សោកស្ដាយ! ដំរីចាស់វស្សារបស់កម្ពុជាឈ្មោះ«ប៉ាក់ម៉ៃ» បានបាត់បង់ជីវិតហើយ
ភ្នំពេញ៖ ក្រសួងបរិស្ថានបានសម្តែងនូវការសោកស្តាយ ចំពោះការបាត់បង់សត្វដំរីមួយក្បាលឈ្មោះ «ប៉ាក់ម៉ៃ» ដែលបានបាត់បង់ជីវិត ដោយសារជំងឺកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ ២០២០។ ហើយការបាត់បង់សត្វដំរីប៉ាក់ម៉ៃនេះ គឺជាការបាត់បង់សត្វដំរីជាប្រភេទសត្វកម្រនៅកម្ពុជា។
ប៉ាក់ម៉ៃ ជាដំរីឈ្មោលមួយក្បាល មានអាយុ៣៧ឆ្នាំ រស់នៅក្នុងចំណោមដំរីទាំង៤ក្បាលផ្សេងទៀត ដែលកំពុងតែស្ថិតនៅក្រោមការថែទាំយ៉ាងយកចិត្តទុកដាក់ ពីសមាគមអភិរក្សដំរីខ្មែរអៃរាវត្តា ស្ថិតក្នុងខេត្ដរតនគីរី។
គួរឲ្យដឹងដែរថា នៅក្នុងប្រទេសកម្ពុជាដំរីអាស៊ីមានចំនួនប្រមាណពី ៤០០ ទៅ៦០០ក្បាល ដែលភាគច្រើនរស់នៅក្នុងតំបន់ជួរភ្នំក្រវាញតំបន់ខ្ពង់រាបខាងជើងទន្លេសាប និងតំបន់ខ្ពង់រាបភាគខាងកើតក្នុងខេត្តមណ្ឌលគីរី ដែលជាតំបន់ជីវៈចម្រុះដ៏សម្បូរបែប ប្រព័ន្ធអេកូទ្បូស៊ី និងមានទីជម្រាលអំណោយផលដល់ការរស់នៅរបស់សត្វដំរី និងសត្វព្រៃផ្សេងៗទៀត ។
នាពេលបច្ចុប្បន្ន ដំរីអាស៊ីកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរនៅទូទាំងដែនជម្រករបស់វាក្នុងសកលលោកហើយក៏ត្រូវបានចាត់បញ្ចូលជាប្រភេទសត្វជិតផុតពូជនៅក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្ដរជាតិដើម្បីការអភិរក្សធម្មជាតិ (IUCN) ផងដែរ៕
ប្រភព៖ Ministry of Environment (ក្រសួងបរិស្ថាន)