អព្ភូតហេតុ! ស្ត្រីវ័យចំណាស់ពិកា ត្រូវកូនប្រុសយកទៅកប់ចោលទាំងរស់ អស់រយៈពេលជិត៣ថ្ងៃ តែមិនស្លាប់

ចិន៖ ស្ត្រីចំណាស់ពិកា នាមត្រកូលថា វ៉ាង វ័យ៧៩ឆ្នាំ រស់នៅក្នុងខេត្តសានសុី ភាគពាយព្យប្រទេសចិន ត្រូវបានកូនប្រុសបង្កើត យកទៅកប់ចោលទាំងរស់ អស់រយៈពេលជិត៣ថ្ងៃ តែមិនស្លាប់។

អ្នកនាងចាង ជាកូនប្រសារស្រីបានឲ្យដឹងថា ម្ដាយក្មេក មិនបានត្រលប់មកផ្ទះវិញឡើយ បន្ទាប់ពីស្វាមីរបស់អ្នកនាង នាំចេញពីផ្ទះដោយដាក់អង្គុយលើរទេះរុញ នាវេលាម៉ោង៨:០០នាទីយប់ នៅថ្ងៃសៅរ៍ទី២ ខែឧសភា។ លុះទាបភ្លឺថ្ងៃទី៣ ខែឧសភា ស្វាមីរបស់អ្នកនាងបានត្រលប់មកផ្ទះវិញ ដោយរទេះរុញទទេ និងមិនឃើញម្ដាយក្មេកមកជាមួយឡើយ។ យ៉ាងណាមិញ នៅពេលដែលអ្នកនាងសួររកម្ដាយក្មេក ស្វាមីបានកុហកថា លោកបានជួលអ្នកបើកបររថយន្ដម្នាក់ ហើយបញ្ជូនម្ដាយឲ្យទៅសួរសុខទុក្ខសាច់ញាតិ។

មកដល់ថ្ងៃអង្គារទី៥ ខែឧសភា អ្នកនាងចាង បានរាយការណ៍ពីការបាត់ខ្លួនរបស់ម្ដាយក្មេក ហើយប៉ូលិស បានកោះហៅលោកម៉ា ដែលជាកូនប្រុសបង្កើត ដើម្បីធ្វើសាកសួរចម្លើយ។ មិនយូរប៉ុន្មាន លោកម៉ា បានសារភាពប្រាប់ប៉ូលិសថា លោកបានកប់ម្ដាយទាំងរស់ក្នុងផ្នូរដែលគេបោះបង់ចោល។

ក្រោយមក ប៉ូលិសបានចុះទៅដល់ទីតាំងផ្នូរបញ្ចុះសព និងព្យាយាមជីក.កកាយ រហូតដល់ប្រទះឃើញ អ្នកស្រីវ៉ាង នៅក្នុងនោះទាំងខ្លួនប្រាណប្រឡាក់ទៅដោយដីភក់ ហើយក៏នាំគ្នាទាញចេញ។ ទន្ទឹមនឹងនេះដែរ ក្រុមប៉ូលិសមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសារតែអ្នកស្រីវ៉ាង អាចនៅមានជីវិត បន្ទាប់ពីគ្មានបាយ គ្មានទឹកអស់រយៈពេលជិត៣ថ្ងៃ។

ជុំវិញករណីខាងលើនេះ ខាងប៉ូលិសមិនទាន់បានប្រាប់ពីមូលហេតុដែលលោកម៉ា ប៉ុនប៉ងសម្លាប់ម្ដាយឡើយ។ តែយ៉ាងណាមិញ លោកម៉ា ត្រូវប៉ូលិសចាប់ឃុំខ្លួនបណ្ដោះអាសន្ន ដើម្បីស៊ើបអង្កេតបន្ថែម និងដោះស្រាយបន្ដ។ ហើយឥឡូវនេះ ម្ដាយរបស់គាត់កំពុងទទួលបានការមើលថែយ៉ាងយកចិត្តទុកដាក់នៅក្នុងមន្ទីរពេទ្យផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *