អ្នកនាំពាក្យក្រសួងសុខាភិបាល៖ «យើងមិនទាន់អាចបន្ធូរដៃបានទេ យើងអាចភ្លេចវីរុសកូវីដ១៩ តែវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ»
(ភ្នំពេញ)៖ បើទោះបីជាមកដល់ថ្ងៃទី២៥ ខែមេសានេះ អ្នកជំងឺកូវីដ១៩ នៅកម្ពុជា បានជាសះស្បើយសរុបចំនួន ១១៧នាក់ និងសល់អ្នកសម្រាកព្យាបាលតែ ៥នាក់ទៀតក៏ដោយ ក៏លោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល បានបញ្ជាក់ជាថ្មីថា យើងមិនត្រូវបន្ធូរដៃ ចំពោះជំងឺឆ្លងដ៏កាចសាហាវនេះនោះទេ។ នោះគឺយើងកុំភ្លេចថា យើងអាចភ្លេចវីរុសកូវីដ១៩ តែវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ។
លោកជំទាវ ឱ វណ្ណឌីន បានលើកឡើងថា «យើងមិនទាន់អាចបន្ធូរដៃបាននៅឡើយទេ ថ្វីត្បិតតែបងប្អូនប្រជាពលរដ្ឋយើង លោកហាក់ដូចជាបានចេញមកជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ក៏ពិតមែន ក៏ប៉ុន្តែវិធានការការពារ និងវិធានការនានា នៅតែមានសុពលភាព នៅតែដាក់ចេញឲ្យអនុវត្តជាធរមាន នៅឡើយទេ ដោយសារស្ថានភាពរបស់យើង ស្ថិតនៅក្នុងស្ថានភាពមួយ ដែលខ្ញុំតែងតែពន្យល់រួចហើយថា នៅផុយស្រួយណាស់ ថ្វីត្បិតតែយើងមិនបានមានការរកឃើញនូវករណីវិជ្ជមានថ្មី ហើយអ្នកព្យាបាលជាសះស្បើយ កាន់តែមានចំនួនកើនច្រើនឡើងក៏ពិតមែន ក៏ប៉ុន្តែនៅបណ្តាប្រទេសជុំវិញយើងនេះ ស្ថានភាពនៃជំងឺនេះ នៅតែបន្តវាយលុកនៅឡើយ ហើយបណ្តាប្រទេសនៅលើសកលលោកយើងនេះ ខ្ញុំប្រើពាក្យសាមញ្ញថា នៅចូកចាក។ អីចឹងស្ថានភាពនេះ ខ្ញុំធ្លាប់ពន្យល់ហើយ គឺបើសិនជាយើង មិនបន្តអនុវត្តនូវវិធានការការពារ ដែលយើងធ្លាប់បានដាក់ចេញទៅហើយ ហើយជាពិសេសបទបញ្ជាដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីទេនោះ ស្ថានភាពរបស់យើង នឹងអាចមានការវ៉ៃលុកពីវីរុស ១៩ ឡើងវិញ»។
លោកជំទាវ ឱ វណ្ណឌីន បញ្ជាក់ថា «យើងកុំភ្លេចថា យើងអាចភ្លេចវីរុសកូវីដ១៩ តែវីរុសកូវីដ១៩ មិនអាចភ្លេចយើងទេ។ ដូច្នេះកន្លែងនេះ ត្រូវតែចងចាំ។ ស្ថានភាពនេះ យើងនឹងមានការពិភាក្សាគ្នាជាបន្តបន្ទាប់ទៀតជាមួយអង្គការសុខភាពពិភពលោក មុននឹងមានវិធានការយ៉ាងណាៗទៀតនោះ។ អីចឹង កន្លែងនេះ ខ្ញុំសូមឲ្យអ្នកសារព័ត៌មាន ជួយពង្រឹង និងបញ្ជូនសារសំខាន់ៗ ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋ បន្តវិធានការការពារបុគ្គលរៀងៗខ្លួននេះ ឲ្យបានជាប់ជាប្រចាំ ដើម្បីយើងជៀសវាងការឆ្លងរាលដាលនៃជំងឺកូវីដ១៩»។