វេជ្ជបណ្ឌិត គួច ម៉េងលី ប្រាប់អ្នកកើត “តាអក” អាចប្រើ “អូសាវ៉ែល” ព្យាបាលបង្ក្រាបបាន
តាអក គឺជាជំងឺរមាស់ម្យ៉ាងដែលភាសាអង់គ្លេសហៅថា Eczema ។ ជំងឺរមាស់នេះ មានវត្តមាននៅកម្ពុជាជាយូរហើយ រហូតមកទល់នឹងបច្ចុប្បន្ន វានៅតែបន្តមានវត្តមានជាញឹកញាប់ចំពោះមនុស្ស មិនថាកូនក្មេង ចាស់ ប្រុស ឬស្រីឡើយ។ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ជំនាញសុខភាពសាធារណៈដែលបញ្ចប់សិក្សាពីសហរដ្ឋអាមេរិក បានមានប្រសាសន៍ថា តាអក ជាជំងឺស្បែករ៉ាំរ៉ៃបង្កឱ្យមានរមាស់ ក្រហាយ និងស្ងួតស្បែក ដែលមិនអាចព្យាបាលជាសះស្បើយ ហើយបើធ្លាក់ដល់ដំណាក់កាលធ្ងន់ធ្ងរ អាចឈានដល់រមាស់រលាត់ចេញឈាមក៏មាន។ ដូច្នេះជំងឺរមាស់រ៉ាំរ៉ៃបែបនេះ គេមិនគួរព្រងើយកន្តើយឡើយ។
លោកវេជ្ជបណ្ឌិត ពន្យល់ថា តាអក ឬ Eczema កើតចំពោះមនុស្សដែលមានប្រវត្តិជំងឺហ្សែន និងអ្នកឧស្សាហ៍ផ្ដាសាយញឹកញាប់ កើតហើត អាឡាក់ស៊ីជាដើម។ អាឡាក់ស៊ីដែលបណ្ដាលមកពីធូលីដី លម្អងផ្កា ចៃដី បាតេរី ពោលគឺទាក់ទងនឹងប្រតិកម្មពីសារធាតុខាងក្រៅ ដែលជាហេតុបង្កឱ្យស្បែកមានអាឡាក់ស៊ី ធ្វើស្បែកឡើងរោលពេញខ្លួនប្រាណ ស្បែកឡើងរមាស់ក្រាស់ដុំៗ រមាស់តាមគន្លាក់ដៃគន្លាក់ជើង ហើយភាគច្រើនឱ្យតែអាកាសធាតុក្ដៅហប់ បែកញើស និងស្មុគស្មាញខ្លាំង គឺដឹងតែឡើងរមាស់ហើយ។ បន្ថែមលើនេះ ការប្រើប្រាស់សាប៊ូលាងចាន សាប៊ូបោកខោអាវ សាប៊ូដុះខ្លួន សូម្បីតែការទទួលទានអាហារដូចជាពងមាន់ និងអាហារដែលងាយនឹងអាឡាក់ស៊ី ក៏កើតរមាស់ដែរ។ ជំងឺនេះរមាស់ខ្លាំងនឹងឡើងក្រហម ហើយបន្ទាប់មកប្រែទៅជាក្រម៉ៅស្ទើរតែស្រដៀងនឹងជំងឺស្រែងយ៉ាងដូច្នេះដែរ។
អ្វីដែលលោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី លើកឡើងនេះ គឺជាមូលហេតុនៃការកើតឡើងនៃជំងឺតាអក។ អ្នកកើតជំងឺនេះ ធ្វើឱ្យអ្នកនោះរមាស់ពិបាកទ្រាំ និងរំខាន់ដល់ការរស់នៅ។ លោកវេជ្ជបណ្ឌិតបញ្ជាក់ថា អ្នកកើតជំងឺនេះពីក្មេង ភាគច្រើនអាចបាត់ទៅវិញនៅពេលធំពេញវ័យឡើយ ប៉ុន្តែផលវិបាកវិញនោះ គឺថាធ្វើឱ្យក្មេងខ្សោយរៀនមិនទាន់គេ និងមិនងាយលូតលាស់ធំធាត់ឡើយ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ណែនាំឱ្យរក្សាស្បែកកុំឱ្យស្ងួត។ ដើម្បីថែរក្សាស្បែកកុំឱ្យស្ងួត គឺត្រូវឧស្សាហ៍លាបវ៉ាសេលីន (Vaseline) ហើយចៀងវាងប្រើសាប៊ូណាដែលងាយនឹងប្រតិកម្ម។ មួយវិញទៀត បើទោះបីជំងឺតាអកពុំអាចព្យាបាលជាសះស្បើយក៏ពិតមែន ប៉ុន្តែគេនៅតែអាចព្យាបាលបង្ក្រាបវាកុំឱ្យវាកើតឡើងបានដែរ។ វិធីព្យាបាលនោះ គឺការប្រើទឹកអូសាវ៉ែលកន្លះកែវលាយទឹកស្អាត១៥០លីត្រ ហើយងូតត្រាំដើម្បីសម្លាប់មេរោគ។ ជាងនេះទៅទៀត អ្នកជំងឺអាចប្រើថ្នាំសះលាយជាមួយនឹងថ្នាំរោគផ្សិត ហើយយកមកលាបញីៗ ទោះវាក្រាបបាត់មុខទៅវិញហើយក្ដី ក៏ត្រូវតែបន្តការលាបញីវារហូត ដើម្បីកាត់បន្ថយការឡើងរោលរមាស់ឡើងវិញ។ ទោះយ៉ាងណាក៏ដោយ រហូតមកដល់បច្ចុប្បន្នអ្នកវិទ្យាសាស្ត្របានរកឃើញថ្នាំចាក់ហើយ គឺថ្នាំ Monoclonal Antibody ប៉ុន្តែដោយសារតែថ្នាំនេះទើបតែនឹងរកឃើញ ដូច្នេះមិនទាន់មានប្រើជាផ្លូវការពេញលក្ខណៈនៅឡើយទេ៕
ប្រភព៖interconrooster