អ្នកបោសសម្អាតសឹងតែដកថយ ក្រោយពីឃើញផ្ទះកខ្វក់ដូចសំបុកជ្រូក តែចុងក្រោយបានថ្លៃឈ្នួលជាទីគាប់ចិត្ត

កូរ៉េខាងត្បូង៖ ការសម្អាតផ្ទះជាការងារមួយដែលមនុស្សជាច្រើនមិនចង់ធ្វើ ទោះបីជាវាចាំបាច់ក៏ដោយ។ ជាក់ស្ដែងម្ចាស់ផ្ទះមួយកន្លែងមិនដែលសម្អាតផ្ទះ ហើយទុករហូតទាល់តែទ្រាំលែងបានទើបជួលមនុស្សមកសម្អាតជំនួស។

បុរសជាបុគ្គលិកផ្នែកសម្អាតម្នាក់បានបង្ហោះរូបភាពដែលបង្ហាញពីទិដ្ឋភាពផ្ទះដ៏កខ្វក់ទៅលើបណ្ដាញសង្គម ហើយវាបានបង្កឲ្យមានការជជែកវែកញែកយ៉ាងក្ដៅគគុកផងដែរ។

យោងតាមសម្ដីអ្នកសម្អាតបានឲ្យដឹងថា គាត់ត្រូវបានគេជួលឲ្យទៅសម្អាតផ្ទះមួយកន្លែង ហើយនៅពេលដែលបើកទ្វារចូលទៅ ឃើញថាពិតជាកខ្វក់ហួសពីការគិត និងសឹងតែដួលសន្លប់។ ចំពោះការសម្អាតផ្ទះដ៏កខ្វក់នេះ គាត់បានចាប់ផ្ដើមសម្អាតតាំងពី ៩:០០ព្រឹក រហូតដល់ម៉ោង ៤:០០រសៀល ទើបមានភាពស្រស់ស្អាត និងភ្លឺថ្លាឡើងវិញ។ ក្រោយពីការខំប្រឹងធ្វើការសម្អាតយ៉ាងហ្មត់ចត់រួចមក គាត់បានទទួលថ្លៃឈ្នួលពីម្ចាស់ផ្ទះចំនួនជាង ១លានវ៉ុន (ប្រមាណ ៨៤២ដុល្លារអាមេរិក)។

ក្រោយពីរឿងរ៉ាវខាងលើនេះមានភាពល្បីល្បាញរួចមក មានមហាជនមួយចំនួនបាននិយាយបែបលេងសើចថា ពួកគេនឹងប្ដូរអាជីពទៅជាអ្នកសម្អាតវិញព្រោះអាចរកប្រាក់បានច្រើនត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *