ឪពុកចង់ជជែកលេងជាមួយកូន បែរកូនរវល់គ្មាន​ថ្ងៃលស់ ទីបំផុតទើប​ស្ដាយក្រោយ

ឪពុក​របស់​ខ្ញុំ​តែង​តែ​ដើរ​តួ​ជា​ជាង​ជួស​ជុល​របស់​​របរ​ស្ទើរ​គ្រប់​បែប​យ៉ាង​នៅ​ក្នុង​ផ្ទះ ​ហើយ​រាល់​ពេល​ដែល​គាត់​កំពុង​ជួស​ជុល គាត់​តែង​តែ​ប្រើ​ឲ្យ​យក​នេះ ​ឲ្យ​យក​នោះ​ ​ដូច្នេះ​យើង​អាច​ចាប់​ផ្ដើម​និយាយ​គ្នា​លេង។

ខ្ញុំ​មិន​ដែល​ឃើញ​ឪពុក​របស់​ខ្ញុំ​ផឹក​ស្រា ឬ​ដើរ​លេង​យប់​ជាមួយ​មិត្តភ័ក្ដិ​​ទេ អ្វី​ដែល​គាត់​​ធ្វើ​រាល់​ថ្ងៃ​ គឺ​ដើម្បី​ក្រុម​គ្រួសារ​ទាំង​អស់។ ពេល​វេលា​របស់​​គាត់​មួយ​នាទី​​ៗ ​ពិត​ជា​មាន​តម្លៃ​សម្រាប់​កូន ​និង​ម៉ាក់​ខ្លាំង​ណាស់។

​នៅ​ពេល​ខ្ញុំ​ធំឡើង ​ខ្ញុំ​បាន​ចាក​ចេញ​ពី​ផ្ទះ​ដើម្បី​រៀន​បន្ត​ថ្នាក់​មហាវិទ្យាល័យ​នៅ​ទីក្រុង​ដែល​​ត្រូវ​ឃ្លាត​​ឆ្ងាយ​ពី​ស្រុក​កំណើត។ ចាប់​តាំង​ពី​ពេល​នោះ​មក ​កាល​ទើប​បែក​​ពី​គាត់​ថ្មី​ៗ គាត់​តែង​តែ​ទូរសព្ទ​មក​លេង​ខ្ញុំ​ជា​និច្ច​ រៀង​រាល់​ថ្ងៃ​ឈប់​សម្រាក។

ជា​ច្រើន​ឆ្នាំ​កន្លង​ផុត​ទៅ​ ខ្ញុំ​បាន​រៀប​ការ រួច​ទិញ​​ផ្ទះ​បាន​​មួយ​កន្លែង។ ​ក្រោយ​​ទទួល​ដំណឹង​ទិញ​ផ្ទះ​នេះ ​គាត់​បាន​ធ្វើ​ដំណើរ​ទៅ​ដល់​ផ្ទះ​របស់​ខ្ញុំ និង​ជួយ​លាប​ថ្នាំ​ផ្ទះ​រយៈ​ពេល​ដល់​ទៅ ៣​ថ្ងៃ​ក្រោម​កម្ដៅ​ថ្ងៃ​ដ៏​ក្ដៅ។ គាត់​នៅ​តែ​ចិញ្ចឹម​ចិត្ត​ចង់​ប្រើ​ខ្ញុំ​ឲ្យ​​យក​របស់​នេះ​ របស់​នោះ​ដដែល​ដូច​ជា ​កាន់​ធុង​ថ្នាំ ឬ​យក​ឧបករណ៍​លាប​ថ្នាំ​​ផ្ទះ​ ដើម្បី​ឲ្យ​បាន​ជជែក​​លេង​ជា​មួយ​គាត់។ ប៉ុន្តែ​នៅ​ថ្ងៃ​នោះ ខ្ញុំ​រវល់​ខ្លាំង​ក៏​មិន​បាន​និយាយ​លេង​ជាមួយ​គាត់​បាន​ច្រើន​ឡើយ។​មិន​យូរ​ប៉ុន្មាន ឪពុក​ខ្ញុំ​បាន​​មក​លេង​ផ្ទះ​របស់​ខ្ញុំ​ទៀត ពេល​នោះ​ខ្ញុំ​មាន​កូន​ស្រី​​ម្នាក់​ហើយ។ ពេល​គាត់​កំពុង​លេង ជាមួយ​ចៅ​ស្រី ​គាត់​ព្យាយាម​ប្រើ​ខ្ញុំ​ឲ្យ​យក​ទឹក​តែ​មួយ​កែវ​ជូន​គាត់ រួច​បាន​ជជែក​គ្នា​លេង។ និយាយ​មិន​បាន​​យូរ​ប៉ុន្មាន ខ្ញុំ​ក៏​សុំ​គាត់​ចេញ​ទៅ​រៀប​ឥវ៉ាន់​សម្រាប់​ដើរ​លម្ហែ​នៅ​ថ្ងៃ​បន្ទាប់។

​ស្អែក​ឡើង​ គាត់​ក៏​ត្រលប់​​ទៅ​ផ្ទះ​វិញ ហើយ​ខ្ញុំ​ក៏​ទៅ​ដើរ​កម្សាន្ត​នៅ​ថ្ងៃ​ចុង​សប្ដាហ៍​​ជាមួយ​កូន​ និង​​ប្ដី។ ពីរ​បី​ថ្ងៃ​ក្រោយ ​គាត់​បាន​ទូរសព្ទ​មក​ទៀត ហើយ​យើង​​បាន​​ជជែក​គ្នា​លេង​​ធម្មតា​ តែ​សន្ទនា​គ្នា​មិន​បាន​ប៉ុន្មាន​ផង ខ្ញុំ​ក៏​មាន​ការ​​បន្ទាន់​ភ្លាម។

នៅ​រយៈ​ពេល​បី​បួន​ម៉ោង​ក្រោយ ខ្ញុំ​បាន​ទទួល​ដំណឹង​ពី​គ្រួសារ​នៅ​ស្រុក​​ តែ​ជា​ដំណឹង​មិន​ល្អ គឺ​ឪពុក​ខ្ញុំ​កំពុង​នៅ​មន្ទីរពេទ្យ​ដោយ​សារ​​ជំងឺ​​ទាក់​ទង​នឹង​សរសៃឈាម​ធ្ងន់ធ្ងរ។ ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​រក​គាត់​ភ្លាម​នៅ​មន្ទីរពេទ្យ ហើយ​ក៏​នឹក​គិត​ថា ខ្ញុំ​ខ្លួន​ឯង​បាន​ខក​ខាន​ជជែក​លេង​​ជាមួយ​គាត់​ច្រើន​ដង​ណាស់ បើ​បាន​ទៅ​ជួប​គាត់​លើក​នេះ​នឹង​និយាយ​លេង​ជាមួយ​គាត់​ឲ្យ​បាន​យូរ​ម្ដង។

នៅ​ពេល​ខ្ញុំ​ទៅ​ដល់​មន្ទីរពេទ្យ អ្វី​ៗ​ខុស​ពី​ការ​រំពឹង​ទុក​ទៅ​វិញ​ ឪពុក​ជា​ទី​ស្រលាញ់​របស់​ខ្ញុំ​បាន​លាចាក​លោក​បាត់​ទៅ​ហើយ​​ទាំង​មិន​ទាន់​ដង្ហើម​ចុង​ក្រោយ​​របស់​គាត់​ផង។ ពេល​នោះ​ ខ្ញុំ​មាន​អារម្មណ៍​សោក​ស្ដាយ កើត​​វិប្បដិសារី និង​ចង់​ឲ្យ​ពេល​វេលា​ដើរ​ត្រលប់​ក្រោយ​វិញ ព្រោះ​ខ្ញុំ​​លែង​បាន​ជជែក​លេង​​ជាមួយ​គាត់​ជា​រៀង​រហូត​ហើយ។ ខ្ញុំ​ដឹង​ថា ខ្ញុំ​បាន​ធ្វើ​ខុស​ចំពោះ​គាត់​ខ្លាំង​ណាស់។

ក្រោយ​មរណភាព​របស់​គាត់​ ខ្ញុំ​បាន​ដឹង​ច្រើន​ពី​គាត់ និង​ខ្លួន​ឯង ជា​ពិសេស​រឿងរ៉ាវ​គ្រប់​យ៉ាង​ដែល​គាត់​ចេះ​តែ​ព្យាយាម​ប្រើ​ខ្ញុំ៕

តម្លៃ​អប់រំ​រឿង៖ ឪពុកម្ដាយ​គ្រប់​រូប​តែង​តែ​ចង់​នៅ​ក្បែរ​កូន ​និយាយ​លេង​ជាមួយ​កូន និង​អប់រំ​ទូន្មាន​​ប្រៀន​ប្រដៅ​កូន ព្រោះ​ខ្លាច​កូន​ដើរ​ផ្លូវ​ខុស​ ប្រព្រឹត្តិ​អំពើ​មិន​គប្បី។ លោក​ទាំង​ពីរ​សប្បាយ​ចិត្ត​បំផុត ពេល​ឃើញ​កូន​ស្រី​ប្រុស​​ជា​មនុស្ស​ល្អ​ក្នុង​សង្គម ព្រោះ​ក៏​ជា​មុខ​មាត់​របស់​ឪពុក​ម្ដាយ​ និង​ក្រុម​គ្រួសារ​ដែរ។ ការ​ជជែក​លេង​ជាមួយ​កូន​ៗ​ គឺ​ដើម្បី​បង្កើន​ភាព​ជិត​ស្និត​រវាង​ឪពុក​ម្ដាយ​ជាមួយ​កូន ពេល​កូន​មាន​​បញ្ហា​ណា​មួយ​ ពួក​គេ​អាច​ប្រាប់​ឪពុក​ម្ដាយ​ឲ្យ​ជួយ​ដោះ​ស្រាយ​បាន​ ពុំ​ចាំ​ដល់​ស្ថានការណ៍​ធ្ងន់ធ្ងរ។

Leave a Reply

Your email address will not be published. Required fields are marked *