ព្រឺឆ្អឹងខ្នង ប្តីប្រពន្ធ២នាក់ ចូលដេកសណ្ឋាគារ១យប់ អត់ដឹងថា មានសពខ្មោចនៅក្រោមគ្រែ…
ប្ដីប្រពន្ធជនជាតិ ថៃ ពីរនាក់ បានចូលសម្រាក អស់មួយយប់ ក្នុងបន្ទប់សណ្ឋាគារ ដែលមានក្លិនស្អុយ ដោយមិនបានដឹងថា ក្រោមគ្រែដែលពួកគេ កំពុងដេក មានសាកសពមនុស្សម្នាក់ឡើយ ។
កាសែត Chiangrai Times ចុះផ្សាយថា ប្ដីប្រព័ន្ធពីរនាក់នោះ បានចូលក្នុងសណ្ឋាគារ នៅល្ងាចថ្ងៃសុក្រ ទី ១៩ សីហា ដោយកត់សម្គាល់ថា ក្នុងបន្ទប់មានក្លិនមិនល្អ ហើយបានស្នើឲ្យបុគ្គលិក យកស្ព្រាយមកបាញ់បំបាត់ក្លិន ហើយដេកក្នុងសណ្ឋាគារនោះ អស់មួយយប់ ។
ព្រឹកឡើង បុគ្គលិកសម្អាតបន្ទប់ ធុំក្លិនស្អុយ ព្រមទាំងបានឃើញឈាមហូរចេញពីក្រោមគ្រែ ទើបរាយការណ៍ទៅអ្នកគ្រប់គ្រង រហូតដល់មានអន្តរាគមន៍ពីប៉ូលិស ទើបលើកគ្រែ ឃើញសាកសពបុរសកែភេទជាស្ត្រី ។ ឧបទ្ទវហេតុនេះ កើតឡើងក្នុងសណ្ឋាគារផ្កាយ ៥ មួយក្នុងសង្កាត់ បាងឡាណុង ខេត្ត ឈុនបូរី ប្រទេស ថៃ ។
បុគ្គលិកត្រួតពិនិត្យបញ្ជាក់ថា ស្ត្រីកែភេទនោះ បានស្លាប់ប្រហែល ៣ ទៅ ៤ ថ្ងៃ មកហើយ ។ អ្នកគ្រប់គ្រងសណ្ឋាគារនិយាយប្រាប់ប៉ូលិសថា បុរសពីរនាក់ បានចូលសម្រាកក្នុងបន្ទប់សណ្ឋាគារនោះ កាលពីថ្ងៃទី ១៦ សីហា ។ នៅថ្ងៃទី ១៨ បុរសទាំងពីរ បាននាំបុរសកែភេទជាស្ត្រីម្នាក់ចូលបន្ទប់ ហើយពួកគេក៏បានចេញពីសណ្ឋាគារនៅថ្ងៃនោះដែរ ។ ប៉ូលិសកំពុងស៊ើបអង្កេតរកបុរសទាំងពីរនាក់នោះ តាមរយៈរូបភាពកាមេរ៉ាសុវត្ថិភាព ៕