រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីជូនដំណឹង ដោយទុករយៈ១៥ថ្ងៃ ដល់បងប្អូនប្រជាពលរដ្ឋមួយចំនួន ដែល…
កាលពីម្សិលមិញនេះ ថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ រដ្ឋបាលខេត្ដព្រះសីហនុ ដែលមានឯកឧត្ដម គួច ចំរើន ជាអភិបាល នៃគណៈអភិបាលខេត្ដ បានចេញសេចក្តីជូនដំណឹង ស្តីពី ការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រកម្ពុជា ដោយរដ្ឋបាលខេត្ដ សូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផលនៅលើដីឆ្នេរលំហែកាយ គឺត្រូវរុះរើតូប ស្ដង់ រោង ទាំងនោះ ចេញជាបន្ទាន់ ដោយទុករយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ជាកំហឹត។
សេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្ដព្រះសីហនុ មានខ្លឹមសារទាំងស្រុង ដូចតទៅ៖”សេចក្ដីជូនដំណឹង៖ រដ្ឋបាលខេត្ដព្រះសីហនុ សូមជម្រាបជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងលក់ដូរ និងអាស្រ័យផលនៅលើដីឆ្នេរលំហែកាយ ដែលមានទីតាំងស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្ដព្រះសីហនុ ជ្រាបថា៖ ក្នុងរយៈពេលកន្លងមកនេះ រដ្ឋបាលខេត្ដសង្កេតឃើញថា មានបងប្អូនប្រជាពលរដ្ឋមួយចំនួន បានកំពុងលក់ដូរ និងអាស្រ័យផលនៅតាមឆ្នេរសមុទ្រ ដោយបានសង់តូប ស្ដង់ រោង ធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ របៀបរៀបរយ គ្មានសោភ័ណ្ឌភាព និងប៉ះពាល់ដល់អនាម័យបរិស្ថាន នៅតំបន់ឆ្នេរសមុទ្រ ដែលជាកន្លែងលំហែកម្សាន្ដសម្រាប់ភ្ញៀវទេសចរជាតិ និងអន្ដរជាតិ។
ដូច្នេះ ដើម្បីរៀបចំ កែលម្អ និងអភិវឌ្ឍន៍តំបន់ឆ្នេរខ្សាច់កម្សាន្ដ ក្នុងក្រុងព្រះសីហនុ ដើម្បីធានាបាននូវការគ្រប់គ្រង និងរក្សាបរិស្ថានប្រកបដោយនិរន្ដភាព ស្របទៅតាមខ្លឹមសារ នៃសារាចរណែនាំលេខ០១ សរណន ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១២ ស្ដីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ នៃព្រះរាជាណាចក្រ កម្ពុជា រដ្ឋបាលខេត្ដ សូមឱ្យបងប្អូនរុះរើតូប ស្ដង់ រោង ទាំងនោះ ចេញពីលើដីចំណីឆ្នេរលំហែកាយ ដោយទុករយៈពេល ១៥ថ្ងៃ គឺចាប់ពីថ្ងៃទី០៥ ខែឧសភា រហូតដល់ថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២០ ជាកំហឹត។
ក្នុងករណីបងប្អូនមិនរុះរើតាមសេចក្ដីជូនដំណឹងនេះ រដ្ឋបាលខេត្ដនឹងអនុវត្ដវិធានការរដ្ឋបាល ដោយមិនទទួលខុសត្រូវចំពោះការខូតខាតសម្ភារៈ ឬបាត់បង់ទ្រព្យសម្បត្ដិរបស់បងប្អូនឡើយ។ រដ្ឋបាលខេត្ដព្រះសីហនុ សង្ឃឹមជឿជាក់យ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋទាំងអស់ និងចូលរួមសហការអនុវត្ដឱ្យមានប្រសិទ្ធភាព និងទទួលបានលទ្ធផលល្អប្រសើរ”។