ប្រធានសមាគម៖ គ្រឹះស្ថានអប់រំឯកជននឹងបិទទ្វារ បើបញ្ហាកូវីដ១៩ នៅយូរទៀត

(ភ្នំពេញ)៖ ជំងឺកូវីដ១៩ ដែលរាតត្បាតនៅក្នុងប្រទេសកម្ពុជារយៈពេលប្រមាណ៤ខែកន្លងមកនេះ មិនត្រឹមតែធ្វើឱ្យខ្ទេចខ្ទាំដល់សេដ្ឋកិច្ចជាតិ និងជីវភាពរបស់ប្រជាពលរដ្ឋនោះទេ គ្រឹះស្ថានអប់រំឯកជននៅក្នុងប្រទេសកម្ពុជាក៏បាននិងកំពុងរង្គោះរង្កើផងដែរ។

នៅក្នុងបទសម្ភាសជាមួយអង្គភាពព័ត៌មាន Fresh News លោក ហេង វ៉ាន់ដា ប្រធានសមាគមគ្រឹះស្ថានឧត្តមសិក្សា បានឱ្យដឹងថា ចាប់តាំងពីរាជរដ្ឋាភិបាលសម្រេចបិទទ្វារសាលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩កាលពីខែមីនាមកនោះ ធ្វើឱ្យគ្រឹះស្ថានអប់រំឯកជនបាត់បង់ចំណូលពីការបង់ថ្លៃឈ្នួលរបស់សិស្សរហូតដល់៨០ភាគរយ។

ប្រធានសមាគមគ្រឹះស្ថានអប់រំឯកជន ដែលមានគ្រឹះស្ថានអប់រំជាសមាជិករហូតដល់១១៣គ្រឹះស្ថាន បានលើកឡើងថា បើទោះបីសាលាប្រឹងប្រែងផ្លាស់ប្តូរការបង្រៀនតាមអនឡាញយ៉ាងណាក្តី តែអាណាព្យាបាលជាច្រើនបានសម្រេចចិត្តមិនបង់ថ្លៃសិក្សា ហើយអាណាព្យាបាលខ្លះបញ្ឈប់ការសិក្សារបស់កូនតែម្តង។

ក្រៅពីការបាត់បង់ចំណូលដែលបានមកពីការបង់ថ្លៃសិក្សាហើយនោះ គ្រឹះស្ថានអប់រំឯកជនត្រូវប្រឈមជាមួយនឹងការចំណាយថ្លៃបុគ្គលិក និងការបង់បំណុលធនាគារផងដែរ។

លោក ហេង វ៉ាន់ដា បានអះអាងថា បើទោះបីសាលាមិនបានបើកទ្វារបង្រៀនក៏ដោយ តែសាលាមិនបានកាត់បុគ្គលិក ឬកាត់គ្រូនោះឡើយ ព្រោះរាជរដ្ឋាភិបាលប្រកាសឱ្យបើកទ្វារសាលាបង្រៀនឡើងវិញ ពិបាកទៅរកបុគ្គលិក ឬគ្រូបង្រៀន។ ដូច្នេះការចំណាយចរន្តប្រចាំខែរបស់សាលាមិនបានកាត់បន្ថយនោះឡើយ ខណៈដែលចំណូលបានបាត់បង់ដែលជាហេតុនាំផលលំបាកសម្រាប់សាលា។

លោក វ៉ាន់ដា ក៏បានលើកឡើងទៀតថា ក្រៅការចំណាយសម្រាប់បុគ្គលិក និងគ្រូបង្រៀនហើយនោះ គ្រឹះស្ថានអប់រំឯកជនទាំងអស់ គឺសុទ្ធតែជាប់បំណុលធនាគារ ដែលបានខ្ចីមកវិនិយោគលើការអប់រំរបស់ខ្លួនផងដែរ។


សម្រាប់លោក ហេង វ៉ាន់ដា បានមើលឃើញថា បើបញ្ហាបង្កឡើងដោយជំងឺកូវីដ១៩នៅតែបន្តអូសបន្លាយបែបនេះ គ្រឹះស្ថានអប់រំឯកជនមិនអាចទ្រាំបាននោះឡើយ ហើយអាចប្រឈមនឹងការបិទទ្វារជាក់ជាមិនខាន។

«បើសិនជាកូវីដគ្មានដែនកំណត់ ហើយសង្ឃឹមថ្ងៃចូលរៀនវិញមិនអាចកំណត់បាន គ្មាននរណាមួយយកលុយ២០ម៉ឺន ៣០ម៉ឺន ៤០ម៉ឺន ទៅចំណាយបុគ្គលិកទេ។ មិនបាច់គិតអីច្រើនទេ ឧទាហរណ៍កូវីដមិនដឹងពេលណា ខែ៥ ខែ៦ គិតមើលបែបទៅមិនរួច នរណាយកលុយទៅចំណាយបុគ្គលិកចោល។ យ៉ាងច្រើនខែ៥ ខែ៦ហ្នឹង ខ្ញុំជឿជាក់ថា ទៅបណ្តើរៗហើយ ដោយស្ងៀមស្ងាត់មិនចាំបាច់នរណាបង្ខំទេ។ អ្នកដែលនៅ គឺអ្នកមានលុយបម្រុងច្រើននៅបាន។ និយាយឱ្យចំគ្មាននរណាសុខចិត្តយកលុយទៅចាយទៅលើចំណូលដែលគ្មានភាពប្រាកដប្រជាចូលមកវិណខែណានោះទេ»។ លោក ហេង វ៉ាន់ដា បញ្ជាក់។

គ្រឹះស្ថានអប់រំឯកជន ត្រូវបានគេមើលឃើញថាចូលរួមចំណែកយ៉ាងសំខាន់ជាមួយរាជរដ្ឋាភិបាលក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះក្នុងការអភិវឌ្ឍវិស័យអប់រំនៅកម្ពុជា។ គ្រឹះស្ថានអប់រំឯកជន ក៏បានរួមចំណែកធ្វើសមត្ថភាពចំណេះដឹងរបស់កុលបុត្រកុលធីតាខ្មែរមានការវិវឌ្ឍល្អប្រសើរផងដែរក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានចាត់ទុកគ្រឹះស្ថានអប់រំឯកជន ជាដៃគូអប់រំដ៏ល្អប្រសើរមួយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍវិស័យអប់រំ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏តែងតែយកចិត្តទុកដាក់ខ្ពស់ជួយសម្របសម្រួលដល់ដំណើរការរបស់គ្រឹះស្ថានអប់រំឯកជននេះផងដែរ។

បើសិនវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ ធ្វើឱ្យគ្រឹះស្ថានអប់រំឯកជនត្រូវដួលរលំដូចការបារម្ភរបស់ម្ចាស់គ្រឹះស្ថានមែននោះ គឺជារឿងមួយអាណោចអាធមណាស់។

លោក ហេង វ៉ាន់ដា បានថ្លែងថា​ គ្រឹះស្ថានសិក្សាឯកជនពឹងអាស្រ័យធំទៅលើថ្លៃឈ្នួលសិក្សាពីសិស្ស ដូច្នេះដើម្បីឱ្យគ្រឹះស្ថានសិក្សាបន្តឈរជើងបាន មានតែការចូលរួមសហការពីអាណាព្យាបាលតែប៉ុណ្ណោះ។

លោក វ៉ាន់ដា បានទទូចដល់អាណាព្យាបាលសិស្សទាំងអស់ចូលរួមគាំទ្រដល់គ្រឹះស្ថានអប់រំ ដោយបន្តជួយបង់ថ្លៃសិក្សា ដើម្បីជួយរក្សាដល់ដំណើរការរបស់សាលា ដែលបានប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនយ៉ាងលំបាកក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

ប្រភព៖freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *