អ្នកចាក់សាក់ជក់បណ្ដើរ ផឹកស្រាបណ្ដើរ ពេលសាក់ ជាលទ្ធផលនារីម្នាក់នេះយំ រត់ទៅប្ដឹងប៉ូលិស…
ថ្មីៗនេះដែរ រឿងហួសចិត្តមួយរបស់នារីម្នាក់ ដែលត្រូវបានគេស្គាល់ថាជាម្ចាស់គណនីហ្វេសប៊ុក Alisa Kingkan នៅក្នុងប្រទេសថៃ បានបង្ហោះសារ អមដោយរូបភាព បង្ហាញពីការហួសចិត្ត និងនឹកស្មានមិនង ចំពោះការចាក់សាក់របស់ខ្លួន។
រឿងរា៉វមួយនេះនាង Alisa Kingkan បានរៀបរាប់ឲ្យដឹងថា នាងបានដើរលេងក្នុងផ្សាររាត្រីជាមួយនឹងបងស្រីរបស់នាង ក៏បានសម្រេចចូលចិត្តសាក់ក្នុងហាងមួយកន្លែង បន្ទាប់ពីបានដើរឃើញហាងនោះ ដោយបង្ហាញតម្លៃសាក់ គឺចាប់ ២០បាតឡើងទៅ (ប្រហែល ០.៦០ដុល្លារ) ។
បន្ទាប់មកទៀត នាងបានសម្រេចជ្រើសរើសរូបផ្កាម្យ៉ាងស្រដៀងនឹងផ្កាស្មៅ ដែលនាងពេញចិត្ត មានឈ្មោះជាភាសាអង់គ្លេសថា Dandelion។ ក្នុងនោះតម្លៃសម្រាប់ការសាក់នេះគឺ ចំនួន ៣០០បាត (ប្រហែល ៩ដុល្លារ) ដែលបានកំណត់ដោយម្ចាស់ហាង។
ផ្កា Dandelion
ការសាក់ទើបតែចាប់ផ្ដើមបានប៉ុន្នាននាទី នាងក៏ចាប់ផ្ដើមមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះម្ចាស់ហាងសាក់ ក៏ជាអ្នកសាក់ដោយផ្ទាល់ បានជក់បារីបណ្ដើរ ផឹកស្រាបណ្ដើរ ខណៈពេលកំពុងសាក់នេះ។
រឿងហួសចិត្តខ្លាំងនោះ គឺក្រោយពេលសាក់ចប់ភ្លាម នាងបានទៅឆ្លុះកញ្ចក់មើលស្នាមសាក់ភ្លាមៗ មានអីស្រាប់តែនាងទ្រហោយំតែម្ដង ហើយថែមទាំងទៅប្ដឹងប៉ូលិសទៀតផង ដោយសារតែស្នាមសាក់ដែលនាងទទួលបាន គឺវាអាក្រក់លើសពីអ្វីដែលនាងគិតទៅទៀត។
គួរបញ្ចាក់ផងដែរ នាងមិនបញ្ជាក់ថាបងស្រីទៅណាឡើយពេលកំពុងតែសាក់នេះ៕