ចម្លែកមែន! រថចេះតែឆ្ងល់ យន្ត១គ្រឿង «ហោះ» ចតលើចុងឈើ ផ្អើលអ្នកដំណើរ តែពេលដឹងការពិត ចឹងសោះ
តាមការយល់ដឹងរបស់អ្នករាល់គ្នា នោះរថយន្តធ្វើដំណើរតែលើដីប៉ុណ្ណោះ គ្មានអ្វីផ្សេងទៀតទេ។ ហើយម្យ៉ាងវិញទៀត ទិដ្ឋភាពដូចជាឡានមួយរំពេចហោះលើអាកាស គឺអាចកើតឡើងបានតែនៅក្នុងភាពយន្ត ឬកម្មវិធីកម្សាន្តប៉ុណ្ណោះ។ ប៉ុន្តែថ្មីៗនេះ អ្នកដំណើរឆ្លងកាត់ទីក្រុង Xi’an ខេត្ត Shaanxi ប្រទេសចិន បាន «បើកភ្នែកធំៗ» តែម្តង ខណៈបានប្រទះឃើញទិដ្ឋភាពដ៏អស្ចារ្យរថយន្ត១គ្រឿងកំពុង «សំកាំង» លើចុងឈើបែបនេះ។
ជាក់ស្តែង បុរសម្នាក់បើករថយន្តស្រាប់តែឃើញរថយន្ត «ចត» លើដើមឈើក្បែរផ្លូវ គាត់ពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ហើយបានថតរូបដ៏ចម្លែកមួយនេះយ៉ាងរហ័ស។ តាមរយៈរូបភាពគេអាចឃើញរថយន្តពណ៌សស៊េរីទំនើប១គ្រឿងដែលកំពុងចតនៅដើមឈើប្រហែល ៦ ទៅ ៧ ម៉ែត្រពីលើដី។
បន្ទាប់ត្រូវបានបង្ហោះ ឈុតរូបភាព «ឡានហោះ» នេះ ឃើញថាទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកនិយមលេងអ៊ីនធឺណិត ក្នុងរយៈពេលដ៏ខ្លី។ ជាមួយគ្នានោះ សំណួររាប់មិនអស់បានកើតឡើងក្នុងចិត្តរបស់អ្នកនិយមលេងអ៊ីនធឺណិត ដែលគ្រប់គ្នាចង់ដឹងចម្លើយ បានលើកជាចម្ងល់ផ្សេងៗគ្នាថា ហេតុអ្វីបានជាឡានទៅនៅលើដើមឈើបែបនេះ? តើឡានបញ្ចប់ដោយរបៀបណា? តើនេះជា “យន្តហោះ” មែនទេ?។
ចំណែកមតិកំប្លែងជាច្រើន ក៏ត្រូវបានធ្វើឡើងជាមួយនឹងការស្រមើស្រមៃថា៖
“តើវាជាអ្វី? តើរថយន្តឡើងដើមឈើ ឬក៏ដើមឈើរុញឡានឡើងដោយខ្លួនឯង, ពេលខ្ញុំរៀនបើកឡាន គ្រូមិនព្រមបង្រៀនខ្ញុំឲ្យចេះចតលើអាកាសសោះ!, នេះត្រូវបានគេហៅថាដើមឈើរថយន្ត,…”។
តែទោះជាយ៉ាងណា គ្មានការបញ្ចេញមតិរបស់អ្នកលេងអ៊ីនធឺណិតណាម្នាក់អាចទាយការពិតត្រូវឡើយ។ តាមពិតទៅ មិនមែនឡានហោះ ឬដៃចង្កូតអាច “ចត” រថយន្តទាំងមូលនៅលើចុងឈើដូចក្នុងរូបថតនោះទេ ប៉ុន្តែវាគ្រាន់តែជារូបភាពរថយន្តដែលបង្កើតឡើងសម្រាប់ការផ្សាយពាណិជ្ជកម្មប៉ុណ្ណោះ។
ពិតណាស់ ឡានត្រូវបានដាក់ជាប់នឹងស៊ុមដែក ដែលត្រូវបានដំឡើងនៅក្នុងជួរដើមឈើ ហើយរថយន្តទាំងមូលគ្របដណ្ដប់លើស៊ុមដែកខាងក្រោម ធ្វើឲ្យរថយន្តនោះហាក់ដូចជាហោះទៅលើអាកាស ហើយ «ចុះចត» នៅលើចុងឈើអុីចឹង។
បុគ្គលិកម្នាក់បាននិយាយថា “ឡាន” នេះត្រូវបានគេតំឡើងក្នុងប្រហែលឆ្នាំ ២០១៥ ហើយជាម៉ូដែល MG5 ក្នុងអំឡុងពេលដំណើរការសាងសង់ មានតែតួរថយន្តប៉ុណ្ណោះ ត្រូវបានរក្សាទុក ហើយគ្រឿងបន្លាស់នៅក្នុងផ្នែកត្រូវបានដកចេញ។ គេបង្កើតឡើងគឺដើម្បីផ្សព្វផ្សាយរថយន្ត ប៉ុន្តែឥឡូវម៉ូដែលនេះកម្រមានណាស់នៅលើទីផ្សារ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង