ស្រុកខ្មែរយើងហ្នឹង ភូមិវប្បធម៌កម្ពុជា បានកែប្រែ និងបង្កើតសួនធម្មជាតិដែលមានផ្កាចម្រុះជាច្រើន រួមទាំងសួនកម្សាន្តដាយណូស័រ ដែលនឹងចាប់បើកទទួលភ្ញៀវចូលទស្សនានៅថ្ងៃស្អែកនេះ ជាមួយនឹងការបញ្ចុះតម្លៃត្រឹមតែ
ខេត្តសៀមរាប ជាខេត្តមួយស្ថិតនៅភាគពាយ័ព្យនៃប្រទេសកម្ពុជា ដែលសំបូរទៅដោយទីរមណីយដ្ឋានប្រវត្តិសាស្ត្រ និងតំបន់ទេសចរណ៍សំរាប់ដើរលេងកំសាន្ត ដូចជាប្រាសាទអង្គរវត្ត ដ៏ល្បីល្បាញ និងប្រាសាទបុរាណដទៃទៀតជាច្រើន ដែលរួមមានសណ្ឋាគារ ភោជនីយដ្ឋាន ហាងលក់ទំនិញ ជាដើម កំពុងបំរើអោយវិស័យទេសចរណ៍។
ដោយឡែក បេីយេីងក្រឡេកមកស្គាល់ទីរមណីយដ្ឋានដ៏ល្បីល្បាញមួយដែលមានឈ្មោះថា ភូមិវប្បធម៌កម្ពុជា ជារមណីយដ្ឋានទេសចរណ៍បែបធម្មជាតិកែច្នៃ។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅក្នុងភូមិគ្រួស ឃុំស្វាយដង្គំ ស្រុកសៀមរាប ដែលមានចំងាយប្រមាណជា ៣គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប
នៅទីនេះមានសក្តានុពលទេសចរណ៍សំខាន់ៗដូចជាភូមិវប្បធម៌ជាកូនភូមិគំរូមួយដែលមាន សំណង់ផ្ទះ និងអគារប្រវត្តិសាស្រ្ដទំនៀមទម្លាប់របស់ប្រជាជនខ្មែរ និងជីវភាពរបស់ជនជាតិទាំងអស់ ។ ចំពោះភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើដំណើរកម្សាន្តទៅលេងនៅខេត្តសៀមរាប ភាគច្រើនគឺកម្រមានការអាក់ខានចូលទស្សនានៅតំបន់ទេសចរណ៍នេះណាស់។
សូមជម្រាបថា ភូមិវប្បធម៌កម្ពុជា មិនត្រឹមតែជាកន្លែងថែរក្សាវប្បធម៌ជាតិខ្មែរប៉ុណ្ណោះទេ ថ្មីៗនេះ ភូមិវប្បធម៌កម្ពុជា បានកែប្រែ និងបង្កើតសួនធម្មជាតិដែលមានផ្កាចម្រុះជាច្រើន រួមទាំងសួនកម្សាន្តដាយណូស័រ ដែលធ្វើឲ្យទេសភាពកាន់តែមានស្រស់ស្អាត និងទាក់ទាញតែម្តង។ យ៉ាងណាមិញ នៅព្រឹកថ្ងៃទី០៩ ខែឧសភា នេះ ភូមិវប្បធម៌កម្ពុជា បានចេញសេចក្ដីជូនដំណឹងតាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ដោយមានខ្លឹមសារដូចតទៅ។
«សេចក្តីជូនដំណឹង ភូមិវប្បធម៌កម្ពុជាយើងខ្ញុំនឹងចាប់បើកទទួលភ្ញៀវចូលទស្សនាវិញ នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ ខាងមុខនេះតទៅ ជាមួយនឹងការបញ្ចុះតម្លៃ សំបុត្រចូលទស្សនា ៥០% សម្រាប់ភ្ញៀវជាតិ។ សម្រាប់ មនុស្សធំ សល់ត្រឹមតែ ១ម៉ឺនរៀល សម្រាប់ កូនក្មេង សល់ត្រឹមតែ ៥ពាន់រៀល សូមអរគុណ»។