ប្រយ័ត្ន! ក្មេងជំទង់ម្នាក់បានស្លាប់ បន្ទាប់ពីខួរក្បាលផ្ទុកទៅដោយតេនញា៉
ក្មេងជំទង់ម្នាក់អាយុ ១៨ឆ្នាំនៅ Faridabad ប្រទេសឥណ្ឌា បានស្លាប់ដោយសារតែករណីកម្រមួយពាក់ព័ន្ធនឹងខួរក្បាលដែលផ្ទុកទៅដោយពងតេនញ៉ាយ៉ាងច្រើន។
ក្មេងជំទង់រូបនេះ ត្រូវបានគេនាំទៅបន្ទប់សង្គ្រោះបន្ទាន់នៅឯមន្ទីរពេទ្យ ព្រោះតែមានអាការៈឈឺក្បាល ព្រមទាំងប្រកាច់ នេះបើយោងតាមករណីសិក្សាមួយចេញផ្សាយដោយ The New England Journal of Medicine ។
ឪពុកម្តាយរបស់ក្មេងជំទង់នេះបានប្រាប់ទៅក្រុមគ្រូពេទ្យថា កូនប្រុសរបស់គាត់បានទទួលរងការឈឺចាប់ក្នុងក្រលៀនអស់រយៈពេលមួយសប្តាហ៍ ហើយហើមភ្នែកខាងស្តាំ និងពងស្វាសខាងស្ដាំប្រែក្លាយជាទន់ខ្លាំង។ គ្រូពេទ្យបានពិនិត្យលើរាងកាយទាំងមូលរបស់ក្មេងប្រុសនេះ និងឈានដល់ការស្កេនម៉ាញ៉េម៉ាយ (Magnetic Resonance Imaging – MRI) ហើយលទ្ធផលបានបង្ហាញថា គាត់មានដំបៅពាសពេញខួរក្បាលរបស់គាត់។
ដំបៅនេះ គឺស្របជាមួយនឹង neurocysticercosis ដែលត្រូវបានកំណត់ដោយអង្គការសុខភាពពិភពលោកថាជា «ការឆ្លងប៉ារ៉ាស៊ីតនៃប្រព័ន្ធសរសៃប្រសាទកណ្តាល និងត្រូវបានបង្កឡើងដោយតេនញ៉ាជ្រូក Taenia solium»។ មនុស្សអាចត្រូវបានឆ្លងមេរោគនេះបន្ទាប់ពីទទួលទានអាហារមិនទាន់ចម្អិត ជាពិសេសសាច់ជ្រូក ឬទឹកដែលមានជាតិពុល ឬទឹកដែលមានពងតេនញ៉ា។
វាក៏ត្រូវបានគេរកឃើញផងដែរថា ក្មេងជំទង់នេះត្រូវបានគេកំណត់យ៉ាងច្បាស់នៅលើ ultrasonography ថាបានប៉ះពាល់ដល់ភ្នែក និងបងស្វាសខាងស្តាំ។
ការព្យាបាលដោយការប្រើថ្នាំប្រឆាំងនឹងការរាលដាល មិនត្រូវបានគេណែនាំឱ្យប្រើក្នុងករណីរបស់ក្មេងជំទង់ម្នាក់នេះឡើយ ព្រោះវាអាចធ្វើឱ្យរលាក និងហើមខួរក្បាល ម្យ៉ាងទៀតដោយសារតែគាត់មានដំបៅនឹងភ្នែក ការព្យាបាលជាមួយថ្នាំបែបនេះក៏អាចបណ្តាលឱ្យពិការភ្នែកផងដែរ។ អ្នកជំងឺបានស្លាប់នៅមន្ទីរពេទ្យពីរសប្តាហ៍ក្រោយមក បើទោះបីជាត្រូវបានព្យាបាលជាមួយនឹងថ្នាំ Dexamethasone និងថ្នាំ antiepileptic ក៏ដោយ។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ដែលតេនញ៉ាត្រូវបានគេរកឃើញនៅក្នុងខួរក្បាលរបស់មនុស្ស ដែលកាលពីខែកញ្ញា ឆ្នាំ២០១៨ ក៏ធ្លាប់មានវេជ្ជបណ្ឌិតម្នាក់បានយកតេនញ៉ា មានប្រវែង ១០សង់ទីម៉ែត្រ ចេញពីខួរក្បាលបុរសជនជាតិចិនម្នាក់ដែរ បន្ទាប់ពីបុរសរូបនោះមានជំងឺឆ្កួតជ្រូក៕