ស្ទើរតែមិនជឿថា ! ប្រទះឃើញគំនូរអាថ៌កំបាំងអាយុកាលជាង ៣០០០ឆ្នាំ និងហ្វូស៊ីលរាប់លានឆ្នាំលើទឹកដីខ្មែរ
រឿងរ៉ាវអាថ៌កំបាំងមានអាយុកាលរាប់ពាន់ឆ្នាំ បានរកឃើញជាបន្តបន្ទាប់នៅកម្ពុជា។ បច្ចុប្បន្នក្រុមអ្នកស្រាវជ្រាវកំពុងសិក្សាលើសំណាកទាំងនោះ និងមិនទាន់អាចបកស្រាយលម្អិតបាននៅឡើយទេ ខណៈរឿងខ្លះមានប្រវត្តិរាប់លានឆ្នាំទាក់ទងនឹងការកកើតទឹកដីកម្ពុជាទៀតផង។
១. រកឃើញហ្វូស៊ីល អាយុរាប់លានឆ្នាំ បង្កប់អាថ៌កំបាំងការកកើតប្រទេសកម្ពុជា
កាលពីខែកញ្ញា ឆ្នាំ២០១៧ ក្រុមស្រាវជ្រាវ នៃនាយកបេតិកភណ្ឌ នៃក្រសួងបរិស្ថានបានរកឃើញហ្វូស៊ីល ខ្យង គ្រំ និងងាវសមុទ្រក្នុងដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព ក្នុងខេត្តព្រះវិហារដែលអាចមានអាយុរាប់លានឆ្នាំ។ពេលនោះ លឹម វណ្ណច័ន្ទ អនុប្រធានការិយាល័យអប់រំផ្សព្វផ្សាយនៃក្រសួងបរិស្ថាន លើកឡើងថា “តាមរយៈនៃការរកឃើញនេះ ក្រុមបច្ចេកទេសអាចសន្និដ្ឋានថា ប្រទេសកម្ពុជាអាចធ្លាប់ជាបាតសមុទ្រ”។
ដោយសារតែកង្វះអ្នកជំនាញហ្វូស៊ីលនេះនៅមិនអាចវាស់អាយុកាលពិតប្រាកដនៅឡើយទេ ប៉ុន្តែលោកអាចសន្និដ្ឋានបានថា ហ្វូស៊ីលនេះមានអាយុមិនតិចជាងរាប់លានឆ្នាំនោះទេ។ដុំហ្វូសីលទាំងនោះមានរាងជាដុំថ្ម ដែលមានផ្ដុំទៅដោយងាវសមុទ្រ ងាវ ឬក៏គ្រំដែលត្រូវបានរកឃើញនៅលើទួលមួយក្នុងភូមិសាស្ត្រនៃដែនជម្រកសត្វព្រៃគូលែនព្រហ្មទេព។ លោក លឹម វណ្ណច័ន្ទ បានរំពឹងថា ប្រសិនទីតាំងនេះតំបន់ដែលរកឃើញហ្វូស៊ីលត្រូវបានសិក្សាធ្វើកំណាយនោះ វានឹងនាំទៅដល់ការស្វែងយល់ពីភាពចំណាស់នៃទឹកដីរបស់កម្ពុជា ហើយអាចស្វែងយល់ពីប្រភេទសត្វដែលមានប្រវត្តិក្នុងប្រទេសកម្ពុជា។
២. រកឃើញគំនូរអាយុជាង ៣០០០ឆ្នាំនៅកម្ពុជាក្នុងតំបន់មួយគ្មានមនុស្សទៅដល់
កាលពីចុងឆ្នាំ២០១៧ ក្រុមសិក្សាស្រាវជ្រាវឧទ្យានុរក្សបានទៅកាន់កន្លែងគំនូរប្រវត្តិសាស្ត្ររបស់មនុស្សមានអាយុកាលជាង៣០០០ឆ្នាំនៅចំណុចក្រសាំង-កាណម តំបន់ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ស្ថិតនៅឃុំរកាត ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។មន្ត្រីឧទ្យានុរក្សបានចុះដល់ទីតាំងដើម្បីពិនិត្យ ទីតាំងនោះមិនមានប្រជាជនណាបានមកដល់កន្លែងនេះនៅឡើយទេព្រោះទីតាំងស្ថិតក្នុងព្រៃស្រោងឆ្ងាយពីភូមិ ផ្លូវលំបាកខ្លាំង។
តាមការបញ្ជាក់របស់លោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បះខេត្តបានបញ្ជាក់ថា ក្រុមការងារបច្ចេកទេសរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បះបានទៅសិក្សាទីតាំងនេះដោយបញ្ជាក់ថាគំនូរនេះមានអាយុកាលប្រហែលជាង៣០០០ឆ្នាំមកហើយ និងបន្តស្រាវជ្រាវតាមលក្ខណៈវិទ្យាសាស្ត្របន្ថែមទៀត។