សម្តេចសង្ឃនាយក នន្ទ ង៉ែត បើឃើញព្រះតេជគុណ ឡុង ចន្ថា នៅទីណា ត្រូវចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យា

សម្តេចសង្ឃ នន្ទ ង៉ែត សម្តេចព្រះសង្ឃនាយកនៃគណៈមហានិកាយ បានណែនាំទៅព្រះមេគណទាំង២៥រាជធានី-ខេត្ត មិនត្រូវផ្តល់កន្លែងគង់អាស្រ័យដល់ព្រះតេជគុណ ឡុង ចន្ថា ទៀតនោះឡើយ ហើយត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យាដែលលោកបានធ្វើ នេះបើតាមលិខិតប្រគេនទៅព្រះមេគណទាំង២៥រាជធានី-ខេត្តនៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០នេះ។

នៅក្នុងលិខិតនោះ សម្តេច នន្ទ ង៉ែត បានគូសបញ្ជាក់ថា វិធានការនេះធ្វើឡើងបន្ទាប់ពីព្រះតេជគុណ ឡុង ចន្ថា ពុំបានអនុវត្តនូវកិច្ចសន្យាក្នុងការលាចាកសិក្ខាបទ ដែលបានធ្វើជាមួយសាលាគណខេត្តតាកែវក្នុងសកម្មភាពប្រព្រឹត្តខុសវិន័យនាពេលកន្លងទៅ។

សម្តេចព្រះសង្ឃនាយក បានចាត់ទុកការមិនធ្វើតាមសន្យារបស់ព្រះតេជគុណ ឡុង ចន្ថា ជាកាយវិការមិនលុះក្នុងធម៌វិន័យ និងការអប់រំ ជាកាយវិកាប្រទូស្តសារ៉ាយសាសនា ជាអ្នកមិនចម្រើនដល់សាសនា និងជាអ្នកទម្លុះរដ្ឋបាលសង្ឃ ដែលពុំអាចឱ្យស្ថិតនៅក្នុងភេទជាបព្វជិតក្នុងព្រះពុទ្ធសាសនាបន្តទៀតបានឡើយ។

ហេតុដូចនេះ បើឃើញបុគ្គល ឡុង ចន្ថា ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន សូមព្រះមេគណរាជធានី-ខេត្ត ត្រូវសហការជាមួយអាជ្ញាធរចាត់វិធានការឱ្យលាចាកសិក្ខាបទតាមកិច្ចសន្យា។

គួររំលឹកផងដែរថា តេជគុណ ឡុង ចន្ថា ​​ធ្លាប់បានប្រកាសកាលពីកន្លងទៅ ថានៅថ្ងៃទី១៤ ខែឧសភា នេះនឹងលាចាក​សិក្ខាបទ​(​សឹក​)​ដោយ​ខ្លួនឯង​ ក្រោយពីលេចបែកធ្លាយវីដេដូឆាតជាមួយនារីម្នាក់ ហើយតេជគុណឡុង ចន្ថា ក៏បានលើកឡើងថាការសឹកនេះ គឺសឹកដោយខ្លួនឯង មិនមានការបង្ខិតបង្ខំ តែដើម្បីកុំឲ្យប៉ះពាល់ដល់តម្លៃព្រះពុទ្ធសាសនា។ តែដល់ថ្ងៃកាលកំណត់ បែរជាប្រកាសមិនសឹកវិញ ដោយអះអាងថានិស្ស័យព្រះផ្នួសមិនទាន់អស់ និងបាត់ព្រះកាយមិនដឹងទៅទីណា មកទល់ថ្ងៃនេះ។

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *