បើមិនជឿកុំប្រមាថ! ជំនឿពីបុរាណទៅលើសត្វ ដែលកត់សម្គាល់ ហេតុការណ៍ រឿងរ៉ាវក្នុងជីវិត
នេះគឺជាជំនឿដែលដូនតាយើងតាំងពីបុរាណមកបានកត់ចំណាំទុក ទៅលើសត្វក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ហើយត្រូវបានកត់សំគាល់ទៅលើហេតុការណ៍ រឿងរ៉ាវក្នុងជីវិត ដែលនឹងកើតឡើងនាពេលខាងមុខ ដែលព្រឹត្តិការណ៍ទាំងនោះគឺសុទ្ធសឹងមានការទាក់ទងជាមួយនឹងសត្វមួយចំនួន។
ពស់ថ្លាន់វាចូលផ្ទះ៖ ពស់ថ្លាន់ គឺសត្វពស់ម្យ៉ាងដែលស្លូតបូតហើយមានរាងកាយធំ កាលណាបើសត្វនេះវាបានវាចូលមកផ្ទះរបស់យើងគឺមានន័យថា ផ្ទះនោះនឹងជួបតែសេចក្តីសុខ ហើយជាពិសេស ផ្ទះនោះគឺរកសុីបានកាក់កបតែម្តង។ ហើយប្រសិនបើមានពស់ថ្លាន់វាចូលផ្ទះលោកអ្នកសូមកុំសម្លាប់វាអោយសោះ ព្រោះធ្វើអោយផ្ទះរបស់យើងនឹងនាំតែភាពក្តៅក្រហាយ។ ហើយជំនឿបុរាណ នៅពេលពស់ថ្លាន់ចូលផ្ទះគឺត្រូវអោយកូន និមន្តព្រះសង្ឃមកសូត្រមន្ត សូមសេចក្តីសុខ។
សត្វក្អែកបូល៖ សត្វក្អែកគឺជាសត្វម្យ៉ាងដែលមានសំលេងយ៉ាងគ្រលួចដោយពេលដែលយើងស្តាប់ទៅធ្វើអោយយើងស្រងេះស្រងោច។ ហើយបើតាមជំនឿបុរាណខ្មែរថា នៅពេលដែលសត្វនេះបានស្រែកបូលខ្លីៗ គឺមានន័យថាមានភ្ញៀវសំខាន់មកលេង ឬក៍មានអ្នកមកចង់ស្តីដណ្តឹងកូន។ តែបើសិនជាសត្វនេះបូលសំលេងជាលក្ខណះវែងៗវិញ ដែលស្តាប់ទៅកំសត់ គឺមានរឿងមិនល្អហើយ ដូច្នេះចាស់ៗពីដើម បានយកអង្ករមកបាច និងបាននិយាយថាសូមកុំឱ្យមានឧបទ្រពចង្រៃណាមកបៀតបៀន។
សត្វដំរី៖ សត្វដំរីគឺជាសត្វដែលមានរាងកាយដ៍ធំ ហើយវាគឺជាសត្វដែលស្លុត តែពេលខ្លះក៍វាកាចម្តងម្កាលដែរ ដែលគេច្រើននិយាយថា ដំរីចុះប្រេង។ ដោយចាស់ៗបុរាណ ហាមមិនអោយស្ត្រីដែលមានផ្ទៃពោះជិះលើខ្នងដំរីនោះទេ ព្រោះថា វានឹងធ្វើអោយដំរីខឹង (ដំរីចុះប្រេង) ដែលជាហេតុនាំអោយកើតមានរឿងមិនល្អ។
ខ្លែងស្រាក៖ សត្វខ្លែងស្រាកនេះគឺជាសត្វដែលស្រដៀងទៅនឹសត្វទីទុយ ហើយវាក៍រកសុីនៅពេលយប់ដូចសត្វទីទុយដែរ។ ហើយបើតាមជំនឿពីបុរាណសត្វខ្លែងស្រាកគឺសត្វដែលនាំអោយចង្រៃ។ ប្រសិនបើផ្ទះណាមានអ្នកជំងឺធ្ងន់នោះ សត្វនឹងមកស្រែកសំលេងដែលគួរអោយខ្លាច។ ហើយបើសិនជាសត្វនេះមកយំនៅជិតផ្ទះ គឺត្រូវស្រេកដេញ ហើយជេរវា និងដាក់បណ្តាសសារវា អោយវាទៅអោយឆ្ងាយ ពីផ្ទះរបស់យើង។
ព្រាបថ្ងូរ៖ សត្វព្រាបគឺជាសត្វស្លាបស្រុក ដែលវាភាគច្រើចូលចិត្តរស់នៅក្នុងទីវត្តអារាម ហើយនឹងកន្លែងដែលស្ងបស្ងាត់។ ប្រសិនបើសត្វនេះបានហើរមកនៅក្នុងផ្ទះរបស់យើង គឺមានន័យថាផ្ទះរបស់យើងនឹងជួបតែសេចក្តីសុខ ហើយនិងលាភសំណាងចូលមកឆឹបៗតែម្តង។ ផ្ទុយទៅវិញបើសត្វនេះស្រែកយំគួរអោយអាណិតនោះ ផ្ទះរបស់យើងនឹងជួបរឿងមិនល្អ ដូច្នេះត្រូវនិមន្តព្រះសង្ឃមកសូត្រមិនដើម្បីរំដោះគ្រោះ។
សត្វឃ្មុំធ្វើសំបុកក្នុងផ្ទះ៖ សត្វឃ្មូំគឺសត្វល្អិតម្យ៉ាងដែលវាតែងតែធ្វើការជាក្រុមហើយមានមេមានកើយត្រឹមត្រូវ ហើយប្រសិនជាមានសត្វឃ្មុំមកធ្វើសំបុកក្នុងផ្ទះរបស់យើង នោះក្នុងផ្ទះរបស់យើងនឹងជួបតែរឿងល្អ ហើយនឹងកូនចៅមានសុភមង្គល។ តែបើសិនជាសត្វឃ្មុំនេះទិចសមាជិកក្នុងគ្រួសារយើងនរណាម្នាក់ នោះនឹងក្លាយជារឿងដែលនាំអោយមាននូវឧបទ្រពចង្រៃទៅវិញ។ ដូច្នេះត្រូវនិមន្តព្រះសង្ឃមកសូត្រមន្តរំដោះគ្រោះទើបអាចឆ្លងផុត។
ឆ្កែលូពេលមេឃជិតភ្លឺ៖ សត្វឆ្កែគឺជាសត្វដែលគឺចូលចិត្តចិញ្ចឹមវាដើម្បីអោយវាព្រូសនៅពេលជួបអ្នកមិនស្គាល់ព្រោះថា អ្នកមិនស្គាល់នោះអាចនឹងជាចោរដែលមានបំណងអាក្រក់មកលើផ្ទះរបស់យើង ហើយវាព្រូសគឺដើម្បីអោយយើងបានដឹង។ តែប្រសិនបើសត្វនេះបែរជាលូរនៅពេលយប់ឡើងវិញគឺមានន័យថា វាបានឃើញខ្មោច ព្រាយ បិសាចហើយ។ តែប្រសិនបើវាលូរសំលេងយ៉ាងវែងៗ នៅពេលជិតភ្លី គឺមានន័យថានៅក្នុងភូមិនោះនឹងជួបរឿងមិនល្អ ដែលអាចនឹងមានចោរចូលទៅលួចទ្រព្យសម្បត្តិអ្នកភូមិ។ ដូច្នេះសូមបងប្អូនមេត្តាប្រយ័ត្នប្រយែង ដោយកុំទៅក្រៅផ្ទះអោយសោះនៅពេលយប់។