សំណាងដូចធ្លាក់ពីលើមេឃចឹង នាឡិកាដៃ ទិញតែជាង១០ដុល្លារ លក់វិញបានជិត ១ លានដុល្លា…

អង់គ្លេស៖ វាជារឿងដ៏សឹងមិនគួរឲ្យជឿមួយ ដែលនាឡិកាដៃ ចំណាស់ និងខូចទៅហើយនោះ ក្លាយទៅជាវត្ថុបុរាណ ដ៏មានតម្លៃ និងអាចលក់បានប្រាក់ ដល់ទៅជិត ១ លាន ដុល្លារ ដែលតម្លៃទិញមកដំបូង គឺត្រឹមតែជាង១០ដុល្លារ ប៉ុណ្ណោះ។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា នាឡិកាដៃបុរាណ ដ៏អស្ចារ្យមួយនេះ ត្រូវបានផលិតឡើង ក្នុងអំឡុងឆ្នាំ ១៩៤១-១៩៤៣ ដោយក្រុមហ៊ុនអ៊ីតាលី មួយឈ្មោះថា Panerai និងបានសហការ ប្រើប្រាស់គ្រឿងម៉ាស៊ីន របស់ Rolex។ វាជានាឡិកាដៃ ដែលមិនជ្រាបទឹក ហើយវាមានមុខធំ ដែលជាប្រយោជន៍ សម្រាប់មើលនៅក្នុង ទីងងឹត។

នាឡិកាដៃបុរាណ នេះទៀតសោត គឺត្រូវបានផ្តល់ឲ្យ កងកម្លាំងទាហានជើងទឹក របស់ប្រទេសអ៊ីតាលី ជាពិសេសគឺ កងកម្លាំងមុជទឹក ដើម្បីយកទៅប្រើប្រាស់ ក្នុងប្រតិបត្តិការ នានារបស់ពួកគេ។

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងថា ដំបូងឡើយមាន បុរសម្នាក់រស់នៅក្នុង ទីក្រុង Cheshire ប្រទេសអង់គ្លេស បានរកឃើញនាឡិកាដៃនេះ នៅក្នុងថតតុ ខណៈពេលដែលរូបគាត់ កំពុងបោសសំអាត ផ្ទះឪពុករបស់ខ្លួន ហើយវាអាចមកនៅទីនោះបាន គឺដោយសារតែ ឪពុករបស់គេ បានទិញវាពីអ្នកលក់ ទំនិញឡៃឡុងម្នាក់ កាលពីប្រហែល១០ ទៅ២០ឆ្នាំមុន នៅតំបន់ភាគឥសាន របស់ប្រទេសអង់គ្លេស ក្នុងតម្លៃត្រឹម ១០ផោន (១៤.៣៩ដុល្លារ) ប៉ុណ្ណោះ។

ក្រោយមក លោក Niall Williams បានឃើញនាឡិកាដៃនោះ និងយល់ថាវាជា វត្ថុបុរាណដ៏ប្លែក និងមានតម្លៃមួយ ទើបគាត់បានសុំទិញត ក្នុងតម្លៃ៥០០ផោន (៧១៩.៩៥ដុល្លារ) ដើម្បីបានវាមកធ្វើជា កម្មសិទ្ធិ ហើយមិនយូរប៉ុន្មាន រូបគាត់ក៏បាននាំយក នាឡិកាដៃនោះ ទៅដាក់លក់ក្នុងហាងលក់ដេញថ្លៃ Wright Marshall ដោយមានមនុស្សជាច្រើន នាំគ្នាដេញថ្លៃចង់បាន ហើយទីបំផុតវា ក៏ត្រូវបានលក់ចេញក្នុងតម្លៃ ដល់ទៅ ជិត ១ លានដុល្លា៕

ជាមួយគ្នានេះដែរ លោក Niall Williams បាននិយាយថា «វាគឺជាវត្ថុ បុរាណដ៏កម្រមួយ ហើយនាឡិកាដៃ ប្រភេទនេះភាគច្រើន ត្រូវបានគេយកទៅឆ្លាក់ឈ្មោះ ដោយម្ចាស់របស់វា តែសម្រាប់មួយនេះ គឺមិនមាននោះទេ ហើយនេះក៏អាចជា មូលហេតុដែលធ្វើឲ្យវា រឹតតែមានតម្លៃផងដែរ»៕

Leave a Reply

Your email address will not be published. Required fields are marked *