ប្ដីលោភលន់ឲ្យប្រពន្ធកប់លុយ​ទៅតាមពេលស្លាប់ តែ​ប្រពន្ធបែរធ្វើរឿង​ភ្ញាក់ផ្អើលមួយ

បុរស​ម្នាក់​ខំ​ប្រឹង​ធ្វើការ​ឥត​ឈប់​ឈរ ដោយ​ចំណាយ​កម្លាំង​ពីរ​ដង​ជាង​ធម្មតា ដើម្បី​រក​ប្រាក់​មក​ចំណាយ​ទាំង​កំណាញ់ និង​សន្សំ​ទុក​សម្រាប់​ជីវិត ហើយ​ពេល​រៀប​ស្លាប់​​ទៅ​ហើយ​នៅ​លោភលន់​ចង់​បាន ផ្ដាំ​ឲ្យ​ប្រពន្ធ​កប់​លុយ​ទាំង​អស់​ជាមួយ​ខ្លួន​ទៀត។ រឿង​មួយ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ចែក​ចាយ​ត​គ្នា​ពាស​ពេញ​ពិភពលោក ត្រឹម​ពេល​ដ៏​ខ្លី​ប៉ុណ្ណោះ។

ជា​ធម្មតា​មនុស្ស​ដាក់​ចិត្ត​ធ្វើការ​រក​លុយ ក៏​ដើម្បី​ចំណាយ​សម្រាប់​គ្រួសារ និង​បំពេញ​តម្រូវការ​ជីវិត​ឲ្យ​បាន​ប្រសើរ​សុខ​ស្រួល​ដូច​គេ​ដូច​ឯង។ ចំណែក​មនុស្ស​មួយ​ចំនួន​ទៀត ខំប្រឹង​បញ្ចេញ​ញើស​ឈាម រួច​សន្សំ​​លុយ​ទុក​យ៉ាង​ច្រើន បើ​ទោះ​បី​ដឹង​ថា​​ថា​ខ្លួន​ចាស់ ហើយ​ពេល​ស្លាប់​មិន​អាច​នាំ​យក​លុយ ឬ​ទ្រព្យ​ទាំង​នោះ​ទៅ​តាម​ខ្លួន​ក្ដី។

មិន​ខុស​គ្នា បុរស​ម្នាក់​ប្រឹង​ធ្វើការ​រក​ប្រាក់​ដូច​គេ​ដូច​ឯង​ដែរ ប៉ុន្តែ​បែរ​ជា​កំណាញ់​ម៉ៅ​ស្វិត​មិន​គិត​អ្នក​នៅ​រស់។ ចៃដន្យ​ថ្ងៃ​មួយ បុរស​លោភ​លន់​បាន​ប្រាប់​ប្រពន្ធ​នូវ​បំណង​ប្រាថ្នា​មិន​នឹក​ស្មាន​ដល់​ថា​ចង់​ឲ្យ​នាង​កប់​លុយ​ទាំង​អស់​ដែល​គេ​រក​បាន​ទៅ​ជាមួយ​នៅ​ពេល​ស្លាប់ មិន​គិត​ទុក​ឲ្យ​ប្រពន្ធ​កូន​ឡើយ។
ពេល​វេលា​ដើរ​កាន់​តែ​លឿន ឯ​បុរស​ជា​ប្ដី​នោះ​កាន់​តែ​ជរា ហើយ​នៅ​ពេល​រៀប​ផុត​ដង្ហើម រូប​គេ​បាន​និយាយ​ប្រាប់​ប្រពន្ធ​ម្ដង​ទៀត ឲ្យ​កប់​លុយ​ទាំង​អស់​ដែល​រក​បាន​ទៅ​ក្នុង​មឈូស។ ចំណែក​ប្រពន្ធ ក៏​មិន​បាន​ប្រកែក​ឡើយ ហើយ​សន្យា​ថា​នឹង​បំពេញ​បំណង​ប្រាថ្នា​ចុង​ក្រោយ​របស់​ប្ដី។

