លោកគ្រូពេទ្យមុខលុយ ចេញលទ្ធផលឲ្យអ្នកជម្ងឺដោយមិនពិនិត្យជាថ្នូរនិងលុយ ចុងក្រោយកូនប្រុសជួបរឿងអកុសល ទើបមានវិប្បដិសារីអស់មួយជីវិត….

លោកវេជ្ជបណ្ឌិត ដាញ៉ែ គឺជាអ្នកជំនាញខាងឈាម និងកាមរោគ្គ នៅមន្ទីរពេទ្យរដ្ឋល្បីឈ្មោះមួយ ។ ជាមួយគ្នានេះ ដាញ៉ែ ក៏មានគ្លីនិកឯកជនផ្ទាល់ខ្លួនផងដែរ។ គ្លីនិករបស់គាត់នៅមិនឆ្ងាយប៉ុន្មានពីកន្លែងដែលគាត់ធ្វើការនោះទេ។ គាត់តែងរតចុះឡើងចំពោះមន្ទីពេទ្យដែលគាត់ធ្វើការ និងគ្លីនិករបស់គាត់។ អ្នកជិតខាង និងអ្នក គ្រប់គ្នាសុទ្ធតែល្បីថា វេជ្ជបណ្ឌិតរូបនេះ ជាវេជ្ជបណ្ឌិតមុខលុយ មិនសូវគិតពីសុខភាពប្រជាជនប៉ុន្មានទេ គឺគិតតែលុយប៉ុណ្ណោះ បើនិយាយឲ្យចំទៅគឺយ៉ាប់តែម្តង។ បើបានឲ្យលុយមុន ទើបលោកព្យាបាលជាក្រោយ ហើយលឿនទៀត។ ចំណែកនៅមន្ទីរពេទ្យរដ្ឋវិញ លោក ដាញ៉ែ វិភាគឈាមគេ ដោយពេលខ្លះមិនទាំងបានជួសឈាមមកពិនិត្យផង ឲ្យតែដាក់លុយគឺចេញលទ្ធផលភ្លាមៗតែម្ដងគឺប្រៀបបាននិងទេវតាចឹង គ្រាន់តែឃើញមុខភ្លាមក៏ដឹងទៅហើយ។

ដូចគ្រប់គ្នាដឹងទៅហើយថា មុនចូលបម្រើការងារនៅកន្លែងមួយចំនួន និងមុនពេលរៀបអាពាហ៍ពិពាហ៍ គេតម្រូវឲ្យទៅពិនិត្យឈាមបញ្ជាក់សុខភាព នៅមន្ទីរពេទ្យរដ្ឋឬគ្លីនិកឯកជនក៏បាន។ តែពិនិត្យនៅមន្ទីពេទ្យរដ្ឋអស់ថ្លៃសេវាតិច។ ជាទូរទៅប្រជាជនទៅពិនិត្យឈាមនៅមន្ទីពេទ្យរដ្ឋ ដែលលោក ដាញ៉ែធ្វើការ។ វេជ្ជបណ្ឌិតរូបនេះ ធ្វើការយឺតណាស់ បើអ្នកទៅពិនិត្យបង់ថ្លៃសេវាតាមរដ្ឋកំណត់ ហើយលទ្ធផលក៏មិនងាយចេញដែរ។ ប៉ុន្តែបើអ្នកដាក់លុយ ៣ ឬ ៤ សន្លឹក គឺត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ នឹងចេញក្រដាសបញ្ជាក់ឲ្យ ដោយមិនចាំបាច់ឆ្លងកាត់ការជួសឈាមពិនិត្យឡើយគឺគាត់មិនខ្វល់ទេ សំខាន់គាត់បានលុយ។ លោក វេជ្ជបណ្ឌិត ដាញ៉ែ ធ្វើបែបនេះអស់ ១០ ឆ្នាំ ចេញក្រដាសបញ្ជាក់ដោយមិនឆ្លងកាត់ការពិនិត្យអស់រាប់ពាន់នាក់ រហូតរកប្រាក់បានយ៉ាងច្រើនក្រាស់ក្រែល យកទៅបើកគ្លីនិកផ្ទាល់ខ្លួន ដូចបានរៀបរាប់ខាងលើ។ ចំពោះប្រធានមន្ទីរពេទ្យ បានដឹងថា លោក ដាញ៉ែ ធ្វើបែបនេះក៏ដោយ ប៉ុន្តែធ្វើជាមិនដឹង ព្រោះលោក ដាញ៉ែ ជាអ្នករកប្រាក់បង់ទៅឲ្យប្រធានដាក់ខែតែម្ដង បានទាំងខ្ទាស់ៗតែម្តង។ ច្រើនឆ្នាំកន្លងផុត វប្បធម៌បញ្ជាក់ដោយមិនពិនិត្យឈាមរបស់លោក ដាញ៉ែ មិនដឹងថាប៉ះពាល់ដល់អ្នកណាខ្លះ ព្រោះពេលខ្លះអ្នកមានជំងឺផ្សេងៗ ក៏អាចរៀបការលាក់ប្រវត្តិបាន ដោយសារតែអំណាចទឹកប្រាក់របស់ពួកគាត់ចំពោះលោកវេជ្ជបណ្ឌិត ដាញ៉ែ។ បន្ទាប់មកអ្នកដែលធ្វើការនៅក្នុងមន្ទីរពេទ្យរដ្ឋ ចាប់ផ្ដើមកើតចិត្តច្រណែននឹងលោក ដាញ៉ែ ដែលរកលុយបានស្រួលៗ ច្រើនៗ ។ ក្រោយពេលដឹងរឿងពិត វេជ្ជបណ្ឌិតមួយចំនួន ក៏បានចាប់ផ្ដើមធ្វើបែបនេះដែរ ប៉ុន្តែលោកវេជ្ជបណ្ឌិត ដាញ៉ែ មិនបានដឹងឡើយ។ បន្ទាប់មក មានកញ្ញា វេជ្ជបណ្ឌិតវ័យក្មេងម្នាក់ ទើបចូលធ្វើការជាជំនួយការរបស់លោក ដាញ៉ែ ដែលត្រូវរៀនសូត្រតាមលោក ដាញ៉ែ ហើយពេលធ្វើការជាមួយគ្នា កញ្ញា វេជ្ជបណ្ឌិតវ័យក្មេងក៏ទទួលបានលុយខ្លះស្រួលៗ ដែលលោក ដាញ៉ែ ផ្ដល់ឲ្យ ក្រោយពេលចេញលិខិតបញ្ជាក់លឿនៗ ដោយមិនចាំបាច់ជួសឈាម។ ទោះបីជាបានលុយស្រួលៗមានតែ កញ្ញា វេជ្ជបណ្ឌិតវ័យក្មេង មានអារម្មណ៍ថាមិនស្រួលក្នុងចិត្ត ក៏សួរទៅលោកវេជ្ជបណ្ឌិត ដាញ៉ែ ថា៖ «បង វេជ្ជបណ្ឌិត ដាញ៉ែ បើយើងចេញលិខិតឲ្យគេ អត់ជួសឈាមចឹង មានបញ្ហាអត់ បើអ្នកខ្លះមានជំងឺអីក៏យើងមិនដឹង ហើយយើងដាក់ថាល្អទាំងអស់ តើនេះមិនអាក្រក់ពេកទេ? តើវាអាចបាបទេ?»។ លោក ដាញ៉ែ ក៏បានឆ្លើយភ្លាមថា៖ «មិនអីទេ យើងសួរគេទៅ ធ្លាប់មានជំងឺអីអត់ ហើយបើគេថាអត់ យើងមើលតែរូបរាងគេទៅ បើមាំមាំ វាគ្មានជំងឺអីទេ… អ្នកខ្លះគេចង់បានលឿន យើងលួចធ្វើឲ្យគេខ្លះទៅ វាអាក្រក់ ហើយក៏មិនបាបអីដែរ វាទៅជាបានបុណ្យទៅវិញទេ ណា កុំបារម្មណ៌អី»។ ជាមួយគ្នានេះ លោក វេជ្ជបណ្ឌិត ដាញ៉ែ បាន ប្រាប់កញ្ញាវេជ្ជបណ្ឌិតវ័យក្មេងថា៖ «តែបើខ្ញុំមិននៅ ត្រូវពិនិត្យឈាមឲ្យបាន ព្រោះមានតែខ្ញុំតែម្នាក់ទេក្នុងលោកនេះដែលមើលទៅដឹង អ្នកណាមានជំងឺ អ្នកណាអត់»។ ក្រោយលោកនិយាយប្រាប់បែបនេះ ព្រោះខ្លាចកញ្ញា វេជ្ជបណ្ឌិតវ័យក្មេង លួចរកស៊ីពេលលោកមិននៅ តែតាមពិតលោកក៏មិនអាចមើលដឹងអ្នកណាមានជំងឺអត់ ដោយភ្នែកទទេដែរ ហើយគ្មានពេទ្យណាអាចមើលដឹងដូចគ្នា នេះគ្រាន់តែជាការកុហកប៉ុនណ្ណោះ។ ក្រោយមក ជិត២ឆ្នាំ កញ្ញា វេជ្ជបណ្ឌិតវ័យក្មេងកាន់តែហ៊ាន ហើយពេលលោក វេជ្ជបណ្ឌិតដាញ៉ែ មិននៅ ក៏លួចចេញក្រដាសបញ្ជាក់សុខភាព ដោយមិនពិនិត្យឈាម ជាថ្នូរនឹងលុយដែលគេឲ្យដែរ។ ប៉ុន្តែសកម្មភាពនេះ លោក ដាញ៉ែ មិនបានដឹងនោះទេ ព្រោះទុកចិត្តថា វេជ្ជបណ្ឌិតវ័យក្មេងមិនហ៊ានធ្វើបែបនេះ លោកក៏មិនបានតាមដានដែរ ហើយគាត់ជឿរស៊ុបតែម្តង។ ដូចអ្វីបានទទឹងរង់ចាំ ថ្ងៃរៀបការកូនប្រុសតែម្នាក់គត់ជិតចូលមកដល់ ដាញ៉ែ រវល់កាន់តែខ្លាំង ក៏ទុកឲ្យកញ្ញា វេជ្ជបណ្ឌិតវ័យក្មេងទទួលការងារជំនួសម្ដងម្កាល។ ថ្ងៃមួយ មាននារីវ័យក្មេងស្រស់ស្អាត ម្នាក់អាយុប្រមាណ ២០ឆ្នាំ បានទៅសុំបញ្ជាក់សុខភាព ប៉ុន្តែចង់បានឆាប់ ព្រោះត្រូវយកទៅឲ្យអាជ្ញាធរដើម្បីចេញលិខិតអនុញ្ញាតឲ្យរៀបការ។ គ្រានោះកញ្ញា វេជ្ជបណ្ឌិតវ័យក្មេង មើលទៅនារីវ័យក្មេងនោះ មាំទាំគ្រាន់បើ ក៏សម្រេចចិត្តយកលុយ ហើយចេញលិខិតបញ្ជាក់ភ្លាម ដោយមិនឆ្លងកាត់ការធ្វើតេស្តឈាមទេ ជាថ្នូរនិងលុយ ១០០ ដុល្លា។ រីឯ លោក ដាញ៉ែ បាន

រៀបចំមង្គលការប្រុស យ៉ាងធំដុំក្នុងនាមជាអ្នកមានលុយច្រើន អញ្ជើញភ្ញៀវមានមុខមាត់គ្រប់ទិសទី ដោយកិត្តិយសបំផុត ព្រោះប្រឹងជាច្រើនឆ្នាំរកបានពីកម្លាំងញើសឈាមរបស់ប្រជាជន។ ប្ដីប្រពន្ធមួយគូនេះ រស់នៅជាមួយគ្នាបានប្រមាណ ៣ឆ្នាំ ក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺរៀងខ្លួន មានជំងឺគ្រប់មុខ ដូចអ្វីដែលនឹងបានត្រូវកើតឡើង។ លោក វេជ្ជបណ្ឌិត ដាញ៉ែ មានការសង្ស័យ ក៏ជួសឈាមកូនប្រស់របស់គាត់មើល