អត្ថបទ​​តឿន​សតិ៖ ចង់​អ្នក​ណា​មើល​ងាយ​អី​មើល​ទៅ កុំ​ឲ្យ​តែ​យើង​មើល​ងាយ​ខ្លួន​ឯង!

ធ្លាប់​ឮគេ​​និយាយ​អត់​ថា ជីវិត​មនុស្ស​យើង មាន​ឡើង មាន​ចុះ…

ពេល​វា​​ឡើង​យើង​នឹង​មាន​ក្ដី​សុខ​ក្នុង​ជីវិត គ្រប់​យ៉ាង​ស្រស់​បំព្រង ជុំវិញ​ខ្លួន​មាន​តែ​ក្ដី​ស្រលាញ់ និយាយ​អ្វី​ជាមួយ​អ្នក​ណា ក៏​គេ​ស្ដាប់ គេ​ជឿ​ទុកចិត្ត។ ប៉ុន្តែ​បើ​ក្រឡេក​មើល​ជ្រុង​ម្ខាង​ទៀត​នៃ​ជីវិត នៅ​ខណៈ​ដែល​យើង​កំពុង​ជួប​ព្យុះភ្លៀង​ធ្ងន់ធ្ងរ ពាក្យ​សម្ដី​របស់​យើង​ស្ទើរ​តែ​គ្មាន​ន័យ​​ចំពោះ​នរណា​ម្នាក់​ទាល់តែ​សោះ ធ្វើ​អ្វី​ក៏​ខុស ជុំវិញ​ខ្លួន​យើង​ហាក់​មាន​តែ​ពណ៌​ខ្មៅ។ ជីវិត​យើង​ដុនដាប​ខ្លាំង រហូត​មិន​ចង់​តស៊ូ​បន្ត​សោះ​ឡើយ។

សាក​មើល អ្វី​ដែល​ស្ថិត​ក្នុង​រូប​នេះ បើ​យើង​​កំពុង​ធ្លាក់​ក្នុង​រណ្ដៅ​មួយ ហើយ​រក​អ្នក​ណា​ជួយ​មិន​បាន​សោះ តើ​គួរ​ជ្រើសរើស​ដំណោះ​ស្រាយ​មួយ​ណា​រវាង​ “អង្គុយ​យំ​រង់​ចាំ​សេចក្ដី​ស្លាប់” ឬ “ធ្វើ​អ្វី​គ្រប់​យ៉ាង​ដើម្បី​រួច​ជីវិត បើ​ទោះ​ជា​អ្វី​ដែល​យើង​ធ្វើ មើល​ទៅ​អន់ ទាប​ជាង​អ្នក​ដទៃ អាច​ជា​វិធី​ដែល​​មិន​ងាយ​​ហុច​ផល​ អាច​នឹង​ត្រូវ​ខ្មាស​អ្នក​ដទៃ…” ?

 

ប៉ុន្តែ​ជឿ​ទៅ បើ​យើង​​អាច​ឡើង​ពី​រណ្ដៅ​នេះ​រួច យើង​​នឹង​ក្លាយ​ជា​មនុស្ស​អស្ចារ្យ ​ក្លាយ​ជា​មនុស្ស​ពូកែ ដោយ​មិន​ចាំ​បាច់​យក​ពាក្យ​សម្ដី​អ្នក​ដទៃ​មក​ទុក​ក្នុង​ត្រចៀក​ឡើយ ព្រោះ​ជោគជ័យ​របស់​យើង​នឹង​ធ្វើ​ឲ្យ​ពាក្យ​មើល​ងាយ​ទាំង​នោះ​សាបរលាប​ដោយ​ឯកឯង។

ខ្ញុំ​ធ្លាប់​​ឆ្លង​កាត់​បញ្ហា​បាន ហើយ​គ្រប់​គ្នា​ក៏​អាច​ឆ្លង​ផុតដែរ!

ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ផ្លូវ​ជីវិត​មហា​រដិបរដុប សម្រេច​ចិត្ត​ធ្វើ​អី គឺ​ត្រូវ​ធ្វើ​ដោយ​ខ្លួន​ឯង​រហូត ធ្វើ​១០​យ៉ាង ភ្លាត់​ស្នៀត​ទាំង​ ១០​យ៉ាង ជីវិត​មិន​មែន​ចាប់​ផ្ដើម​ពី​សូន្យ​ទេ ប៉ុន្តែ​គឺ​ដក​សូន្យ​ទៅ​ទៀត។ តែ​យ៉ាង​ណា​ត្រូវ​តែ​តាំង​សតិ​ហើយ​ស៊ូ ស្រវេស្រវា​យ៉ាង​ម៉េច​ឲ្យ​ខ្លួន​ឯង​ផុត​ពី​រណ្ដៅ​បញ្ហា​បាន។ អារម្មណ៍​ដែល​ងើប​ផុត​ពី​រណ្ដៅ​មួយ គឺ​ជា​អារម្មណ៍​អស្ចារ្យ និង​រីក​រាយ​បំផុត ហើយ​វា​នឹង​ជា​កម្លាំង​ជំរុញ​ចិត្ត​ឲ្យ​យើង​តស៊ូ​ជម្នះ​បន្ត​ទៀត។

អ្នក​​ទាំង​អស់​គ្នា​សំណាង​ខ្លាំង​ណាស់​ដែល​បាន​ប្រឡូក​រសជាតិ​ជីវិត​បែប​នេះ។ អ្នក​​នឹង​ទទួល​បាន​​អ្វី​ជា​ច្រើន​ពី​មេរៀន​នេះ អ្នក​នឹង​បាន​ដឹង​ធាតុ​ពិត​របស់​មនុស្ស​នៅ​ជុំវិញ​ខ្លួន… ដែល​អាច​និយាយ​បាន​ថា​វា​ជា​ផ្លូវ​ដែល​ចម្រាញ់​​ឲ្យ​អ្នក​ទទួល​បាន​មិត្ត​ដែល​ល្អ​បំផុត​​ទោះ​បី​មាន​លុយ​ប៉ុណ្ណា​ក៏​មិន​អាច​ទិញ​បាន ៕

Leave a Reply

Your email address will not be published. Required fields are marked *

shares