ក្រុមហ៊ុនចិន ស្នើសុំវិនិយោគសាងសង់ ចំណតយានយន្តធុនធំ នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់រាប់រយលានដុល្លា

(ភ្នំពេញ)៖ ក្រុមហ៊ុន China Good Cars Holding Ltd បានស្នើសុំលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន វិនិយោគសាងសង់ចំណតយានយន្តធុនធំ និងមានលក្ខណៈទំនើបមួយ នៅជាយរាជធានីភ្នំពេញ ក្នុងទឹកប្រាក់វិនិយោគប្រមាណ ១៦០លានដុល្លារអាមេរិក ដើម្បីចូលរួមចំណែកកាត់បន្ថយការកកស្ទះចរាចរណ៍ក្នុងរាជធានីភ្នំពេញ។

ការស្នើនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ ក្នុងឱកាសលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុញ្ញាតទទួលជួបជាមួយតំណាងក្រុមហ៊ុន China Good Cars Holding Ltd ដើម្បីពិភាក្សាការងារនៅទីស្តីការក្រសួង។

យោងតាមព័ត៌មានបានគូសបញ្ជាក់ថា ក្នុងជំហានដំបូងក្រុមហ៊ុន China Good Cars Holding បានស្នើសុំវិនិយោគសាងសង់ស្ថានីយ៍ចំណតយានយន្តធុនធំ និងទំនើប នៅជាយរាជធានីភ្នំពេញ ដើម្បីរំដោះចរាចរណ៍ដ៏មមាញឹក ពីចំណុចកណ្តាលរាជធានីភ្នំពេញ ព្រមទាំងវិនិយោគលើគម្រោងដឹកជញ្ជូនសាធារណៈ តាមរថយន្តក្រុងលើបណ្តាញផ្លូវជាតិ ដើម្បីតភ្ជាប់ទៅតំបន់ក្រៅក្រុង និងទៅបណ្តាខេត្តនានានៅជិតៗរាជធានីភ្នំពេញ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានស្វាគមន៍ និងគាំទ្រគម្រោងនេះ ដោយផ្តល់អនុសាសន៍ឱ្យក្រុមហ៊ុនសហការជាមួយអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក សិក្សាលើលក្ខណៈបច្ចេកទេសឱ្យបានល្អិតល្អន់ និងសុំឱ្យក្រុមហ៊ុនដាក់ពាក្យស្នើសុំវិនិយោគ ទៅច្រកចេញចូលតែមួយនៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីអាចទទួលបានភាពអនុគ្រោះនានា ស្របទៅតាមច្បាប់វិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។

តំណាងក្រុមហ៊ុន China Good Cars Holding បានសំដែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះការគាំទ្ររបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ហើយសន្យា នឹងបន្តការងារទៅតាមអនុសាសន៍នានា របស់លោករដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនផងដែរ។

ប្រភព៖freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *