នាយឧត្តមសេនីយ៍នេត សាវឿន ហាមមន្ត្រីនគរបាលចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ
ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ហាមមន្ត្រីនគរបាលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ទាំងអស់ ដាច់ខាតមិនត្រូវឃាត់អ្នកបើកបរ ដើម្បីត្រួតពិនិត្យឯកសារឡើយ លើកលែងតែមានអំពើល្មើសជាក់ស្ដែងប៉ុណ្ណោះ ដូចជាមិនមានស្លាកលេខ មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវ៉ាត់ និយាយទូរស័ព្ទពេលបេីកបរ ……។ ល ។
នេះបើតាមការបញ្ជាក់ពី នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិ ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន ក្រោយបញ្ចប់កិច្ចប្រជុំ ផ្សព្វផ្សាយវិធានការ ពង្រឹងការអនុវត្តច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក នៅព្រឹកថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០។
កិច្ចប្រជុំនេះ ត្រូវបានធ្វើឡើងនៅអគ្គស្នងការដ្ឋាននគរបាលជាតិ ដែលមានការចូលរួមពី អគ្គស្នងការរង, ស្នងការរាជធានី-ខេត្ត, ស្នងការរងទទួលការងារចរាចរណ៍។
នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានថ្លែងយ៉ាងដូច្នេះថា «ករណីនេះត្រូវបានការណែនាំពី ឯកឧត្តម នាយឧត្តមសេនីយ៍ អគ្គស្នងការនគរបាលជាតិយ៉ាងច្បាស់ ដោយអនុវត្តតាមអនុសាសន៍របស់សម្ដេចក្រឡាហោម ស ខេង គឺយានយន្ដទាំងអស់ដែលត្រូវត្រួតពិនិត្យ គឺជាយានយន្ដដែលប្រព្រឹត្តល្មើសហើយ […] យើងមិនអនុញ្ញាតឲ្យឃាត់ដាច់ខាត ប្រសិនបើមិនរកឃើញមានបទល្មើសជាក់ស្ដែងណាមួយ»។
ត្រង់ចំណុចនេះ នាយឧត្តមសេនីយ៍ ហ៉ឹម យ៉ាន បានគូសបញ្ជាក់ថា ប្រសិនបើនៅពេលមានអំពើល្មើសណាមួយ ហើយត្រូវសមត្ថកិច្ចឃាត់នោះ គឺសមត្ថកិច្ចមានសិទ្ធិគ្រប់គ្រាន់ ក្នុងការត្រួតពិនិត្យឯកសារផ្សេងៗ ដែលច្បាប់តម្រូវឲ្យមាន។ ប្រសិនបើអ្នកបើកបរខ្វះកន្លែងណាមួយ ដែលកំណត់ឲ្យផាកពិន័យ នោះមន្ដ្រីនគរបាលចរាចរណ៍ នឹងបូកអំពើល្មើសចូលគ្នាហើយពិន័យទាំងអស់តែម្ដង។
ប្រភព៖ thmeyload