ឧកញ៉ា​ គួ​ច​ ​ម៉េង​លី​ ​បង្ហើប​ពី​ឧបសគ្គ​ទាំង​៥​ ​ដែល​នាំ​ឱ្យ​កូនៗរបស់​​​អ្នករៀន​មិន​ពូកែ

​នៅ​ក្នុង​កិច្ច​សម្ភាស​ជាមួយ​អ្នក​សារ​ព័ត៌មាន​កាលពី​ថ្មីៗ​កន្លងទៅ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​បាន​មានប្រសាសន៍ថា​ ​កុមារ​ ​ជា​ទំពាំងស្នងឫស្សី​ ​សម្រាប់​រួមចំណែក​អភិវឌ្ឍ​ប្រទេសជាតិ​បន្តវេន​ពី​មនុស្សចាស់​។​ ​ប៉ុន្តែ​ ​បើ​យើង​មិន​យកចិត្តទុកដាក់​ ​និង​តាម​ដាន​លើ​ការសិក្សា​របស់​កូន​ៗ​ទេ​ ​នោះ​ការសិក្សា​របស់​គាត់​នឹង​គ្មាន​លទ្ធផល​ល្អ​ប្រសើរ​ឡើយ​។​

​សម្រាប់​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ ​កូន​ៗ​ដែល​រៀន​មិន​ពូកែ​ ​គឺ​អាច​បណ្ដាលមកពី​សង្គម​ចំនួន​៥​ ​ដែល​ជា​ឧប​សគ្គ​​ដ៏​ចម្បង​សម្រាប់​ការសិក្សា​របស់​ពួកគេ​។​ ​អ្នកជំនាញ​ដដែល​បន្ថែម​ថា​ ​សង្គម​ទី​១​ ​ដែល​បណ្ដាល​ឱ្យ​កូន​រៀន​មិន​ពូកែ​ ​គឺជា​សង្គម​គ្រួសារ​។​ ​ព្រោះ​សង្គម​គ្រួសារ​ ​ជា​សង្គម​មួយ​ដ៏​សំខាន់​ជាងគេ​ក្នុង​ការណែនាំ​ ​អប់រំ​ ​ទូន្មាន​ ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​របស់​ខ្លួន​។​ ​តែ​អ្នកអាណាព្យាបាល​មួយ​ចំនួន​ ​មិន​ខ្វល់​ពី​កូន​ដោយ​គិតតែ​ការ​រកស៊ី​ ​ខ្លះ​ព្រលឹមឡើង​ឈ្លោះប្រកែកគ្នា​ ​ប្រើ​ហិង្សា​ ​ខ្លះ​ឈ្លោះ​លះលែងគ្នា​ ​ខ្លះ​ប្ដី​មាន​ប្រពន្ធ​ពីរបី​ ​ខ្លះ​ប្រពន្ធ​មាន​ប្ដី​ពីរបី​ ​ជាហេតុ​ធ្វើ​ឱ្យ​គ្រួសារ​បែកបាក់​គ្នា​។​ ​ដូច្នេះ​ ​បើ​អ្នកអាណាព្យាបាល​មិនបាន​យកចិត្តទុកដាក់​លើ​ការសិក្សា​ ​ហើយ​ពុំបាន​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​ទេ​ ​ដែល​ជាហេតុ​ធ្វើ​ឱ្យ​កូន​ៗ​រត់ទៅរក​សង្គម​ទី​២​។​

​បើ​តាម​អ្នកជំនាញ​វិ​ស័​យ​អប់រំ​រូប​នេះ​ ​សង្គម​ទី​២​ ​គឺជា​គ្រូបង្រៀន​។​ ​គ្រូបង្រៀន​ ​ជា​អ្នកអាណាព្យាបាល​ទី​២​ ​បន្ទាប់ពី​អ្នកអាណាព្យាបាល​ទី​១​ ​តែ​បើ​អ្នកអាណាព្យាបាល​ទី​១​ ​និង​អ្នកអាណាព្យាបាល​ទី​២​ ​មិនបាន​យកចិត្តទុកដាក់​ ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​ក្មេងៗ​ទាំងនោះ​ទេ​ ​នោះ​ពួកគេ​កាន់តែ​ឯកោ​បំផុត​។​ ​លោក​ថា​ ​គ្រូ​ជា​បុគ្គល​មួយ​រូប​យ៉ាងសំខាន់​ក្នុង​ការអប់រំ​ ​និង​បង្ហាត់បង្រៀន​សិស្ស​ ​តែ​តាម​ភាព​ជាក់ស្ដែង​គ្រូបង្រៀន​ភាគច្រើន​ស្ទើរ​គ្មាន​ពេល​គ្រប់គ្រាន់​ ​សម្រាប់​ថែទាំ​ ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​សិស្សានុសិស្ស​របស់​ខ្លួន​ប៉ុន្មាន​ឡើយ​ ​ព្រោះ​ពេលខ្លះ​ប្រាក់ខែ​ចាយ​ពុំសូវ​គ្រប់គ្រាន់​ ​ដែល​ត្រូវ​ផ្គត់ផ្គង់​លើ​ការ​ហូបចុក​ ​ប្ដី​ ​ប្រពន្ធ​ ​កូនចៅ​ ​និង​ការសិក្សា​របស់​កូន​ខ្លួន​ថែមទៀត​។​

​ចំពោះ​បញ្ហា​នេះ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​បន្ត​ថា​ ​គ្រូ​ខ្លះ​គាត់​ត្រូវ​បង្ខំចិត្ត​ធ្វើការងារ​ ​ឬ​រកស៊ី​ផ្សេង​បន្ថែម​ទៀត​ ​ដែល​ជាហេតុ​បង្រៀន​សិស្ស​ពុំសូវ​បាន​ដិតដល់​ ​គ្មាន​ពេល​គ្រប់គ្រាន់​ផ្ដល់​ភាព​កក់ក្ដៅ​ ​ហើយក៏​មិន​អាច​ដើរ​តួនាទី​ជា​មាតា​បី​តា​ទី​២​បាន​ល្អ​ឡើយ​។​ ​ដូច្នេះ​ ​កូន​ៗ​នឹង​បន្ត​រត់ទៅរក​សង្គម​ទី​៣​ ​ទៀត​ ​នោះ​គឺ​សង្គមសាលា​រៀន​។​

​វាគ្មិន​ដ៏​មាន​ប្រជាប្រិយ​ដដែល​បញ្ជាក់​ថា​ ​ក្រៅ​ពីសង្គម​គ្រូ​ ​គឺ​សង្គមសាលា​រៀន​ ​ព្រោះ​សាលារៀន​ប្រៀប​បាន​នឹង​ផ្ទះ​ទី​២​ ​របស់​ពួកគេ​ដែរ​ ​តែ​បើ​ទៅ​រក​សាលារៀន​ ​សាលា​នោះ​គ្មាន​អ្នក​ប្រឹក្សា​ ​គ្មាន​អ្នកណែនាំ​ ​គ្មាន​សណ្ដាប់ធ្នាប់​ល្អ​ ​គ្មាន​ផាសុកភាព​ ​គ្មាន​កន្លែង​ក​ម្សាន្ត ​គ្មាន​កន្លែង​ស្នាក់​នៅ​ ​និង​គ្មាន​ក្លិ​ប​សិក្សា​ទេ​ ​នោះ​មិនថា​កូន​អ្នកមាន​ ​ឬ​កូន​អ្នកក្រ​ទេ​ ​គឺ​សុទ្ធតែ​អភ័ព្វ​ដូចគ្នា​ ​ហើយ​ការសិក្សា​ក៏​កាន់តែ​ធ្លាក់ចុះ​។​ ​ជា​រួម​ ​បើ​សង្គម​ទី​៣​ ​ពុំបាន​លើកទឹកចិត្ត​ ​ណែនាំ​ ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ទេ​ ​នោះ​កូន​ៗ​នឹង​បន្ត​រត់ទៅរក​សង្គម​ទី​៤​ ​នោះ​គឺ​សង្គម​នៅ​ជុំវិញ​ខ្លួន​។​

​សម្រាប់​សង្គម​ទី​៤​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ចាត់ទុកជា​សង្គម​សំខាន់​ណាស់​ដែរ​ ​ព្រោះ​បើ​សង្គម​នោះ​រ​ញ៉េ​រ​ញៃ ​សង្គម​បោរ​ឡែ​ ​សង្គម​គ្មាន​សុខ​សុវត្ថិភាព​ទេ​ ​នោះ​ការសិក្សា​របស់​ពួកគេ​កាន់តែ​ងងឹត​ឈាន​ទៅ​បរាជ័យ​កាន់តែ​ធ្ងន់ធ្ងរ​។​ ​មានន័យ​ថា​ ​បើ​សង្គម​នោះ​ ​ពោរពេញ​ទៅ​ដោយ​អ្នកផឹក​ស្រា​ស្រែកឡូ​ឡា ​លេងល្បែង​ ​សង្គម​ជេរ​កូនចៅ​ ​សង្គម​វាយ​ទាត់​ធាក់​ ​សង្គម​ប្រើ​អំ​ហិង្សា​ ​សង្គម​ចោរកម្ម​ជាដើម​នោះ​ ​តើ​កូន​ៗ​មាន​អារម្មណ៍​បែប​ណា​? ​ហើយ​ផ្នត់គំនិត​របស់​ពួកគេ​អាច​ល្អ​ប្រសើរ​ដែរ​ទេ​? ​តើ​ការសិក្សា​របស់​ពួកគេ​នឹង​ទៅជា​យ៉ាងណា​?

​អ្នកជំនាញ​រូប​នេះ​សង្កត់ធ្ងន់​ថា​ ​បើ​សង្គម​ទី​៤​នេះ​ ​ពោរពេញ​ទៅ​ដោយ​អវិជ្ជមាន​ ​ពោរពេញ​ទៅ​ដោយ​រាល់​បញ្ហា​មិន​ចេះ​ចប់​ ​នោះ​កូន​ៗ​នឹង​រត់ទៅរក​សង្គម​ទី​៥​បន្ត​ទៀត​ ​ដែល​ជា​សង្គម​អាច​នាំ​ឱ្យ​ជីវិត​ប្រសើរ​ ​ឬ​អាច​ឱ្យ​ជីវិត​កាន់តែ​ដុនដាប​ឡើង​ ​នោះ​គឺ​សង្គម​មិត្ត​ភក្ដិ​។​ ​បើ​តាម​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​អះអាង​ថា​ ​សង្គម​ទី​៥​នេះ​ ​អាច​ធ្វើ​ឱ្យ​កូន​ៗ​របស់​អ្នក​ជួប​ហា​នី​ភ័យ​ច្រើនជាង​គេ​បំផុត​ ​ព្រោះថា​បើ​សេ​ព​គប់មិត្ត​ភក្ដិ​អាក្រក់​ ​នោះ​នឹង​នាំ​យើង​ទៅ​ប្រព្រឹត្តិ​អំពើអាក្រក់​ ​ដែល​សង្គម​ស្អប់ខ្ពើម​ ​គេ​មិនរាប់​រក​។​ ​មានន័យ​ថា​ ​បើ​សេ​ប​គប់​បណ្ឌិត​ ​នឹង​នាំ​យើង​ទៅ​រក​ផ្លូវ​បណ្ឌិត​ ​បើ​សេព​គប់មិត្ត​ជា​ចោរ​ ​នឹង​នាំ​យើង​ទៅ​ធ្វើ​ចោរ​ ​បើ​រាប់អាន​មិត្ត​ភក្ដិ​អ្នក​រៀនសូត្រ​ ​នឹង​នាំ​យើង​ទៅ​រៀនសូត្រ​ ​តែ​បើ​រាប់អាន​មិត្ត​មិន​ល្អ​ ​នឹង​នាំ​យើង​ដើរទៅ​រក​សង្គម​ងងឹត​ ​ផ្លូវ​ទុច្ចរិត​ ​ដែល​អាច​គ្រោះថ្នាក់​ដល់​អាយុជីវិត​ ​ឬ​ខូច​អ​នាគ​ត​អស់មួយជីវិត​។​

​ក្នុង​បទ​សម្ភាស​នេះ​ផង​ដែរ​ ​លោក​ឧកញ៉ា​ ​វេជ្ជបណ្ឌិត​ គួ​ច​ ​ម៉េង​លី​ ​ក៏បាន​ផ្ដាំផ្ញើ​ដល់​អ្នក​អា​ព្យាបាល​ទាំងឡាយ​ ​មិន​ត្រូវ​ទុក​កូន​ៗ​ចោល​ ​ឬ​បណ្ដែតបណ្ដោយ​នោះ​ទេ​ ​ត្រូវ​យកចិត្តទុកដាក់​មើល​ថែទាំ​កូន​ ​និង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​ខ្លួន​ឱ្យ​បាន​ពេញលេញ​។​ ​ជាពិសេស​ ​ត្រូវ​ប្រយ័ត្ន​ខ្ពស់​បំផុត​ទៅលើ​សង្គម​ទាំង​៥​ខាងលើ​នេះ​ ​ព្រោះ​សង្គម​ទាំងនេះ​ ​អាច​ធ្វើ​ឱ្យ​កូន​ជោគជ័យ​ ​ឬ​បរាជ័យ​ ​ឬ​ទៅជា​ក្មេង​ល្អ​ ​ឬ​មិន​ល្អ​បាន​។​

ប្រភព៖ interconrooster

Leave a Reply

Your email address will not be published. Required fields are marked *