ប្រវត្តិលោក ម៉ៅ សេទុង ជាបិតាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន
លោក ម៉ៅ សេទុង ជាបិតាស្ថាបនិកនៃសាធារណរដ្ឋប្រជាមានិតចិន និងជាអ្នកនយោបាយដ៏មានឥទ្ធិពលម្នាក់នៅលើពិភពលោក។ លោកបានកើតនៅថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ១៨៩៣ និងស្លាប់នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ១៩៧៦ ទីកន្លែងកំណើតភូមិសៅសាន ស្រុកឆាវសាន ខេត្តហ៊ូណាន ប្រទេសចិន។ លោក ម៉ៅ សេទុង មានប្រពន្ធចំនួន ៤ នាក់ មានដូចជា ប្រពន្ធទី ១ គឺលោកស្រី Luo Yixiu (រៀបការ ១៩០៧- លែងលះ ១៩១០), ប្រពន្ធទី ២ គឺលោកស្រី Yang Kaihui (រៀបការ ១៩២០-លែងលះ ១៩៣០), ប្រពន្ធទី ៣ គឺលោកស្រី He Zizhen (រៀបការ ១៩៣០-លែងលះ ១៩៣៧) និងប្រពន្ធទី ៤ គឺលោកស្រី Jiang Qing (រៀបការ ១៩៣៩-១៩៧៦)។
ប្រវត្តិការសិក្សា
អាយុ ៨ ឆ្នាំ បានចូលរៀននៅសាលាបឋមសិក្សាសៅសាន បន្ទាប់មកនៅអាយុក្រោយមកទៀតលោក បានប្រឡងជាប់នៅមហាវិទ្យាល័យគរុកោសល្យហ៊ូណាន។ ក្រៅពីការសិក្សា លោកឆ្លៀតសរសេរអត្ថបទ និងនិពន្ធរឿងផ្សេងៗមួយចំនួនសម្រាប់ផ្សាយនៅតាមមហាវិទ្យាល័យ រួចបន្តទៅរៀននៅមហាវិទ្យាល័យប៉េកាំង
ប្រវត្តិការងារ
លោកធ្លាប់ធ្វើជាអ្នកគ្រប់គ្រងបណ្ណាល័យ ដើម្បីបានប្រាក់ផ្គត់ផ្គង់សិក្សា។ ហើយនៅសតវត្សទី២០ គាត់កាន់តែមានកេរ្តិ៍ឈ្មោះល្បីល្បាញ ហើយមនុស្សស្ទើរពេញពិភពលោកបានស្គាល់ ព្រោះលោកបានផ្តួលរដ្ឋាភិបាលចិន និងសេនាប្រមុខ ចាងខៃជៀក ដោយទទួលបានជោគជ័យ និង បង្កើតសាធារណរដ្ឋប្រជាមានិតចិន ថ្ងៃទី១ តុលា ១៩៤៩។ លោកបានកាន់តំណែងជាគណៈកម្មការសហព័ន្ធសហជីពកសិករ ឡើងទៅជានាយកសហព័ន្ធសហជីព ដែលមានអ្នកគាំទ្រពីក្រុមកសិករ និងបណ្តាកម្មករយ៉ាងលើសលប់នៅក្នុងប្រទេសចិន ទើបជាឱកាសមួយដ៏ល្អសម្រាប់ការឈរឈ្មោះបោះឆ្នោត។ ការបោះឆ្នោតមិនទាន់ដល់ផង ស្រាប់តែមានវិបត្តិនយោបាយ កើតឡើង ដោយក្រុមកសិករនៅតំបន់ ហ៊ូណាន និងពួកនាយទុនប៉ះទង្គិចគ្នា ដែលធ្វើឲ្យក្រុមទាំងពីរខូចខាតទ្រព្យសម្បត្តិជាច្រើន។ ការខូចខាតទ្រព្យសម្បត្តិទាំងនោះ ម៉ៅសេទុង