វាសនាមនុស្សមើលមិនឃើញទេបងប្អូន!!! ពេលបានជួបលោកតាសុំទានម្នាក់ មកសុំអាហារនាងញ៉ាំ រហូតចុងក្រោយធ្វើឲ្យគាត់រំភើប ដល់ថ្នាក់ស្រក់ទឹកភ្នែក!

ហ្វីលីពីន៖ កាលពីពេលថ្មីៗកន្លងទៅនេះ និស្សិតស្រីវ័យក្មេងនៅមហាវិទ្យាល័យមួយ ក្នុងប្រទេសហ្វីលីពីន បានបង្ហោះចែករំលែកនូវរឿងរ៉ាវ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ នៅលើគណនីបណ្តាញសង្គមហ្វេសប៊ុករបស់នាង ដោយទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង អំពីការជួបជាមួយលោកតាសុំទានម្នាក់ ពេលនាងស្ថិតនៅផ្សារទំនើប។ តាមរយៈគណនីហ្វេសប៊ុករបស់និស្សិតស្រីខាងលើ ដែលប្រើឈ្មោះថា Faye Ares បានរៀបរាប់ឲ្យដឹងថា នាងបានដើរចូលទៅក្នុងផ្សារទំនើបមួយកន្លែង គិតថានឹងរកអីញ៉ាំ រំពេចនោះស្រាប់តែមានបុរសចំណាស់ម្នាក់ ​ដើរតម្រង់មករកនាង ហើយនិយាយមកកាន់នាងថា «ក្មួយស្រី! ឲ្យអ៊ំសុំទោស ប៉ុន្តែអ៊ំចង់ប្រាប់ក្មួយរឿងមួយ កុំខឹងនឹងអ៊ំណា៎! ហើយឲ្យអ៊ំសុំទោសផង បើសិនជាអ៊ំរំខានក្មួយ។ អ៊ំមិនសុំលុយពីក្មួយស្រីទេ ប៉ុន្តែអាចឲ្យអ៊ំសុំអាហារញ៉ាំខ្លះផងតើបានទេ? ព្រោះពេលនេះអ៊ំពិតជាឃ្លានខ្លាំងណាស់» ។ ភ្លាមៗនោះធ្វើឲ្យនាងភ្ញាក់ផ្អើលយ៉ាងខ្លាំង មិនមែនដោយសារគាត់ជាមនុស្សចម្លែកទេ ប៉ុន្តែដោយសារអ៊ំប្រុសសុំទាននេះ អាចនិយាយភាសាអង់គ្លេសបានយ៉ាងស្ទាត់ជំនាញ។ លើសពីនេះទង្វើរបស់គាត់បានធ្វើឲ្យ Faye រំជួលចិត្តយ៉ាងខ្លាំង និងអាណិតអាសូរគាត់។ ក្រោយមក Faye ក៏បានសម្រេចចិត្តថា នឹងនាំលោកតាសុំទានខាងលើ ទៅញ៉ាំអាហារនិងភ្លៅមាន់ នៅហាងយីហោ Jollibee ជាមួយនាង ជាហេតុធ្វើឲ្យលោកតាអររំភើបចិត្ត ដល់ថ្នាក់ស្រក់ទឹកភ្នែកតែម្តង។ នៅពេល Faye អង្គុយញ៉ាំអាហារថ្ងៃត្រង់ជាមួយលោកតានោះ ពួកគេទាំងពីរបាននិយាយលេងសួរនាំពីនេះពីនោះ។ Faye បានសួរសំណួរជាច្រើនទៅកាន់លោកតា។ លោកតាសុំទានខាងលើ បានប្រាប់នាងថា គាត់មានឈ្មោះ Jansen Locsin អាយុ៧០ឆ្នាំ បានបញ្ចប់ការសិក្សានៅឯសាកលវិទ្យាល័យ Ateneo de Manila University ប្រទេសហ្វីលីពីន។ ពីមុនមក គាត់ក៏ធ្លាប់ជាគ្រូបង្រៀនម្នាក់ នៅសាកលវិទ្យាល័យ UP (University of the Philippines) និងសាលា Ateneo ដែរ។ លោកតា Jansen គ្មានប្រពន្ធកូនទេ រីឯឪពុករបស់គាត់ បានលាចាកលោក នៅសល់តែម្តាយជរាម្នាក់តែប៉ុណ្ណោះ។ លើសពីនេះគាត់ក៏ធ្លាប់មានជំនួញផ្ទាល់ខ្លួនដែរ ប៉ុន្តែជាអកុសលជំនួញរបស់គាត់ត្រូវបានក្ស័យធុន រហូតធ្វើឲ្យគាត់ធ្លាក់ខ្លួនដុនដាប មកទល់សព្វនេះតែម្តងទៅ។ ក្នុងអំឡុងពេលជជែកគ្នាបណ្តើរ ញ៉ាំអាហារបណ្តើរ គាត់បានជួយណែនាំជំរុញឲ្យ Faye ខិតខំរៀនសូត្រ។ លោកតា Jensen បានប្រាប់នាងថា មានតែការអប់រំ និងចំណេះដឹងប៉ុណ្ណោះ ជារឿងសំខាន់បំផុតនៅក្នុងជីវិត។ ជាចុងក្រោយ បន្ទាប់ពីញ៉ាំអាហាររួចរាល់ Faye និងម្ចាស់ហាងបានឲ្យទឹកសុទ្ធមួយដប និងលុយ១០០ប៉េសូ (២ដុល្លារ) ជូនលោកតា តែដំបូងលោកតាហាក់ស្ទាក់ស្ទើរមិនហ៊ានចង់ទទួលឡើយ។ ថ្វីត្បិតតែវាតិចតួចក្តី តែ Faye បានប្រាប់លោកតា Jansen ថា នាងនឹងសន្យាថាជួយលោកតាបន្តទៀត។ ដោយសារទឹកចិត្តមនុស្សធម៌ មិនរើសអើងរបស់ Faye នេះហើយ ទើបធ្វើឲ្យអ្នកនិយមលេងបណ្តាញសង្គមជាច្រើន សម្តែងការកោតសរសើរនាង ជាមួយការចុច Like Comment និង Share យ៉ាងច្រើនលើរឿងរ៉ាវដែលនាងបានចែករំលែកនេះផងដែរ។ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *