អាងតែខ្លួនឯងជាអ្នករកលុយបាន មិនសូវឲ្យតម្លៃប្រពន្ធដែលជាអ្នកមើលថែកូននៅផ្ទះ ថ្ងៃមួយប្តីលួចអានកំណត់ហេតុប្រពន្ធ ទឹកភ្នែកក៏ស្រក់ហូរដោយមិនដឹងខ្លួន ហើយស្ទុះទៅអោបប្រពន្ធទាំងអួលដើមករ

ជាការពិតណាស់ បុរសភាគច្រើននៅពេលបច្ចុបច្បន្ននេះ តែងតែ ចេញពីផ្ទះដើម្បីរកលុយ ហើយមិនទាន់ទទួលស្គាល់ថា កិច្ចការផ្ទះជារឿងស្មុគស្មាញមួយ ក៏ព្រោះតែមិនធ្លាប់ឆ្លងកាត់ ឬធ្វើខ្លួនឯងដោយផ្ទាល់។ នារីស្ទើរគ្រប់រូប បានធ្លាក់ខ្លួនដូចជាអ្នកបម្រើ បន្ទាប់ពីរៀបការមានកូនរួច ប៉ុន្តែពេលខ្លះ ប្ដីបែរជាមិនយល់ចិត្ត ហើយថែមទាំងបន្ទោស និងមើលស្រាលលើប្រពន្ធថែមទៀតផង។
ដូចនៅក្នុងគ្រួសារមួយប្តីតែចេញទៅរកលុយបាត់ៗ ហើយចុងខែបានសល់លុយខ្លះៗដើម្បីផ្គត់ផ្គងជីវភាពគ្រួសារ។ ថ្ងៃមួយពេលបុរសជាប្ដីមកពីធ្វើការវិញ ស្រាប់តែខឹងប្រពន្ធ ព្រោះតែឃើញសភាពរញ៉េរញ៉ៃទាំងក្នុងផ្ទះ និងលើតុទទួលទានបាយ និងមានចិត្តខឹងប្រពន្ធយ៉ាងខ្លាំង ថានាងជាស្រីខ្ចិលទៀតផង ប៉ុន្តែក្រោយអានបានអានកំណត់ហេតុរបស់នាង ស្រាប់តែ ប្ដូរចិត្តអាណិតនាងស្ទុះទៅអោបនាងតែអួលដើមករទៀតផង។
កាលពីដំបូងឡើយ ប្ដីប្រពន្ធមួយគូនេះ ជាអ្នកធ្វើការដូចគ្នា ហើយមិនធ្លាប់ទាស់ទែងប្រឆាំងគ្នារឿងការងារផ្ទះឡើយ ព្រោះជួយគ្នាធ្វើទាំងនាក់។ ចំណែកបាយម្ហូប ច្រើនតែទទួលទាននៅហាង ឬទិញពីក្រៅស្រាប់ៗ ព្រោះមិនអាចធ្វើទាន់ពេលវេលា។ រំលងបាន ៥ឆ្នាំ ពួកគេទទួលបានចំណងដៃ កូនស្រីម្នាក់ និងកូនប្រុស ២នាក់ ហើយបុរសជាប្ដីក៏បានសម្រេចចិត្ត ឱ្យប្រពន្ធឈប់ធ្វើការ ដើម្បីមើលថែកូនតែម្ដង ដោយខ្លួនជាអ្នករ៉ាប់រងចំណូលតែម្នាក់ ហើយប្តីតែងតែចេញទៅធ្វើការបាត់ៗ។

អ្វីដែលកើតឡើងបន្តរនោះចាប់តាំងពីប្រពន្ធឈប់ពីការងារមក ប្ដីចេះតែយកលេសថាធ្វើការច្រើនជាងមុន ដើម្បីរកលុយ ដោយមិនជួយការងារផ្ទះឡើយ។ ពេលកូនពៅអាយុបាន ១ឆ្នាំ កាន់តែរពឹស នារីជាប្រពន្ធកាន់តែហត់ខ្លាំង ណាមើលកូនផង ណាបោសផ្ទះ រៀបចំបាយម្ហូប បោកសំលៀកបំពាក់ប្ដីផង ១ ម៉ឺនជំពូក ធ្វើតាំងពីព្រឹករហូតដល់ល្ងាច។ ក្រៅពីនេះ នៅមានការងារផ្ទះជាច្រើនទៀត ដែលត្រូវធ្វើជាប្រចាំរាល់ថ្ងៃ រហូតនាងសម្រេចចិត្តសរសេរក្នុងកំណត់ហេតុរបស់នាងដើម្បីកុំឱ្យភ្លេច។
អ្វីដែលកើតឡើងបន្ទាប់ទៀតនោះមានថ្ងៃមួយ ប្ដីមកពីធ្វើការវិញនៅម៉ោង ៨យប់ដូចសព្វមួយដង ហើយក៏ឡើងទៅប្ដូរសំលៀកបំពាក់ ដើម្បីងូតទឹកចុះមកទទួលទានបាយល្ងាច ដែលប្រពន្ធជាអ្នករៀបចំឱ្យ។ ពេលចុះពីងូតទឹកវិញ ប្ដីចងចិញ្ចើមជាប់រហូត ហើយមើលមិនដាក់ភ្នែក នូវរបស់របរទាំងឡាយ ដែលកូនពង្រាយពេញក្នុងផ្ទះ តាំងពីលើសាឡុង រហូតដល់ផ្ទះបាយ។ ឃើញដូចនេះ ប្ដីហាក់មានអារម្មណថាខឹងប្រពន្ធយ៉ាងខ្លាំង ព្រោះគិតថាមិនចេះរៀបចំផ្ទះសោះព្រមទាំងចង់វាយតបនាងថែមទៀតផង។

ពេលនោះប្ដីអង្គុយនៅតុបាយ រង់ចាំប្រពន្ធរៀបចំសព្វគ្រប់ ដោយមិនមាត់កឡើយ ប៉ុន្តែទឹកមុខពោរពេញដោយការមិនសប្បាយចិត្ត។ ពេលប្រពន្ធរៀបចំបាយម្ហូបរួច ក៏អង្គុយចុះមុខប្ដី ដើម្បីទទួលទានជាមួយគ្នា។ ក្រឡេកមើលទៅប្ដី ឃើញមិនមាត់ក ស្មានតែមិនសប្បាយចិត្តព្រោះការងារ ប្រពន្ធក៏ធ្វើជាញញឹមញញែមរួសរាយដាក់ រួចនិយាយថា៖ “បង តោះញាំបាយ ថ្ងៃនេះអូនធ្វើម្ហូបច្រើនណាស់ កុំគិតរឿងការងារច្រើនពេកណា”។
ពេលដែលលោកប្ដីលឺបែបនេះ ក៏និយាយតវិញបែបធ្ងន់សំឡេងថា៖ “ឆ្ងល់ណាស់ រាល់ថ្ងៃធ្វើអីខ្លះ? ម៉េចមិនចេះរៀបចំផ្ទះឱ្យស្អាតបាតតិចទៅ។ មកពីធ្វើការហត់ ឃើញចឹងទៀត គ្មានអារម្មណបាយទឹកអីទេ”។ សម្ដីនេះ ដូចកាំបិតចាក់ចំបេះដូងនារីជាប្រពន្ធ។ នាងទម្លាក់ទឹកមុខ ប្រែពីញញឹម ទៅជាស្រពាប់ស្រពោន កែវភ្នែកពោរពេញដោយទឹករលីងរលោង រករមៀលធ្លាក់ចុះតែនាងទ្រាំទប់ដើម្បីកុំឲ្យកូនទាំងបីរបស់នាងឃើញ។ នាងទម្លាក់ស្លាបព្រា ដែលបម្រុងនឹងដួសបាយ ទៅលើចានវិញ រួចក៏ចូលទៅក្នុងបន្ទប់ យោលអង្រឹងកូនដែលកំពុងគេងបណ្ដើរ ខ្សឹកខ្សួលបណ្ដើរ ហូរទឹកភ្នែកបណ្តើរ។
ពេលលោកប្ដីឃើញបែបនេះ ក៏មិនទទួលទានអាហារដូចគ្នា ហើយក្រោកយកបាយម្ហូបទៅផ្ទះបាយវិញ ដើម្បីគ្របទុក។ ពេលទៅដល់ផ្ទះបាយ ប្ដីស្រាប់តែ ប្រទះឃើញសៀវភៅកំណត់ហេតុប្រពន្ធមួយក្បាលដែលកត់ត្រាពីសកម្មភាពរបស់នាងដើម្បីកុំឲ្យភ្លេច។ អ្វីដែលនាងបានសរសេរនោះ “ការងារត្រូវធ្វើថ្ងៃនេះ” ដោយមានសរសេរពេញទាំងមុខទាំងក្រោយ នៃទំព័រហើយមានឆូតចោលការងារដែលធ្វើហើយផងដែរ ដោយក្នុងនោះមានសកម្មភាពដូចជា ម៉ោង 5 ក្រោកឡើងរៀបចំអាហារពេលព្រឹក ឲ្យកូន និងប្តីសំឡាញ់, ម៉ោង 6 ចាប់ផ្ដើមលាងចានឲ្យស្អាត បោសផ្ទះ ជូតផ្ទះ ងូតទឹកឱ្យកូន, ម៉ោង8 បោកសំលៀកបំពាក់, ម៉ោង10 ទៅផ្សារទិញម្ហូប, ម៉ោង ១១ ធ្វើម្ហូបពេលថ្ងៃ, ម៉ោង១ នាំកូនទៅពេទ្យ… បញ្ជីរាយឈ្មោះការងារ តាំងពីព្រឹកមក ត្រូវគូសចោលអស់ ដែលមានន័យថា ធ្វើរួចទៅហើយ ប៉ុន្តែនៅសល់ការងារ ៣ចុងក្រោយ ដែលមិនទាន់បានធ្វើ។

នៅក្នុងក្រដាសសរសេរថា ម៉ោង ៨យប់ កំដរប្ដីជាទីស្រលាញ់ ញាំបាយជុំគ្នា, ម៉ោង ៩យប់ លាងចាន និងរៀបចំផ្ទះ, ម៉ោង ១០ អ៊ុត សំលៀកបំពាក់ជូនប្តី។ គ្រាន់តែឃើញភ្លាម ប្ដីចាប់ផ្ដើមមានអារម្មណអាណិតប្រពន្ធ និងគិតឡើងវិញនូវពាក្យរបស់ខ្លួន ដែលសួរនាងថា “ធ្វើអ្វីខ្លះរាល់ថ្ងៃនេះ?”។ ប្ដីកាន់ក្រដាសនោះ ចូលទៅបន្ទប់ ហើយឱបប្រពន្ធដែលកំពុងយំ និងចាប់ផ្ដើមសម្រក់ទឹកភ្នែកដោយរំជួលចិត្តជាមួយនាង ហើយក៏បានស្ទុះទៅអោបនាងព្រមជាមួយពាក្យលង់លោមថា “ឱ្យបងសុំទោសផង ប្រពន្ធជាទីស្រលាញ់… បងខុសហើយ បងពិតជាមិនដឹងថា ការងារមានច្រើនបែបនេះទេ”។ ប្រពន្ធក៏យំកាន់តែខ្លាំង យំព្រោះតែការលះបង់ទាំងប៉ុន្មានដែលធ្វើកន្លងមក ទើបប្ដីបានដឹងនៅថ្ងៃនេះ។ តាមពិត ពេលនាងកំពុងដាំបាយធ្វើម្ហូប នាងត្រូវបំពេកូនឱ្យដេក ហើយត្រូវរៀបចំបាយឱ្យប្ដីទៀត ទើបគិតថាទុកការរៀបចំផ្ទះចុងក្រោយ ព្រោះគ្មានចន្លោះពេលសម្រាប់ធ្វើឡើយ។
ថ្ងៃបន្ទាប់ ប្ដីមកពីធ្វើការដូចរាល់ដងគឺម៉ោង ៨យប់ ប៉ុន្តែមិនបានឡើងទៅងូតទឹកភ្លាមទេ។ អំឡុងពេល ប្រពន្ធកំពុងរៀបចំបាយទឹក ប្ដីបានជួយរៀបចំរបស់របរដែលកូនលេងទុកវិញ រួចជូតតុបាយ និងទៅមើលក្នុងផ្ទះបាយ ក្រែងប្រពន្ធមានអ្វីឱ្យជួយ។ បន្ទាប់មក ទើបឡើងទៅងូតទឹក ដើម្បីរៀបចំទទួលទានបាយជាមួយគ្នា មិនដូចជាម្សិលមិញ ដែលប្រពន្ធត្រូវធ្វើម្នាក់ឯងឡើយ។ អាហារមួយពេលនេះ មានន័យណាស់ គឺប្ដីជាអ្នកដួសបាយ ដួសម្ហូបមក ហើយមានពេលអង្គុយញាំជុំគ្នា និងរៀបចំប្រមូលជាមួយគ្នា។
ចំពោះអត្ថន័យអប់រំ សូមប្រិយមិត្តព្យាយាមស្វែងយល់ដោយខ្លួនឯង ដែលមានបង្កប់ជាច្រើនកន្លែង៕

Leave a Reply

Your email address will not be published. Required fields are marked *