បើអុជធូបមិនត្រូវពេលទៅវត្ត នោះដូនតាមិនបានទទួលឡើយ….
តាមប្រពៃណីទំនៀមទម្លាប់ដូនតាខ្មែរតាំងពីបុរាណរៀងមក តែងប្រើធូបដើម្បីអុជបន់ស្រន់សុំសេចក្ដីសុខ លាបំណន់ និងអុជដើម្បីវេរម្ហូបអាហារ បង្អែមចង្អាប ឧទ្ទិសឱ្យដូនតា ដែលបានចែកឋានជាដើម។ ជាការកត់សម្គាល់ពេលទៅវត្តម្ដងៗ ពុទ្ធបរិស័ទខ្លះអុជធូប៣សរសៃ ចំណែកអ្នកខ្លះអុជ ៥សរសៃ។ ដូច្នេះតើការអុជធូប ៣ សរសៃ ឫ ៥សរសៃមានអត្ថន័យខុសគ្នាដូចម្ដេច? តើអុជប៉ុន្មានសរសៃទើបបានទៅដល់ដូនតាដែលចែកឋានទៅ?
បើតាមការលើកឡើងរបស់លោកតា អាចារ្យ វ៉ែន ហ៊ន នៅវត្តទួលសុភី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានប្រាប់ថា ការអុជធូបមានលក្ខណៈផ្សេងគ្នាទៅតាមពេលវេលា និងពិធីផ្សេងៗ។ ជាក់ស្ដែងបើអុជធូបនៅរដូវបុណ្យភ្ជុំត្រូវ អុជចំនួន ៥សរសៃ ក្នុងនោះតំណាងឱ្យ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ និងមាតា បិតា។ ប្រសិនបើអុជតែ ៣សរសៃ គឺមិនបានទៅដល់ឪពុកម្ដាយទេ បានត្រឹម ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ប៉ុណ្ណោះ។ ដូច្នេះត្រូវកត់ចំណាំទុក នៅពេលទៅវត្តមិនថាពិធីណាទេ បើចង់ឧទ្ទិសជូនមាតា បិតា ញាតិកាទាំង ៧សន្ដានត្រូវអុជចំនួន៥សរសៃ។
លោកតា វ៉ែន ហ៊ន បន្ថែមទៀតថា ចំពោះការអុជធូប ដើម្បីបន់ស្រន់សុំសេចក្ដីសុខ អុជលាបំណន់ ឫស្បថស្បែ គឺត្រូវប្រើធូបតែ១សរសៃទេ ប្រសិនបើអុជខុសក៏មិនស័ក្ដិសិទ្ធិដែរ។ លោកតា វ៉ែន ហ៊ន បន្តទៀតថា ភាគច្រើនពុទ្ធបរិស័ទមួយចំនួនធំ មិនសូបបានដឹងពីរបៀបក្នុងការអុជធូបទាំងនេះទេ ចេះតែអុជៗតាមចិត្តចង់ជួនក៏ ៣សរសៃ ជួនក៏៥សរសៃ៕