នារី​ម្នាក់​ជិះ​ម៉ូតូ​តាម​ចោរ​ឆក់​ទូរសព្ទ ក៏ប៉ះនឹង​រថយន្ត​ដួលសន្លប់ស្តូក​ឆែក​ក្នុង​កែប​ម៉ូតូមាន លុយជិត៤ម៉ឺនដុល្លារតែ…

នារី​រងគ្រោះ​ម្នាក់​កំពុង​ជិះ​ម៉ូតូ​ផង​និយាយ​ទូរសព្ទផង​ ក៏​ត្រូវ​ចោរ​ឆក់​ ភ្លាមៗនារី​រងគ្រោះ បាន​ជិះ​ដេញ​តាម​ចាប់​ចោរ​ ក៏​ប៉ះ​នឹង​រថយន្ត​បណ្ដាលឲ្យ​ដួល​សន្លប់​ស្តូកស្តឹង​ ត្រូវ​បាន​គេ​ហៅ​រថយន្ត​មក​សង្គ្រោះ​ ស្រាប់​តែ​គេ​ប្រទះ​ឃើញ​លុយ​ក្នុង​ខ្លុប​ម៉ូតូ​ប្រមាណ​៣៧០០០ដុល្លារ។

ហេតុ​ការណ៍​នេះ​កើតឡើង វេលា​ម៉ោង​ប្រមាណ ១០និង២០នាទី​យប់​ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២០ នៅ​តាម​បណ្ដោយ​ផ្លូវ​សហព័ន្ធ​រុស្ស៊ី​ ស្ថិតនៅ​ភូមិ​ក្បាលដំរីទី២ សង្កាត់​កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ​រាជធានីភ្នំពេញ។

​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នារី​រងគ្រោះ​កំពុង​ជិះម៉ូតូ​ផង​និយាយ​ទូរសព្ទ​ផង ក៏​ត្រូវ​បាន​ជនសង្ស័យ​ឆក់​ទូរសព្ទ​ដៃ ភ្លាមៗ​នារី​រងគ្រោះ​ បាន​ជិះ​ដេញ​ចោរ​ឆក់​នោះ ពេល​កំពុង​ជិះដេញ​ក៏​ប៉ះ​ជាមួយ​រថយន្ត​ បណ្ដាលឲ្យ​នារី​ដួល​សន្លប់​ស្តូង​ស្តឹង​​ ហើយ​ក៏​ត្រូវ​បាន​រថយន្ត​មន្ទីរពេទ្យ​ឯកជន​សម្ភព​រស្មី​ដឹក​ជន​រង​គ្រោះ​យក​មក​ជួយ​សង្គ្រោះ។ ​ចំណែក​ជនសង្ស័យ​ឆក់​ទូរសព្ទ​បាន​សម្រេច​ ជិះ​គេច​ខ្លួន​បាត់​ស្រមោល។

ប្រភព​ដដែល​បាន​បន្ត​ថា ម៉ូតូ​ជនរងគ្រោះ ម៉ាក​ឃ្លីក ពណ៌ស ពាក់ស្លាក់លេខ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ម៉ូតូ​ជនរងគ្រោះ​មក​មុខ​មន្ទីរពេទ្យ​សម្ភព​រស្មី ដើម្បី​ប្រគល់​ឲ្យ​សមត្ថកិច្ច​និង​បងប្អូន​នារី​ជនរងគ្រោះ​រាប់​លុយចំនួន​៣៧២០០ដុល្លារ នៅក្នុង​មន្ទីរពេទ្យ។

បើ​តាម​ប្រជាពលរដ្ឋ​ដែល​ឃើញ​ហេតុការណ៍​នោះ​ឲ្យ​ដឹង​ថា ​នារី​រងគ្រោះ​ជិះ​ដេញ​ចាប់​ចោរ​ ខណៈពេល​ដេញ​ក៏​បុក​នឹង​រថយន្ត​ពី​ក្រោយ ​បណ្ដាល​ឲ្យ​នារី​រងគ្រោះ​សន្លប់​ ខណៈពេល​នោះ​ក៏ឃើញ​រថយន្ត​សង្គ្រោះ​នៅ​តាម​បណ្ដោយ​ផ្លូវ​នោះ​ដែរ ​ក៏​ឃាត់​ឲ្យ​ជួយសង្គ្រោះ​ជនរងគ្រោះ​ បន្ទាប់​មក​ក៏​យក​ម៉ូតូ​អែបកៀន​ ហើយ​ក៏​បើក​កែប​ម៉ូតូ​ក្រែង​ល​មាន​លេខទូរសព្ទ​ ដើម្បី​ទាក់ទង​ទៅ​គ្រួសារ​ជនរងគ្រោះ​ ពេល​បើក​មក​ក៏​ឃើញ​លុយ​ដុល្លារ​ចំនួន​៣៧២០០ដុល្លារ​ ហើយ​ក៏​យក​ម៉ូតូ​ជនរងគ្រោះ​ព្រមទាំងលុយ​នៅ​ក្នុង​កែប​ម៉ូតូ​នោះ​ប្រគល់​ជូន​សមត្ថកិច្ច នៅនឹង​មន្ទីរពេទ្យ​សម្ភពរស្មី​តែម្តង​។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *