ប្រទះឃើញបដិមាព្រះសិរលោកេស្វរៈ អំឡុងពេលធ្វើកំណាយជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ
ទំព័រហ្វេកប៊ុករបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចុះផ្សាយអំពីការប្រទះឃើញបដិមាព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ ចំនួនមួយ ធ្វើពីថ្មភក់ ខណៈអ្នកជំនាញអាជ្ញាធរជាតិអប្សរាធ្វើកំណាយនៅក្នុងខ្លោងទ្វារចូលខាងកើតប្រាសាទតានៃជ្រុងនិរតី ដើម្បីស្វែងរកថ្មដំបូល ដែលធ្លាក់ចុះកប់ក្នុងគំនរថ្ម និងដីដំបូក ដើម្បីយកមកជួសជុលប្រាសាទ កាលពីព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០១៩ កន្លងមកនេះ។
បើតាមការបញ្ជាក់របស់លោក ស៊ា សុភារុន ប្រធានគម្រោងជួសជុលប្រាសាទតានៃ និងជាបុរាណវិទូនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យដឹងថា បដិមាព្រះសិរលោកេស្វរៈ ដែលក្រុមការងារជួសជុលខ្លោងទ្វារចូលខាងកើតប្រាសាទតានៃ ប្រទះឃើញ គឺមានត្រឹមតែព្រះសិរប៉ុណ្ណោះ មានរូបព្រះពុទ្ធនៅលើផ្នួងសក់ មានត្រចៀកខាងស្តាំ តែគ្មានខាងឆ្វេង ច្រមុះឆែប ព្រះភ័ក្ត្រម្ខាងខ្សុះរបកសាច់ថ្ម។
សភាពខូចខាតទាំងនេះ ជាបឋមមិនដឹងថាមកពីមូលហេតុអ្វីប្រាកដទេ តែអាចជាការប៉ះទង្គិចអ្វីមួយធ្វើឱ្យបែក ឬគុណភាពថ្មនៅលើថ្ពាល់ម្ខាងមិនសូវល្អ ទើបធ្វើឱ្យស្រទាប់ថ្មរបកចេញពីថ្ពាល់។ ម្យ៉ាងវិញទៀត ចម្លាក់មួយនេះ ក៏ប្រហែលមិនស្ថិតនៅទីតាំងនេះដែរកាលដើមឡើយ ព្រោះមិនមានភស្តុតាងណាមួយបញ្ជាក់ថាមានដងខ្លួននៅកន្លែងនេះដូចគ្នា។ លោក ឈូក សុម៉ាឡា មន្ត្រីទទួលបន្ទុកចុះបញ្ជីសារពើភណ្ឌបុរាណវត្ថុនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរនិងបុរាណវិទ្យាបង្ការនៃអាជ្ញាធរជាតិអប្សរា
បានចុះពិនិត្យ និងធ្វើការវាស់ទំហំព្រះសិរបដិមាព្រះពោធិសត្វលោកេសូរ បានឱ្យដឹងថា ព្រះសិរនេះធ្វើពីថ្មភក់ មានកម្ពស់ ៥៤ស.ម ទទឹង ២៧ស.ម និងកម្រាស់ ៣៦ស.ម។ ព្រះសិរព្រះពោធិសត្វលោកេសូរ ឬ លោកេស្វរៈ បច្ចុប្បន្នត្រូវបានក្រុមការងារយកមករក្សាទុកនៅអាជ្ញាធរជាតិអប្សរាបណ្តោះអាសន្ន ដើម្បីធ្វើការចុះបញ្ជី និងថតរូបទុកជាឯកសារ ព្រមទាំងរៀបចំបែបបទស្នើរយកទៅរក្សាទុកនៅ អភិរក្សដ្ឋានអង្គរ។
ចំពោះព្រះសិរលោកេសូរខាងលើនេះ លោក សុម៉ាឡា ក៏បញ្ជាក់ដែរថា ស្ថិតក្នុងរចនាបថបាយ័ន ប្រហែលពីចុងស.វ.ទី១២ និងដើមស.វ.ទី១៣ ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧។ លោកេសូ ឬ លោកេស្វរៈ គឺជាព្រះពោធិសត្វក្នុងពុទ្ធសាសនាមហាយាន ដែលមានករុណាធម៌កំពូលក្នុងការជួយសង្គ្រោះមនុស្សលោក។ ក្នុងសិល្បៈខ្មែរ យើងតែងឃើញចម្លាក់ប្រភេទនេះមានព្រះហស្ថ២, ៤ ឬ៨ ដោយមានកាន់កេតនភណ្ឌ ដូចជាខ្សែផ្គាំ គម្ពីរ ផ្កាឈូក និងថូ ព្រមទាំងឆ្លាក់រូបព្រះពោធិសត្វ អមិតាភៈ អង្គុយភាវនានៅលើផ្នួងសក់ ដូចគ្នានឹងបដិមាប្រាជ្ញាបារមិតាដែរ។
ប្រភព៖spktliv