មានសង្ឃឹមហើយ!! ចិនរកឃើញថ្នាំព្យាបាលវីរុសកូរ៉ូណា ជាលើកដំបូងកំពុងត្រៀមផលិតឆាប់ៗនេះ
បើតាមសេចក្ដីប្រកាសមួយរបស់អាជ្ញាធរទីក្រុង TAIZHOU ចិន ដកស្រង់ផ្សាយតាមបណ្ដាញសង្គម WECHAT បានឱ្យដឹងថា ឱសថមួយដែលអាចមានប្រសិទ្ធភាពប្រឆាំងការឆ្លងរាលដាលនៃវីរុស COVID-19 ត្រូវបានអនុម័ត និងអនុញ្ញាតឲ្យចាប់ផ្ដើមផលិតកម្មចាប់ពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០នេះទៅ។
យោងតាមអាជ្ញាធរទីក្រុង TAIZHOU ខេត្តហ្សេយ៉ាង ភាគខាងកើតចិនថា ថ្នាំដំបូងនោះដែលអាចមានប្រសិទ្ធភាព ក្នុងការតស៊ូប្រឆាំងវីរុសកូរ៉ូណាថ្មី ត្រូវបានបញ្ជូនឲ្យធ្វើផលិតកម្មចាប់ពីថ្ងៃទី១៦ ខែកុម្ភៈទៅ។ នោះជាថ្នាំដែលកាលពីមុនគេស្គាល់ក្រោមឈ្មោះថា FAVIPIRAVIR ឬAVIGAN ។
សេចក្ដីប្រកាសគូសបញ្ជាក់ថា ឱសថនោះផលិតដោយក្រុមហ៊ុន ZHEJIANG HISUN PHARMACEUTICAL ទទួលបានការអនុម័តជាផ្លូវការ ដោយអាជ្ញាធរជាតិត្រួតពិនិត្យស្បៀងនិងថ្នាំពេទ្យចិន ដើម្បីឲ្យធ្វើពាណិជ្ជកម្ម។
សេចក្ដីប្រកាសតាម WECHAT ដកស្រង់ផ្សាយដោយបណ្ដាសារព័ត៌មានចិនបន្តថា នោះជាឱសថដំបូងរបស់ប្រទេស ដែលក្នុងកាលៈទេសៈកំពុងមានការឆ្លងរាលដាលខ្លាំងនៃវីរុសប្រភេទថ្មី ត្រូវបានអនុម័តជាផ្លូវការបញ្ចូលក្នុងបញ្ជីនៃឱសថដែលអាចមានប្រសិទ្ធភាព ក្នុងការព្យាបាលប្រឆាំងវីរុស COVID-19៕ ដកស្រង់ចេញពីវេបសាយ ៖ sputniknews