ព្រះបដិមាសីសៈចំនួន២ ត្រូវបានលើកចេញពីប្រឡាយទឹកនៅខ្លោងទ្វារខ្មោច

យោងតាមការចុះផ្សាយរបស់អាជ្ញាធរជាតិអប្សរា នាព្រឹកថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ នេះបានឲ្យដឹងថា ព្រះបដិមាសីសៈចំនួន២ មាន​ទេវតា​ចំនួន១ អសុរា (យក្ស) ចំនួន១ ដែលជាចម្លាក់ទាញព្រ័ត្រនៅខ្លោងទ្វារខ្មោច ត្រូវបានក្រុមការងារ​ចុះបញ្ជី​សារពើភណ្ឌវត្ថុសិល្បៈ និង​នគរបាលបេតិកភណ្ឌ ព្រមទាំងភ្នាក់ងារទេសចរណ៍នៃអាជ្ញាធរជាតិអប្សរា នាំគ្នាស្រង់យកចេញពីប្រឡាយទឹក​នៅខាងកើតខ្លោងទ្វារខ្មោច។

លោក ឈូក សុម៉ាឡា មន្ត្រីជំនាញចុះបញ្ជីសារពើភណ្ឌ​វត្ថុសិល្បៈនៃនាយកដ្ឋានអភិរក្សប្រាសាទក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបង្ការ ឱ្យ​ដឹង​ថា លក្ខណៈនៃព្រះបដិមាសីសៈទេវតា ដែលបានប្រទះឃើញនោះមាន ៤បំណែក គឺព្រះសីសៈទាំងមូលដាច់ត្រឹមមាត់ ហើយ​ខូចខាត​ផ្នួងសក់ បំណែកច្រមុះរបេះពីខ្ទង់ និងបំណែកទងត្រចៀកឆ្វេងស្តាំ។ ចំណែកអសុរាវិញ មានតែផ្នែកខាងក្រោយជាមួយក្បាច់លម្អសក់ និង​ពុំមានព្រះភក្ត្រទេ។

បើតាមការបញ្ជាក់របស់លោក សុម៉ាឡា បានឲ្យដឹងបន្ថែមទៀតថា ការប្រទះឃើញព្រះបដិមាសីសៈទាំង២ នៅក្នុងប្រឡាយទឹក មិនមែន​ជា​រឿងចៃដន្យនោះទេ ព្រោះវាបណ្តាលមកពីរចនាសម្ព័ន្ធ​ទូទៅនៃសំណង់ចម្លាក់ទាញព្រ័ត្រនោះ​បានខូចខាត​ដោយសារអាយុកាលនៃសំណង់ កត្តាធម្មជាតិ និងសង្គ្រាម ទើបធ្វើឱ្យចម្លាក់ទាំងនោះធ្លាក់ចូលក្នុងទឹក ដោយមានខ្លះកប់នៅក្នុងដី និងមានខ្លះនៅលើដីជាច្រើនទៀត។

គួរបញ្ជាក់ដែរថា ក្រោយធ្វើការប្រគល់ទទួលហើយ ព្រះបដិមាសីសៈទាំង២នេះ ត្រូវបានប្រគល់ជូនអាជ្ញាធរជាតិអប្សរា យកទៅរក្សាទុក​ជា​បណ្តោះអាសន្ន ដើម្បីចុះបញ្ជីសារពើភណ្ឌវត្ថុសិល្បៈ ហើយនឹងធ្វើការជួសជុល មុននឹងប្រគល់ទៅរក្សាទុកនៅសារមន្ទីរ។

ប្រភព៖spktliv

Leave a Reply

Your email address will not be published. Required fields are marked *