អស្ចារ្យ!!! រកឃើញចម្លាក់អណ្តើកមួយទៀត រួមនឹងត្រីសូល៍ ២ និងខ្វាតពណ៌សមួយចំនួននៅការដ្ឋានជួសជុលប្រាសាទកណ្តាលស្រះស្រង់

(សៀមរាប)៖ ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់អណ្តើកចំនួន១បន្ថែមទៀត ដែលមានទំហំតូចជាងមុនបន្តិច រួមនឹងត្រីសូល៍ចំនួន ២ ដែលមួយមានរូបពេញលេញ រីឯមួយទៀតមានត្រឹមមួយបំណែក នាថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ។

នៅជិតក្បាលចម្លាក់អណ្តើកទើបរកឃើញខាងលើ ក្រុមការងារក៏បានប្រទះឃើញគ្រាប់ខ្វាតពណ៌ស (គ្រីស្តាល់) បង្កប់ក្នុងដីនៅទីនោះដែរ។ គ្រាប់ខ្វាតពណ៌សនេះត្រូវបានមជ្ឈដ្ឋានមួយចំនួនយល់ច្រឡំថាជាគ្រាប់ពេជ្រ ឬជារបស់មានតម្លៃ ប៉ុន្តែមិនមែនដូច្នេះឡើយ ពោលគឺវាត្រូវបានរកឃើញភាគច្រើននៅក្នុងរណ្តៅកំណាយស្រាវជ្រាវនៃការដ្ឋានជួសជុលនានា។

សូមរំលឹកថា កាលពីថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ ក្រុមការងារបានប្រទះឃើញចម្លាក់អណ្តើកចំនួន១ និងថ្ងៃទី៤ ខែឧសភា ក៏បានប្រទះឃើញវត្ថុបុរាណចំនួន៣ប្រភេទ គឺចម្លាក់ក្បាលនាគ ខ្វាតពណ៌ស និងត្រីសូល៍ ក្នុងនោះដែរក្រុមការងារក៏បានរកឃើញរចនាសម្ពន្ធសំណង់ឈើនៅលើខឿនប្រាសាទផងដែរ។

ប្រភព៖ freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *