ព្រឹកនេះ នាវាថ្មីមួយទៀត ដឹកភ្ញៀវទេសចរណ៍ជាង ២,០០០នាក់ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ
ខេត្តព្រះសីហនុ ៖ នាវាទេសចរណ៍បរទេសមួយគ្រឿងឈ្មោះ Costa Fortuna បានចូលចត នៅកំពង់ផែក្រុងព្រះសីហនុ នៅវេលាម៉ោងជាង៨ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងដំណើរដឹកភ្ញៀវទេសចរណ៍ ចម្រុះ(៥១សញ្ជាតិ)ជាតិសាសន៍ ដែលអ្នកដំណើរសរុបមានចំនួន ២,១០១នាក់ មកទស្សនាប្រទេសកម្ពុជារយៈពេលមួយថ្ងៃ ។
បើតាមមន្ត្រីកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានឱ្យដឹងថា នាវាទេសចរណ៍ COSTA FORTUNA របស់ក្រុមហ៊ុន ITALY មានបណ្តោយ ២៧៣ម៉ែត្រ និងទទឹង ៣៥ម៉ែត្រ ជំរៅទឹក ៨ម៉ែត្រ ដែលមាននាវិកចំនួន៩៩៤នាក់ បានដំណើរចេញពីប្រទេសថៃ ចូលមកកម្ពុជា និងបន្តទៅកាន់ប្រទេសសឹង្ហបុរីទៀត ដោយចាកចេញពីកម្ពុជានៅវេលាម៉ោង៧យប់ថ្ងៃដដែល ។
បើតាមមន្ត្រីដដែល បានប្រាប់បណ្តាញផ្សព្វផ្សាយថា អ្នកទេសចរណ៍ទាំងអស់ ត្រូវបានពិនិត្យសុខភាពត្រឹមត្រូវតាមវេជ្ជសាស្ត្រ មុននឹងអនុញ្ញាតឲ្យចុះពីលើនាវា សម្រាប់ដំណើរកម្សាន្ត ក្នុងក្រុងព្រះសីហនុ ។
មន្ត្រីរូបនេះ បានបញ្ជាក់ទៀតថា សម្រាប់កម្ពុជា ក៏នឹងមាននាវាទេសចរណ៍ បរទេសនាន នឹងចូលសំចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ជាបន្តបន្ទាប់ទៀត ក្នុងរដូវរំហើយ នេះ ៕