ឯលទ្ធផលគួរឲ្យរន្ធត់ចិត្តយ៉ាងខ្លាំង។ កូនប្រុសរបស់គាត់បានឆ្លងជំងឺអេដស៍ពីប្រពន្ធរបស់គាត់ ដែលរៀបការជាមួយគ្នាពេញច្បាប់នោះ។ លោក ដាញ៉ែ ហាក់រកពាក្យថ្លែងមិនចេញ ក៏ទៅសើរើឯកសាររបស់អាជ្ញាធរ ថាលទ្ធផលឈាមនោះវាយ៉ាងណា ហេតុអ្វីមិនដឹងថាកូនប្រសាខ្លួនមានមេរោគអេដស៍យ៉ាងដូចនេះ។ ចំនែកនៅលើឯកសារ គឺបញ្ជាក់ថាល្អទាំងអស់ ដោយមិនមានជំងឺកាមរោគអ្វីទេ ចំណែកថ្ងៃចុះហត្ថលេខាគឺជាថ្ងៃដែលលោកមិននៅ និងមានឈ្មោះកញ្ញា វេជ្ជបណ្ឌិតវ័យក្មេងដែលជាជំនួយការបស់លោកនោះឯង ។ ភ្លាមៗលោកបានទៅសួរកញ្ញាវេជ្ជបណ្ឌិតវ័យក្មេង ក៏បានរៀបរាប់ដំណើររឿងពិត កាលពីជាង ៣ឆ្នាំមុន ដែលលោក ដាញ៉ែ លឺហើយ ស្ទើរដាច់ខ្យល់ភ្លាម មិននឹកស្មានថាប៉ះលើខ្លួនឯង។ កូនប្រសាលោក ដាញ៉ែ បានសារភាពថា ធ្លាប់មានរឿងមិនល្អមុនរៀបការ ហើយបុរសដែលនាង ធ្លាប់គេងជាមួយ បានស្លាប់កាលពី ២ឆ្នាំមុននេះ ដោយសារមេរោគអេដស៍។ ក្នុងគ្រាលំបាកបែបនេះ លោកវេជ្ជបណ្ឌិត ដាញ៉ែ មានវិប្បដិសារីខ្លាំងណាស់ បានត្រឹមឱបប្រពន្ធយំ ព្រោះមិននឹកស្មានដល់ថា កូនប្រុសតែម្នាក់គត់បែរជួបរឿងអកុសលបែបនេះ។ លោកនឹកគិតឡើងវិញ ក៏ភ្ញាក់ខ្លួនថា មិនដឹងមានមនុស្សប៉ុន្មាននាក់ រងគ្រោះដោយសារសកម្មភាពដែលលោកធ្វើជាច្រើនឆ្នាំមកហើយនោះ។ ទ្រព្យសម្បត្តិដែលលោករកបាន ក៏មិនអាចយកមកជួយកូនឲ្យរួចផុតពីជំងឺកាចសាហាវគ្មានឆ្នាំព្យាបាល។ ចុងក្រោយ គឺមានត្រឹមថាពាក្យស្ដាយក្រោយ។ ហើយ ចាប់តាំងពីពេលនោះមក លោកវេជ្ជបណ្ឌិត ដាញ៉ែ បានខិតខំកែប្រែខ្លួន ឲ្យក្លាយជាវេជ្ជបណ្ឌិតត្រឹមត្រូវ ព្រោះលោកមិនចង់ឲ្យអ្នកដ៏ទៃមានវិប្បដិសារីដូចខ្លួន៕ តម្លៃអប់រំ៖ -នៅក្នុងការងារជំនាញរបស់ខ្លួនមិនត្រូវយកលុយ មកបាំងនៅវិជ្ជជីវះរបស់ខ្លួននោះទេ។ -ការចេះកែកំហុសរបស់ខ្លួនទោះស្ថិតក្នុងគ្រាលំបាកយ៉ាងណាក៏ដោយ ព្រោះវាជាក្រមសីលធម៌៕

Leave a Reply

Your email address will not be published. Required fields are marked *