ដៃជាប់ខ្នោះផង បាក់ជើងផង ព្យួរសេរ៉ូមផង!នេះជនសង្ស័យជាចោរឆក់ ដែលបើកម៉ូតូលឿនរត់គេចពីសមត្ថកិច្ច ទៅបុកម៉ូតូបុរសជាអ្នកលក់តៅហ៊ូស្លាប់ភ្លាមៗនៅនឹងកន្លែង

វេលាម៉ោង ៧ព្រឹកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ មានករណីចោរឆក់កាបូប រួចជិះម៉ូតូរត់គេចរហូតដល់មុខវិទ្យាល័យបាក់ទូកបានបោះកាបូបចោល ហើយបើករត់គេចទៅដល់ខាងក្រោយផ្សារដេប៉ូទី១ ទឹកដីខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្ដាលឲ្យបុកម៉ូតូបុរសម្នាក់ កំពុងបើកលើផ្លូវដឹកតៅហ៊ូ ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។

សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់មិនត្រូវបានស្គាល់អត្តសញ្ញាណនោះទេគ្រាន់តែដឹងថា​ ជាជន​ជាតិចិន​ បើកម៉ូតូម៉ាកហុងដាគុប ពណ៌ទឹកប៊ិច ពាក់​ស្លាកលេខភ្នំពេញ1HN-1339 ជាអ្នកលក់តៅហ៊ូ​ ។

ចំណែកឯភាគីម្ខាងទៀតមានគ្នា២នាក់បើកម៉ូតូម៉ាក​ហុងដាឌ្រីម C125 ស៊េរីឆ្នាំ២០២០ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1ID-9154 រងរបួស​ធ្ងន់ម្នាក់ និងម្នាក់ទៀតរបួសស្រាល។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា​ មុនពេលកើតហេតុគេឃើញជនជាតិចិនម្នាក់បើកម៉ូតូ​ ដឹកតៅហ៊ូ តាមបណ្ដោយផ្លូវលេខ២២៣ ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូជាច្រើនគ្រឿងបានបើកដេញគ្នា ប្រសេចប្រសាចពេញផ្លូវ បានជ្រុលមកបុកម៉ូតូជនរងគ្រោះពេញទំហឹងបណ្ដាលឱ្យដួល បោ កក្បាលនឹងថ្នល់ស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូបុកជនរងគ្រោះរបួសធ្ងន់ម្នាក់ត្រូវបាន​រថយន្តសង្គ្រោះដឹកយកទៅព្យាបាល រីឯអ្នករបួសស្រាលបានរត់គេចខ្លួនបាត់​ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញបានចុះមកដល់ហើយត្រួតពិនិត្យមើលសពរួចប្រគល់ឲ្យសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯម៉ូតូត្រូវបានសមត្ថកិច្ចយកទៅរក្សាទុកនៅស្នងការដ្ឋានរាជធានីភ្នំពេញ៕

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *