ឆ្ងល់កន្លែងណាកុំភ្លេច!! ក្រសួងដាក់ដំណើរការលេខHotline ដើម្បីឆ្លើយឆ្លងព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនិងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺលេខ…
អគ្គស្នងការដ្ឋាននគរបាលជាតិ និង ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នាព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០នេះ បានរៀបចំកិច្ចប្រជុំ ស្ដីពីការបង្កើតក្រុមការងារប្រព័ន្ធ Hotline ដើម្បីឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ ពាក់ព័ន្ធនិងការរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ ឆៃ ស៊ីណារិទ្ធ អគ្គស្នងការរងនគរបាលជាតិ និងឯកឧត្តម ម៉ូវ ចរិយា ប្រធាននិយ័តករទូរគមនាគមន៍កម្ពុជា ដោយមានការចូលរួមពី អនុប្រធានសេនាធិការ អនុប្រធាននាយកដ្ឋាន មន្ត្រីជំនាញក្រសួងប្រៃសណីយ៍ តំណាងក្រុមហ៊ុនទូរស័ព្ទចល័តទាំងអស់ និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀតផងដែរ ។
កិច្ចប្រជុំនេះធ្វើឡើងក្នុងគោលបំណង ឆ្លើយតបព័ត៌មានពីប្រជាពលរដ្ឋ មកមន្ត្រីជំនាញចរាចរណ៍ តាមរយៈប្រព័ន្ធព័ត៌មានទាន់ហេតុការណ៍ ១១៧ (Hotline 117) ពាក់ព័ន្ធនិងការរឹតបន្តឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ។ ក្រុមការងារ Hotline មានភារកិច្ចតាមដាន ឆ្លើយតប សំនួររបស់ប្រជាពលរដ្ឋ តាមប្រព័ន្ធព័ត៌មានសង្គម Facebook , Fresh New , Internet , វិទ្យុ , ទូរទស្សទ៍ និងសារព័ត៌មានផ្សេងៗទៀត ដែលមិនមែនជាការពិត ពាក់ព័ន្ធទៅនឹងកិច្ចប្រតិបត្តិការ ក្នុងដំណើរការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីឆ្លើយតបដោះស្រាយបំភ្លឺបានទាន់ពេល ។
សូមជម្រាបថា យោងតាមរបាយការណ៍ របស់អគ្គស្នងការដ្ឋាននគរបាលជាតិឲ្យដឹងថា នៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន២លើក មិនបណ្ដាលឲ្យមានមនុស្សស្លាប់នោះទេ មានតែអ្នករបួសធ្ងន់ស្រាល៤នាក់ ។
ប្រភពព័ត៌មានដដែលបញ្ជាក់ថា មូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន និងបត់មិនប្រយ័ត្ន ។
គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ក្រោយពីមានការអនុវត្តន៍ការរឹតបន្តឹងច្បាប់ចរាចរណ៍ ដោយធ្វើការផាកពិន័យតាមអនុក្រឹត្យថ្មី បានធ្វើឲ្យគ្រោះថ្នាក់ចរាចរណ៍ធ្លាក់ចុះច្រើន ៕
ប្រភព៖ thmeyload