផ្នែកប្រវត្តិសាស្ត្របានរ៉ាយរ៉ាប់លម្អិតអំពីរបៀបដែលព្រះចៅអធិរាជសង់ស៊ី ខាន់ឈ្នះគ្រប់សមរភូមិក្នុងសតវត្សរ៍ទី ១២ និង ១៣ ហើយបន្តវាតទីចូលដល់ទ្វីបអឺរ៉ុប។ខណៈកងទ័ពម៉ុងហ្គោលទៅដល់ហុងគ្រីក្នុងឆ្នាំ ១២៤២ ពួកគេបានដកថយវិញនៅពីរបីខែក្រោយ។
នៅរង្វង់ចុងសតវត្សរ៍ទី ១២ និង ដើមសតវត្សរ៍ទី ១៣ មានវាលស្មៅដុះលាតសន្ធឹងចេញពីអាស៊ីមកដល់ហុងគ្រី។ ទាហានរបស់សង់ស៊ី ខាន់ និងកងទ័ពសេះរបស់ពួកគេបានធ្វើដំណើរតាមវាលស្មៅដុះនេះដើម្បីកម្ចាត់សត្រូវទាំងឡាយនៅចំពោះមុខ និងកាន់កាប់ទឹកដីដែលបានទៅដល់។អ្នកប្រវត្តិសាស្ត្រជឿថា ក្នុងប៉ុន្មានខែមុនឈានដល់ការដកទ័ពម៉ុងហ្គោល ទាហានពីរក្រុមរបស់ម៉ុងហ្គោលបានច្បាំងឈ្នះនៅសមរភូមិក្នុងប្រទេសប៉ូឡូញ និងនៅ Mohi ក្នុងប្រទេសហុងគ្រី មុនពេលប្រមូលកម្លាំងគ្នាឡើងវិញ និងរួមជាធ្លុងមួយឆ្ពោះទៅទន្លេដានូបេ។
ប៉ុន្តែការវិភាគលើស្នាមគួចលើគល់ឈើ និងកំណត់ត្រាប្រវត្តិសាស្ត្រនៅចន្លោះឆ្នាំ ១២៣០ និង ១២៤៥ បានចង្អុលបង្ហាញអំពីអាកាសធាតុអាក្រក់ ដែលទំនងបានបង្កឱ្យស្មៅក្នុងតំបន់ប្រែទៅជាវាលភក់។
កងទ័ពម៉ុងហ្គោលអាចនឹងបរាជ័យ ដោយសារមិនអាចឆ្ពោះទៅមុខដោយងាយស្រួលឆ្លងកាត់សណ្ឋានដីពោរពេញទៅដោយភក់ល្បប់ និងអាចពន្យឺតដំណើររបស់ទ័ពសេះគួរឱ្យខ្លាចរបស់ខ្លួន ជាហេតុអាចបណ្តាលឱ្យថយប្រសិទ្ធភាពប្រយុទ្ធ និងបាត់បង់ប្រៀបឈ្នះរបស់ខ្លួន។
អ្នកស្រាវជ្រាវជឿថា ស្ថានភាពអាកាសធាតុទាំងនេះបានធ្វើឱ្យប្រែប្រួលស្ថានការណ៍ និងជាហេតុធ្វើឱ្យទ័ពដ៏អង់អាចរបស់ម៉ុងហ្គោលដកថយទៅរុស្ស៊ីវិញ។ កុំអីមិនដឹងជាទ្វីបអឺរ៉ុបទាំងមូលនឹងប្រែទៅជាសភាពបែបណានោះឡើយ៕
គួរបញ្ជាក់ថា យោងតាមប្រភពដេលីមែល ព្រះចៅអធិរាជសង់ស៊ីខាន់ បានចូលទិវង្គត់ក្នុងឆ្នាំ ១២២៧ នៅជន្មាយុ ៦៥ វស្សា ហើយគេមិនបានបញ្ជាក់ថាតើកូនចៅស្នងរាជអង្គណាទេ ដែលបានវាយដល់ហុងគ្រីនៅឆ្នាំ ១២៤២៕
ប្រភព៖ ដេលីមែល និង khmeread