ឪពុកអ្នកមាននាំកូនឲ្យទៅស្គាល់ផ្ទះអ្នកក្រមានអ្វីខ្លះ ស្រាប់តែឪពុកភ្ញាក់ខ្លួនព្រើត
ថ្ងៃមួយឪពុកដែលជាអ្នកមានទ្រព្យធនហូរហៀរម្នាក់ បាននាំកូនប្រុសទៅលេងជនបទ ដើម្បីបង្ហាញថាការរស់នៅក្នុងស្ថានភាពក្រនាំឲ្យជីវិតលំបាកយ៉ាងណា។ ពួកគេបានចំណាយពេលពីរបីថ្ងៃ ស្នាក់នៅកសិដ្ឋានកម្សត់មួយ សម្ងំចាំមើលទៅគ្រួសារក្រលំបាកបំផុតមួយ។
បន្ទាប់ពីដំណើរកម្សាន្តចប់ត្រលប់ទៅផ្ទះវិញ ឪពុកបានសួរកូនប្រុសពីចំណាប់អារម្មណ៍ចំពោះការផ្សងព្រេងក្នុងនាមជាអ្នកក្រ។ “អស្ចារ្យណាស់ប៉ា…” កូនប្រុសឆ្លើយតបឪពុក។ “ចុះកូនប្រុសមានឃើញថាអ្នកក្រអាចធ្វើអ្វីបានខ្លះទេ?”។ ឪពុកសួរបន្ត ឯកូនក៏បានឆ្លើយថា “បាទ… ឃើញ”។
”អ៊ីចឹងកូនបានរៀនអ្វីខ្លះពីដំណើរកម្សាន្តនេះ”?… កូនប្រុសបានឆ្លើយថា “ខ្ញុំឃើញថា យើងមានឆ្កែមួយ ឯពួកគេមានដល់ទៅបួន…. យើងមានអាងហែលទឹកមួយដល់កណ្ដាលសួន ឯពួកគេវិញមានព្រែកដាច់កន្ទុយភ្នែក… ពេលយប់យើងមានគោមនៅក្នុងសួន តែពួកគេមានផ្កាយពេញមេឃ… យើងមានសួនដល់មុខផ្ទះ ឯពួកគេវិញមានដល់ជើងមេឃ”។
កូនប្រុសបានបន្តទៀតថា “យើងមានដីតូចសម្រាប់រស់នៅ ឯពួកគេវិញមានដីស្រែល្វឹងល្វើយ ទេសភាពខុសពីកន្លែងយើង… យើងមានអ្នកតាមបម្រើ តែពួកគេវិញតាមបម្រើអ្នកផ្សេង… យើងទិញអាហារញ៉ាំ តែពូកគេដាំខ្លួនឯង… យើងមានរបងនៅជុំវិញដើម្បីការពារខ្លួន តែពួកគេមានញាតិមិត្តជិតខាងជាអ្នកការពារ”។ ឪពុកក្មេងប្រុសមិនបាននិយាយអ្វីកាត់ទេ ហើយកូនប្រុសក៏បានបន្ថែមទៀតថា “វាបង្ហាញឲ្យខ្ញុំឃើញថា ពួកយើងពិតជាក្រណាស់..”។
កាលពីដំបូងឪពុកគ្រាន់តែចង់បង្រៀនកូនឲ្យស្គាល់ភាពក្រថាលំបាកយ៉ាងណាប៉ុណ្ណោះ ប៉ុន្តែមិននឹកស្មានថាកូនប្រុសចេះនឹកឃើញដល់ថ្នាក់នេះឡើយ។ ចេះនឹកឃើញពីអ្វីដែលខ្លួនគ្មាន ដឹងពីអ្វីដែលខ្លួនមាន និងភ្ញាក់រលឹកស្គាល់ទុក្ខលំបាក ព្រមទាំងភាពខុសគ្នារវាងអ្នកក្រ និងអ្នកមាន។
តម្លៃអប់រំរឿង៖ បើទោះបីមានទ្រព្យប៉ុណ្ណាក៏មនុស្សមិនចេះស្កប់ស្កល់ដែរ លុះត្រាតែចេះពិចារណាប្រៀបធៀបបែបនេះទើបអាចរំងាប់អារម្មណ៍។ យើងចេះតែភ្លេចថាយើងមានអ្វី ហើយគ្មានអ្វី របស់ដែលឥតប្រយោជន៍សម្រាប់មនុស្សម្នាក់ បែរជាមានតម្លៃសម្រាប់អ្នកផ្សេង ទាំងអស់នេះ វាគ្រាន់តែជាទស្សនៈរបស់មនុស្សម្នាក់ប៉ុណ្ណោះ។ អ្នកក្រអាចរីករាយតាមបែបអ្នកក្រ ចំណែកអ្នកមានអាចរកវិធីរីករាយតាមបែបអ្នកមាន សំខាន់ត្រូវចេះពេញចិត្តអ្វីដែលកំពុងកាន់ក្នុងដៃ៕