មូលហេតុ ដែលគេតែងតែដាក់ ផ្កា ទៀន និង ធូប ក្នុងដៃសព តាមពិតមកពីមានរឿងអ៊ីចឹងសោះ !
ជាទូទៅមិនថា នៅអតីតកាល ឬ បច្ចុប្បន្នឡើយ នៅពេលមានមនុស្សស្លាប់ យើងគ្រប់គ្នាតែងតែឃើញគេរៀបចំនូវទៀន ធូប និង ផ្កា ចងជាបាច់ ឬ មួយដុំដាក់ក្នុងដៃបុគ្គលអ្នកដែលស្លាប់នោះ ។ តើអ្នកឆ្ងល់ទេ ហេតុអ្វីបានជាមានការធ្វើបែបនេះឡើង ? តើគេធ្វើបែបនេះដើម្បីអ្វី ? ហើយតើជំនឿដាក់ទៀន ធូប និង ផ្កា ក្នុងដៃបុគ្កលស្លាប់នោះ មានអត្ថន័យយ៉ាងដូចម្តេចដែរ ?។
ដើម្បីជាក់ច្បាស់ នាថ្ងៃនេះ យើងសូមបង្ហាញពីហេតុផល ក៏ដូចជាអត្ថន័យខ្លះៗក្នុងជំនឿខ្មែរបុរាណ មកជូនប្រិយមិត្តអ្នកអានឱ្យបានជ្រាប តាមរយៈរឿងដំណាលពីបុរាណកាលរបស់ខ្មែរមួយ ដែលរឿងនោះមានដំណាលដូចតទៅ ៖
«កាលពីមុនមានភិក្ខុមួយព្រះអង្គ (មិនបានបញ្ជាក់ឈ្មោះពិត) លោកមានញោមប្រុសម្នាក់ ដែលញោមប្រុសរបស់លោកគឺជាព្រានព្រៃ សម្លាប់សត្វច្រើនណាស់តាំងពីក្មេងរហូតដល់ចាស់ ។ លុះវេលាជិតនឹងស្លាប់ ញោមប្រុសរបស់ព្រះភិក្ខុនោះបានភ្លឹកស្មារតីទៅឃើញសត្វដែលខ្លួនបានសម្លាប់ដោយអកុសលចិត្ត ក៏ស្រែប្រាប់ឱ្យភិក្ខុជាកូនជួយ ។ ភិក្ខុជាកូនដឹងថា ញោមជាឪពុកមានកម្មច្រើន បានជាភ្លឹកទៅឃើញសត្វធាតុដូច្នេះ ទើបចាត់មនុស្សឱ្យទៅរកផ្កា ទៀន និង ធូប យកមករៀបចំដាក់ក្នុងដៃញោមប្រុស រួចប្រាប់ថា «ចូរញោមខំសម្លឹងមើលផ្កា ទៀន និង ធូប ជាគ្រឿងបូជាព្រះរតនត្រ័យនេះឱ្យជាប់» ។ ញោមប្រុសនៃភិក្ខុនោះ ក៏កើតសទ្ធាជ្រះថ្លា មានចិត្តជាកុសល ក៏ធ្វើតាមពាក្យកូន ។ លុះដល់ស្លាប់ទៅ គាត់ក៏បានកើតនៅនាស្ថានសួគ៌» ។
ដោយសារតែមានជំនឿដូចក្នុងរឿងព្រេងបុរាណនោះហើយ ទើបបានជាមនុស្សជាន់ក្រោយធ្វើតាមតៗគ្នារៀងរហូតមក ដោយប្រាថ្នាឱ្យអ្នកជំងឺយកគុណព្រះរតនត្រ័យជាទីពឹង ហើយទំនៀមដាក់ទៀន ធូប និង ផ្កា ដាក់ក្នុងដៃបុគ្គលអ្នកស្លាប់នោះ ក៏ត្រូវបានខ្មែរជំនាន់ក្រោយធ្វើជាប់តៗគ្នារហូតមកដល់សព្វថ្ងៃនេះតែម្តងទៅ ។
សម្រាប់រឿងដំណាលខាងលើនេះ យើងបានដកស្រង់ចេញពីសៀវភៅ «ប្រជុំរឿងព្រេងខ្មែរ ភាគទី ៩» ដែលបោះពុម្ពផ្សាយឡើងវិញតាមច្បាប់ដើម ដោយគ្រឹះស្ថានបោះពុម្ព និង ចែកផ្សាយនៃក្រសួងអប់រំ យុវជន និង កីឡា នាឆ្នាំ ២០០៩ ។
ប្រភព៖cambodiapluz