ជប៉ុនចែកថវិកាជូនប្រជាជនក្នុងម្នាក់ៗជិត ១,០០០ដុល្លារ ដើម្បីស្តារសេដ្ឋកិច្ចចំពោះមុខបញ្ហា COVID-19

(តូក្យូ)៖ នាយករដ្ឋមន្ត្រីជប៉ុនលោក អាបេ ស៊ីនហ្សូ កាលពីថ្ងៃសុក្រសប្តាហ៍នេះបានប្រកាសថា រដ្ឋាភិបាលរបស់លោកនឹងផ្តល់ថវិកាចំនួន ១០០,០០០យ៉េន ដែលស្មើនឹង ៩៣០ដុល្លារអាមេរិកដល់ប្រជាពលរដ្ឋជប៉ុនគ្រប់រូប ដើម្បីជម្រុញសេដ្ឋកិច្ចឲ្យងើបមុខឡើងវិញ បន្ទាប់ពីប្រទេសដែលមានសេដ្ឋកិច្ចលំដាប់ទី ៣ របស់ពិភពលោកមួយនេះ បានរងផងប៉ះពាល់ធ្ងន់ធ្ងរដោយសារ COVID-19។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន CNA នាព្រឹកថ្ងៃសៅរ៍ ទី១៨ ខែមេសា ឆ្នាំ២០២០។

សេចក្តីប្រកាសខាងលើត្រូវបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានមួយ តាមកញ្ចក់ទូរទស្សន៍ជាតិកាលពីថ្ងៃសុក្រ ស្តីអំពីការសម្រេចចិត្តប្រកាស ដាក់ប្រទេសទាំងមូលក្នុងគ្រាអាសន្ន ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតជំងឺ COVID-19។ នៅក្នុងសន្និសីទកាសែតនេះ លោក អាបេ បានគូសបញ្ជាក់យ៉ាងដូច្នេះថា «យើងកំពុងរៀបចំដំណើរការ ដើម្បីប្រគល់កញ្ចប់ថវិកាទាំងនេះ ទៅដល់ដៃប្រជាជនទាំងអស់ ឲ្យបានលឿនបំផុតតាមតែអាចធ្វើទៅបាន»។

នៅក្នុងផែនការដំបូងរដ្ឋាភិបាលជប៉ុនគ្រោងថា នឹងផ្តល់ប្រាក់ឧបត្ថម្ភចំនួន ៣០០,០០០យ៉េនប៉ុណ្ណោះដល់គ្រួសារនិមួយៗ ដែលបានរងគ្រោះដោយផ្ទាល់ដោយសារជំងឺ COVID-19។ ប៉ុន្តែគម្រោងនេះបានលុបចោលទៅវិញ ដោយសម្រេចសារជាថ្មីថា គ្រប់ពលរដ្ឋជប៉ុនទាំងអស់នឹងទទួលបានប្រាក់ឧត្ថមចំនួន ១០០,០០០ យ៉េនក្នុងម្នាក់ៗតែម្តង។

បើតាមការបញ្ជាក់របស់រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុលោកថារ៉ូ អាសូ (Taro Aso) បានឲ្យថា រដ្ឋាភិបាលគ្រោងនឹងចាប់ផ្តើមផ្តល់ថវិកានេះ នៅដើមខែឧសភាខាងមុខនេះតែម្តង។

គួរជម្រាបថា ប្រទេសជប៉ុនដែលមានប្រជាជនសរុប ១២៦លាននាក់ បានរកឃើញករណីឆ្លង និងស្លាប់ដោយសារ COVID-19 តិចតួចបើប្រៀបធៀបនឹងបណ្តាប្រទេសអ៊ឺរ៉ុបមួយចំនួន ក៏ដូចជាប្រទេសសហរដ្ឋអាមេរិកជាដើម។ ប៉ុន្តែការផ្ទុះឡើងនៃចំនួនអ្នកឆ្លងថ្មីៗនៅទីក្រុងតូក្យូ រយៈពេលចុងក្រោយនេះ វាបានបង្កជាក្តីបារម្ភជាខ្លាំងសម្រាប់មេដឹកនាំជប៉ុន។ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះដែរ លោកនាយករដ្ឋមន្ត្រី អាបេ បានសម្រេចប្រកាសដាក់ ប្រទេសជប៉ុនទាំងមូលតែម្តង ទៅក្នុងគ្រាមានអាសន្ន ដោយសារស្ថានការណ៍ឆ្លងរាលដាលនៃជំងឺ COVID-19 នៅតែមិនមានភាពធូរស្រាល៕

ប្រភព៖freshnews

Leave a Reply

Your email address will not be published. Required fields are marked *