បញ្ហាប្រព័ន្ធអនុគ្រោះពន្ធ eba ដក ឬមិនដក នឹងត្រូវប្រកាសលទ្ធផលនៅម៉ោង ៦ ឬ ៨ ល្ងាចនេះ
ការប្រកាសលទ្ធផលពីការដក ឬមិនដកប្រព័ន្ធអនុគ្រោះពន្ធ (EBA) នឹងត្រូវប្រកាសនៅល្ងាចថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។ នេះបើតាមទំព័រហ្វេសបុកលោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ។ លោកបានសរសេរថា “អ្វីដែលត្រូវកើត វានឹងកើត រក្សាភាពស្ងប់ស្ងាត់និងអារម្មណ៍នឹងនរ បន្តការចេះជួយគ្នា ហើយបន្តដំណើរទៅមុខទៀតជាមួយនិងគោលដៅដែលបានកំណត់ទុក។ គេរំពឹងថាយើងនឹងបាត់ទាំងស្រុង តែផ្ទុយទៅវិញ ៨០%នៃប្រយោជន៍រួមត្រូវបានការពារ នេះជាលទ្ធផលដែលយើងអាចរីករាយបាន។ ចន្លោះម៉ោង៦ ទៅម៉ោង៨ល្ងាច គឺជាម៉ោងល្អ”
យ៉ាងណាមិញយោងតាមទំព័រហ្វេសបុកផ្លូវការសមាគមរោងចក្រកាត់ដេរកម្ពុជាបានសរសេរថា “នឹងមិនមានសន្និសិទសារពត៌មានណាមួយដែលធ្វើឡើងដោយគណៈកម្មការអឺរ៉ុបនោះទេ ប៉ុន្តែនឹងមានការចេញផ្សាយជាសេចក្តីប្រកាសព័ត៌មានជំនួសវិញ។ ការចេញផ្សាយសេចក្តីប្រកាសព័ត៌មាននេះ នឹងត្រូវធ្វើឡើងនៅចន្លោះម៉ោង ៦ ល្ងាច ដល់ ៨ យប់ នៃម៉ោងនៅប្រទេសកម្ពុជា”។
ថ្លែងនៅក្នុងឱកាសបើកការដ្ឋានផ្លូវជាតិលេខ២ នាព្រឹកថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមិនអាចដោះដូរអធិបតេយ្យភាពជាមួយនឹង EBA បានទេ។ ការបញ្ជាក់បែបនេះត្រូវបានធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះ ដែលគណ:កម្មការពាណិជ្ជកម្មសហគមន៍អឺរ៉ុបនឹងធ្វើការសម្រេចចិត្តនៅថ្ងៃទី១២ កុម្ភៈ នេះ ថាតើត្រូវរក្សាទុក ឬក៏ដក គោលនយោបាយអនុគ្រោះពន្ធ (អ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ-EBA) សម្រាប់កម្ពុជា។
សម្តេចតេជោបានបន្ថែមថា កម្ពុជាត្រូវពឹងលើការដកដង្ហើមដោយខ្លួនឯង ហើយបើករណីរោងចក្រណាមួយត្រូវបិទទ្វា គឺមិនបណ្តាលមកពី EBA ទេ គឺដោយសារវត្ថុធាតុដើមនាំមកពីប្រទេសចិនមិនអាចនាំមកទាន់ ដោយសារជំងឺឆ្លងកូរ៉ូណា ដែលបានកើតឡើងនៅប្រទេសចិន។ បើករណី EBA ត្រូវផ្ដាច់មែន ការបញ្ជាទិញនឹងត្រូវបន្តជាធម្មតារយៈពេល៦ ខែ។
បន្ថែមលើនេះអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានមានប្រសាសន៍បានអះអាង ថា ប្រសិនបើមានករណីបិទ ឬព្យួរ ការងារកម្មករ និយោជិត នៅខែមីនា ឬខែមេសា ខាងមុខ មិនមែនមកពីឥទ្ធិពល នៃការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ទេ គឺដោយសារកង្វះវត្ថុធាតុដើមពីប្រទេសចិន ដោយសារតែមកដល់ពេលនេះ រោងចក្រនៅប្រទេសចិនមិនទាន់ឆ្លើយតបការកម្មង់ទិញវត្ថុធាតុដើមនៅឡើយទេ។
ការលើកឡើងរបស់លោក ហេង សួរ បានធ្វើឡើងនៅកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ និងបន្ទាប់ពីមានការបំផុសព័ត៌មានមួយចំនួនថា នឹងមានការបិទរោងចក្រមួយចំនួននៅខែខាងមុខ ដោយសារតែការផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA របស់សហភាពអឺរ៉ុប។
តាមលោក ហេង សួរ “ការពិតមិនមែនទេ ហើយចំពោះមុខអ្វីដែលជាការជាក់ស្ដែងគឺ រោងចក្រកាត់ដេរនៅកម្ពុជា ក៏ដូចជារោងចក្រនៅប្រទេសផ្សេងទៀតដែលពឹងទៅលើវត្ថុធាតុដើមពីប្រទេសចិន គឺត្រូវប្រើពេលប្រហែលជាខ្ទង់៤០ថ្ងៃ សម្រាប់ការទទួលបាននូវវត្ថុធាតុដើមពីប្រទេសចិន ដើម្បីមកធ្វើជាជីពចរសង្វាក់ផលិតកម្មរបស់ខ្លួន ហើយដោយឡែកសម្រាប់រោងចក្រកនៅកម្ពុជាយើង រោងចក្រកាត់ដេរភាគច្រើន គឺក្រណាត់យកមកពីចិន ហើយដែលការដឹកជញ្ជូនមកនេះគឺខែ១២ និងខែ១នេះ មានការដឹកជញ្ជូនមកច្រើន ពេលចូលឆ្នាំចិន ដល់ពេលក្រោយចូលឆ្នាំចិនរោងចក្រនៅចិនបានបិទទាំងស្រុង ហើយបន្ទាប់ពីមានការផ្ទុះនៅវីរ៉ុសកូរ៉ូណានេះ គឺរោងចក្រនៅចិនគឺមិនទាន់ដំណើរការនៅឡើយទេ”។
លោក ហេង សួរ បញ្ជាក់ទៀតថា ផ្អែកទៅលើស្ថានភាពនេះធ្វើឲ្យរោងចក្រកាត់ដេរ និងរោងចក្រយើងមួយចំនួនទៀតមានដូចជាស្បែកជើងក៏អាចមានបញ្ហា ប៉ុន្តែស្បែកជើងដូចជាមិនទាន់មានសញ្ញាណធ្ងន់ធ្ងរនៅឡើយទេ តែរោងចក្រកាត់ដេរនៅកម្ពុជា ត្រូវការវត្ថុធាតុដើម ដូចជាក្រណាត់ ឬជាអ្វីផ្សេងៗពីប្រទេសចិននេះ ហើយឥលូវនេះ ក្រណាត់ដែលបានស្តុកនោះ គឺអាចប្រើប្រាស់ត្រឹមចុងខែ២ប៉ុណ្ណោះ។ “អញ្ចឹង ! ឥលូវនេះគាត់បានព្យាយាមកុម្ម៉ង់ក្រណាត់បន្ថែមពីប្រទេសចិន ក៏ប៉ុន្តែរោងចក្រនៅប្រទេសចិនអត់ទាន់ហ៊ានឆ្លើយថា យ៉ាងម៉េច ដោយសារតែមិនទាន់ដឹងថា តើពេលណារោងចក្ររបស់ខ្លួនអាចដំណើរការបាន។ អីចឹងហើយ ! បានជាក្នុងខែ៣ខាងមុខនេះ វាអាចមានរោងចក្រកាត់ដេរមួយចំនួនស្នើសុំព្យួរការងារកម្មករយើងមួយចំនួន នេះគឺជាអង្គហេតុពិត ហើយបើមានករណីបិទ ឬបើមានការព្យួរ នៅក្នុងខែ៣ ឬក៏ខែ៤ខាងមុខនេះ”។
លោក ហេង សួរ អះអាងថា អ្វីដែលជាការបិទ ឬក៏ព្យួរនេះ មិនមែនមកពីឥទ្ធិពល EBA ឬឥទ្ធិពលអ្វីនោះទេ គឺបណ្តាលមកពីឥទ្ធិពលនៃកង្វះវត្ថុធាតុដើមពីប្រទេសចិន៕
ប្រភព៖kampucheathmey