ជប៉ុន ជួយ ខ្មែរទៀតហើយ ! ក្រុមហ៊ុន សំរាម របស់ជប៉ុន ៣ កំពុងមានចំណាប់អារម្មណ៍មកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ៤រោច ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ឯកឧត្តម មីកាមី ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា។

ជាពិសេសទៅទៀតនោះ ជប៉ុនកំពុងយកចិត្តទុកដាក់ បន្ទាប់ពីបានជួយរាជធានីភ្នំពេញលើវិស័យទឹកស្អាត លើវិស័យចំរោះទឹក ហើយនៅពេលនេះក៏បានយកចិត្តទុកដាក់ទៅលើបញ្ហាសំរាមតែម្ដង ដែលសំរាមនេះគឺជាកត្តាចាំបាច់ហើយជប៉ុនក៏មានក្រុមហ៊ុនចំនួន៣ ដែលមានចំណាប់អារម្មណ៍មកវិនិយោគនៅកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តមក៏បានជម្រាបជូនសម្ដេចតេជោដែលថាក្រុមហ៊ុនទាំងនេះនឹងចូលរួមចំណែកដេញថ្លៃក្នុងការប្រមូលសំរាមនៅកម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ជូនចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលបានជួយដល់កម្ពុជា និងបន្តជួយដល់កម្ពុជាលើវិស័យដោះមីននិងគ្រាប់មិនទាន់ផ្ទុះ ក៏ដូចជារៀបចំជួយដល់កម្ពុជា ធ្វើយ៉ាងណាឲ្យកិច្ចប្រជុំអាស៊ី-អឺរ៉ុប និងកិច្ចប្រជុំអាស៊ាន នាពេលខាងមុខ អោយទទួលបានជោគជ័យ។ សម្ដេចតេជោក៏បានថ្លែងអំណរគុណជាបន្តទៀត ចំពោះជំនួយរបស់ជប៉ុន ដល់ការតាក់តែងច្បាប់សំណង់ផងដែរ។ ជាមួយគ្នានេះ សម្ដេចតេជោ បានស្នើសុំឲ្យជប៉ុនបន្តជួយដល់កម្ពុជាធ្វើយ៉ាងណាពង្រឹងបទដ្ឋានគតិយុត្តក៏ដូចជាធ្វើការត្រួតពិនិត្យលើសំណង់ទាំងឡាយដែលកម្ពុជាបាននឹងកំពុងសាងសង់ដើម្បីឲ្យវិស័យនេះមានការរឹងមាំ។

Leave a Reply

Your email address will not be published. Required fields are marked *