ពិធី​បុណ្យ​សព​បាន​ដំណើរ​ការ​ធម្មតា ប៉ុន្តែ​នៅ​ពេល​រៀប​កប់​មឈូស នារី​ជា​ប្រពន្ធ​បាន​ស្រែក​ឲ្យ​គេ​ផ្អាក និង​ដាក់​មឈូស​ចុះ​វិញ។ បន្ទាប់​មក​នាង​បាន​ដាក់​របស់​ម្យ៉ាង​ចូល​ទៅ​ក្នុង​មឈូស​ជាមួយ​សព​ប្ដី រួច​ចាក់​សោ​វិញ​ដូច​មុន។ ឃើញ​ដូច​នេះ មិត្ត​នាង​ម្នាក់​បាន​លាន់​មាត់​ឡើង “ខ្ញុំ​គិត​ថា​ឯង​មិន​ឆ្កួត​ដល់​ថ្នាក់​យក​លុយ​ទាំង​អស់ ទៅ​កប់​ជាមួយ​មនុស្ស​កំណាញ់​នោះ​ទេ”។
ទោះ​យ៉ាង​ណា នារី​ជា​ប្រពន្ធ​បាន​ឆ្លើយ​​តប​វិញ ធ្វើ​ឲ្យ​មិត្ត​នាង​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ “ចាស, ខ្ញុំ​សន្យា​មែន… ខ្ញុំ​ជា​គ្រិស្ត​សាសនិក​ដ៏​ល្អ​ម្នាក់ ខ្ញុំ​មិន​អាច​កុហក​ទេ… ខ្ញុំ​សន្យា​ជាមួយ​គាត់​ថា ខ្ញុំ​នឹង​ដាក់​លុយ​ទាំង​អស់​ចូល​មឈូស​របស់​គាត់”។
​​មិត្ត​នាង​បាន​បន្ត​សួរ​ទៀត​ថា តើ​នាង​ពិត​ជា​កប់​លុយ​ឲ្យ​​ប្ដី​ទាំង​អស់ ​សូម្បី​មួយ​កាក់​មួយ​សេន​ក៏​មិន​ទុក​ដែរ​មែន​ទេ? នារី​ជា​ប្រពន្ធ​បាន​ប្រាប់​ពី​គំនិត​វ័យ​ឆ្លាត​របស់​ខ្លួន​ថា “ចាស, ខ្ញុំ​ដាក់​មែន​តើ.. ខ្ញុំ​បាន​យក​លុយ​នោះ​ទៅ​ដាក់​ក្នុង​កុង​ធនាគារ​របស់​ខ្ញុំ… ហើយ​ខ្ញុំ​សរសេរ​សែក​មួយ​ដាក់​លុយ​ទាំង​អស់​នោះ​ទៅ​​ឲ្យ​ប្ដី”។
តម្លៃ​អប់​រំ៖ រឿង​នេះ​បាន​បង្កប់​គំនិត​សំខាន់​ពីរ គួរ​ពិចារណា។ ទី​១ នារី​ជា​ប្រពន្ធ មិន​បាន​ប្រឆាំង​បំណង​ប្រាថ្នា​ប្ដី មិន​ក្បត់​សន្យា​ជាមួយ​ប្ដី តែ​ក៏​មិន​ល្ងង់​ដាក់​លុយ​ទៅ​ឲ្យ​ប្ដី។ ចំណែក​ទី២ ប្ដី​ជា​មនុស្ស​លោភលន់​ខ្លាំង ចុង​ក្រោយ​គ្មាន​បាន​អ្វី​ទៅ​តាម​ខ្លួន មាន​ត្រឹម​ពាក្យ​គេ​ថា។ កុំ​ស្លាប់​ដូច​ពស់ រស់​ដូច​កង្កែប… ពេល​នៅ​រស់​ឲ្យ​គេ​អាណិត​ស្រលាញ់ ឯ​ពេល​ស្លាប់​ទៅ​ឲ្យ​គេ​សោក​ស្ដាយ៕

Leave a Reply

Your email address will not be published. Required fields are marked *