គំរូល្អ! វិទ្យាល័យបន្ទាយស្រី នឹងក្លាយទៅជាសាលាដំបូង នៅក្នុងស្រុកបន្ទាយស្រី ដែលបដិសេធការប្រើប្រាស់ដបទឹកប្លាស្ទីក ដើម្បីចូលរួមការពារបរិស្ថានពីការបំពុលដោយប្លាស្ទិក

នៅមុននេះបន្តិច នាថ្ងៃទី ០៧ ខែមីនា ឆ្នាំ ២០២០ គេប្រទះឃើញក្នុងហ្វេសប៊ុក លោក ឃឹម ហ្វីណង់ អភិបាលស្រុកវ័យក្មេង ​ស្រុកបន្ទាយស្រី បានបង្ហោះសារដ៏គួរឲ្យចាប់អារម្មណ៍មួយថា៖

“#និយាយថាទេចំពោះប្លាស្ទីក វិទ្យាល័យបន្ទាយស្រី នឹងក្លាយទៅជាសាលាដំបូងនៅក្នុងស្រុកបន្ទាយស្រី ដែលបដិសេធការប្រើប្រាស់ដបទឹកប្លាស្ទីក ដើម្បីបង្ហាញភាពជាគំរូនៃការទទួលខុសត្រូវខាងផ្នែកសង្គម និងការចូលរួមការពារបរិស្ថានពីការបំពុលដោយប្លាស្ទិក។

ថ្លែងក្នុងពិធីសម្ពោធដាក់ឲ្យអនុវត្តគម្រោងថែរក្សាបរិស្ថាន «គម្រោង អ(R)» និងចែកដបទឹកដល់សិស្សានុសិស្សនៅវិទ្យាល័យបន្ទាយស្រី ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា ការបដិសេធការប្រើប្រាស់ប្លាស្ទិកដូចជា ថង់យួរដៃ ដបទឹកបរិសុទ្ធជាដើម ជួយធ្វើឱ្យបរិស្ថានស្អាត គ្មានការបំពុលដោយសំរាមប្លាស្ទិក ខណៈសំណល់ផ្នែកនេះត្រូវបានគេចាត់ទុកថាជាការបំពុលដល់បរិស្ថាន ដោយសារតែវាត្រូវការពេលវេលាជាច្រើនរយឆ្នាំដើម្បីធ្វើការបំបែកធាតុ ឬរលួយនៅលើផែនដី។

ឆ្នាំ២០២០ នឹងក្លាយទៅជាទេសកាលថ្មីនៃការដោះស្រាយបញ្ហាបរិស្ថាននៅក្នុងស្រុកបន្ទាយស្រី ក្នុងនាមជាតំបន់មួយដែលសក្តានុពលធំធេងខាងផ្នែកទេសចរណ៍ធម្មជាតិ។ យុទ្ធនាការ «២០២០ បន្ទាយស្រីស្អាត» (ដែលខ្ញុំនឹងប្រកាសជាផ្លូវការនាពេលខាងមុខនេះ) នឹងដើរតួនាទីជាគម្រោងមេ ដែលប្រមែប្រមូលរាល់ធនធាននិងកម្លាំង ដើម្បីសម្របសម្រួលចង្កោមសកម្មភាពនានានិងយន្តការផ្សេងៗ ក្នុងការដោះស្រាយបញ្ហាបរិស្ថាននៅក្នុងស្រុក។ បន្ថែមពីនេះ រដ្ឋបាលស្រុកបន្ទាយស្រីក៏កំពុងខិតខំប្រឹងប្រែងកសាងសម្បទាខាងផ្នែកហេដ្ឋារចនាសម្ព័ន្ធបរិស្ថានរបស់ខ្លួន ដើម្បីធានាថា ការគ្រប់គ្រងបញ្ហានេះ ជាពិសេសបញ្ហាសម្រាម មានប្រសិទ្ធភាពនិងនិរន្តភាព។ ទាំងនេះរួមមាន ធុងសម្រាមនៅតាមទីសាធារណៈ យន្តការប្រមូលជាប្រចាំ ឡដុតរឺរណ្តៅដែលមានការគ្រប់គ្រងត្រឹមត្រូវ ការផ្សព្វផ្សាយនិងការអប់រំទូលំទូលាយ ក៏ដូចជាការលើកទឹកចិត្តនិងការផាកពិន័យផងដែរ។

ខ្ញុំសូមថ្លែងអំណរគុណដល់អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ដែលបានខិតខំប្រឹងប្រឹងដើម្បីកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិកនៅតាមសាលារៀន ទាំងការផ្តល់ជូនដបនិងការអប់រំផ្សព្វផ្សាយ។ ការចាប់ផ្តើមពីវិទ្យាល័យបន្ទាយស្រី ដែលជាសាលាគោលដៅគំរូរបស់ស្រុកមួយនេះ គឺជាចំនុចចាប់ផ្តើមដែលត្រឹមត្រូវ និងក្លាយទៅជាស្តង់ដាថ្មីនៃការលើកកម្ពស់ការយល់ដឹងអំពីបញ្ហាប្លាស្ទីកនៅក្នុងស្រុកផងដែរ។”៕

Leave a Reply

Your email address will not be published. Required fields are marked *