ចាំទេ… ប៉ាវចិន នៅក្នុងរឿង «តុលាការមុខដែក» ឥឡូវនេះគាត់មានវ័យ
ប្រិយមិត្តដែលមានវ័យជាង ៣០ឆ្នាំឡើង ប្រាកដជាស្គាល់យ៉ាងច្បាស់កំពូលភាពយន្តភាគចិនរឿង «តុលាការមុខដែក» ហើយ។ ភាពយន្តដែលមានជាច្រើនភាគនេះ ធ្វើឱ្យមហាជនក្នុងជំនាន់នោះតាមដានមិនដាច់ ហើយពួកគេប្រាកដជាស្គាល់តួសម្ដែងដែលដក់ជាប់ក្នុងចិត្តបំផុតនោះ គឺតុលាការមុខដែក លោក ប៉ាវ ចិន ឬ ប៉ាវ ឈិនធាន។
ជាការពិតណាស់ បងប្អូនខ្មែរយើងខ្លះដែលជាទស្សនិកជនកាលពីជំនាន់នោះ ពិតជាពុំបានស្គាល់ឈ្មោះ និងមុខមាត់ពិតរបស់គាត់នោះទេ ។ តាមរយៈជីវប្រវត្តិរូបខ្លះៗពី Google លោក ប៉ាវចិន មានឈ្មោះពិតគឺ Jin chao-chun កើតនៅថ្ងៃទី 26 ខែវិច្ឆិកាឆ្នាំ 1951 (អាយុ 68 ឆ្នាំ) ស្រុកតៃប៉ិ ។ តារាសម្ដែងជើងចាស់ដែលមានដើមកំណើតមកពីតៃវ៉ាន់រូបនេះ ទទួលបានពាន់រង្វាន់ Golden Bell ដោយសារតែភាពល្បីល្បាញរបស់លោក នៅទូទាំងអាស៊ី តាមរយៈខ្សែភាពយន្តភាគខ្នាតវែងរឿង «តុលាការមុខដែក» នេះឯង ដែលត្រូវបានផលិតឡើងនៅក្នុងឆ្នាំ ១៩៩០ ។
លោក ប៉ាវចិន សម្តែងជាតួអង្គដ៏សំខាន់បំផុត គឺកំពូលតុលាការកាត់ក្តីមិនញញើត ប្រកបដោយភាពឆ្លាតវៃ ក្នុងការស្វែងយុត្តិធម៌ជូនប្រជារាស្រ្តស្លូតត្រង់ ដែលស្ថិតក្រោមការគាបសង្កត់ពីជនមានអំណាចក្នុងសង្គម។ បើតាមការចងចាំ រឿង «តុលាការមុខដែក» ចាប់ផ្តើមដាក់បញ្ចាំងនៅក្នុងប្រទេសកម្ពុជា ក្នុងអំឡុងឆ្នាំ ១៩៩៣ នៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ថិ៍លេខ ៩ ។
គួរបញ្ជាក់ថា តួអង្គដែលស្ថិតក្នុងអារម្មណ៍អ្នកទស្សនានៅក្នុងសាច់រឿងនេះ ក្រៅពីលោក ប៉ាវ ចិន គឺមានលោក ចាន់ ចាវ និងលោក កុងស៊ុន ផងដែរ៕