រំភើបជំនួស!ទីបំផុតនាវាទេសចរណ៍របស់អាមេរិកមួយគ្រឿងផ្ទុកមនុស្សជាង២០០០នាក់ ដែលប្រទេសនិងកោះចំនួន៦ បដិសេធមិនឲ្យចូលចតនោះ ត្រូវបានកម្ពុជាអនុញ្ញាតឲ្យចូលចតនៅកំពង់ផែខេត្តព្រះសីហនុ

(ភ្នំពេញ)៖ ទីបំផុតរាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់សហរដ្ឋអាមេរិកមួយគ្រឿង ដែលផ្ទុកមនុស្សជាង២២០០នាក់ ចូលសំចតនៅ កំពង់ផែ ខេត្តព្រះសីហនុរបស់កម្ពុជា ក្រោយពីប្រទេសនិងកោះសរុបចំនួន៦ បដិសេធមិនឲ្យនាវាដ៏ធំមួយនេះចូលចត ដោយសារភ័យខ្លាចអ្នកដំណើរមានផ្ទុកវីរុសកូរ៉ូណាថ្មី។

មន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា នាវាទេសចរណ៍ដ៏ធំនេះឈ្មោះ MS Westerdam នឹងមកចូលចតនៅកំពង់ផែ ខេត្តព្រះសីហនុ នៅវេលាម៉ោង៧ព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ ក្រោយពីទទួលបានការអនុញ្ញាតពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ ការអនុញ្ញាតឲ្យចូលចតនេះធ្វើឡើង បន្ទាប់ពីមានការធានាច្បាស់លាស់ពីអ្នកគ្រប់គ្រងនាវាទេសចរណ៍ Westerdam ថា មនុស្សទាំងអស់លើកប៉ាល់មិនមានអ្នកណាម្នាក់ ផ្ទុកវីរុសកូរ៉ូណាថ្មី ឬ Covid-19 នោះទេ។

មន្រ្តីជាន់ខ្ពស់ដដែលរូបនោះបានបញ្ជាក់បន្ថែមថា អាជ្ញាធរកម្ពុជានឹងសម្របសម្រួលគ្រប់និតីវិធីទាំងអស់ ទាំងការត្រួតពិនិត្យសុខភាពនៅលើកប៉ាល់, មិនយកថ្លៃ Visa និងសេវាផ្សេងៗ ដែលទាំងនេះបង្ហាញទឹកចិត្តដ៏ប្រពៃបំផុតរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចំពោះផ្នែកកិច្ចការមនុស្សធម៌ និងគ្មានការរើសអើងពូជសាសន៍ប្រទេសដទៃនោះទេ។ ក្រៅពីនោះអាជ្ញាធរនឹងចែកក្រមាដល់អ្នកដំណើរទាំងអស់នោះផងដែរ។

ខាងក្រុមហ៊ុននាវាទេសចរណ៍ បានសម្រេចជួលយន្តហោះសម្រាប់ដឹកជញ្ជូនអ្នកដំណើរទាំងអស់ ពីព្រលានយន្តហោះ ខេត្តព្រះសីហនុ ទៅកាន់អាកាសយានយន្តអន្តរជាតិភ្នំពេញ ហើយអ្នកដំណើរបន្តត្រឡប់ទៅផ្ទះវិញរៀងខ្លួនៗ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់កម្ពុជាបញ្ជាក់បន្ថែម។

គួរបញ្ជាក់ថា កប៉ាល់ទេសចរណ៍ Westerdam មានដឹកមនុស្សសរុបជាង ២,២០០នាក់ ក្នុងនោះអ្នកដំណើរ ១,៤៥៥នាក់ និងបុគ្គលិកកប៉ាល់ចំនួន ៨០២នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែវាត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន​ កូរ៉េខាងត្បូង និងកោះហ្គាំ (អាមេរិក) បដិសេធមិនឲ្យចូលចតឡើយ ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)៕

ប្រភព៖Fresh News

Leave a Reply

Your email address will not be published. Required fields are marked *