ត្រូវគេបណ្តេញចេញពីបក្សដោយចោទពីបទញុះញង់ដល់កសិករ និងកម្មករ ថែមទាំងបំពាននឹងបទបញ្ជារបស់រដ្ឋាភិបាលទើបមានចលាចលកើតឡើង។ ខែកញ្ញា ឆ្នាំ១៩២៧ បានប្រកាសថាខ្លួនគឺជាទ័ពព្រៃ (ចោរក្រហមកុម្មុយនីស្ត) ក្រោយមកទើបលោកបង្កើតកងទ័ពបដិវត្តន៍។ ការបង្កើតទ័ពបដិវត្តន៍នេះឡើង ធ្វើឲ្យរដ្ឋាភិបាលចាត់វិធានការយ៉ាងតឹងរ៉ឹង និងបានបោសសម្អាតពួកមន្ត្រីសំខាន់ៗក្នុងបក្សកុម្មុយនីស្តដោយមិនរើសមុខ។ ពោលធ្វើឲ្យតំបន់ សៀងហៃ កើតមហាសោកនាដកម្មពេញផ្ទៃប្រទេស និងធ្វើឲ្យ ម៉ៅសេទុង និងកងទ័ពខ្លួនខូចខាតស្ទើរងើបខ្លួនពុំបាន ទើបលោកបានបង្កើតទ័ពព្រៃក្រហមម្តងទៀត ព្រមទាំងប្រមូលកម្លាំងទ័ព និងគ្រឿងសព្វាវុធនៅតាមជួរភ្នំជិងកាំងសាន។ ក្រុមបក្សកុម្មុយនីស្តមួយចំនួន ក៏បាននាំគ្នីគ្នាចុះចូលជាមួយនឹង ម៉ៅសេទុង ដែលជាហេតុធ្វើឲ្យកងទ័ពព្រៃក្រហមកាន់តែរីកធំ និងមានឥទ្ធិពលកាន់តែខ្លាំងឡើងៗ ហើយពង្រីកតំបន់កាន់កាប់បានកាន់តែច្រើនកន្លែង។ ខែតុលា ឆ្នាំ១៩៣៣ ចាងខៃជៀក បានប្រើវិធីឡោមព័ទ្ធកងទ័ពកុម្មុយនីស្តចិន ដោយកៀងបញ្ចូលស៊ង ហើយវាយផ្ទប់ឥតសំចៃធ្វើឲ្យកងទ័ព ម៉ៅ សេទុង បរាជ័យយ៉ាងធ្ងន់ធ្ងរ។ ពោលក្នុងស្ថានការណ៏បែបនេះ ម៉ៅសេទុង មានតែដំណោះស្រាយវាយបំបែកចំណុចណាមួយប៉ុណ្ណោះដើម្បីបើកច្រកគេចខ្លួន។ ១៦ តុលា ១៩៣៤ កងទ័ព និងមន្ត្រីសំខាន់ៗរបស់ ម៉ៅ សេទុង បានពលីជីវិតអស់ជាច្រើនរូប ប៉ុន្តែដោយសារថាមពលផ្លូវចិត្តដ៏ខ្លាំងនោះ ទើបពួកគេរត់គេចខ្លួនបានមួយចំនួន។ បន្ទាប់មកបានរៀបចំកម្លាំងម្ដងទៀតដើម្បីប្រយុទ្ធប្រឆាំងជាមួយនឹង ចាងខៃជៀក ដែលសង្រ្គាមនេះគឺបានអូសបន្លាយអស់ជាច្រើនឆ្នាំ។ ឆ្នាំ ១៩៤៨ កងទ័ពចិនកុម្មុយនីស្ត បានដណ្តើមជ័យជម្នះលើកងទ័ព ចាងខៃជៀក ហើយបានផ្លាស់ប្ដូររដ្ឋាភិបាលចាស់ ផ្លាស់ចូលបក្សកុម្មុយនីស្តថ្មីឡើងជារដ្ឋាភិបាល និងគ្រប់គ្រងប្រទេសចិនទាំងមូល
ការលុបបំបាត់លើការអប់រំ
បានផ្លាស់ប្តូរប្រព័ន្ធអប់រំ ព្រមទាំងលុបបំបាត់របបរាជានិយម បំបាត់សាលាចំណេះដឹងទូទៅ ហើយលុបបំបាត់ការរៀនសូត្រតាមខុងជឺ និងស្នាដៃអក្សរសិល្ប៏ត្រូវបានបំផ្លាញចោលស្ទើរអស់។ ចំណែកឯគ្រូបង្រៀន និងបញ្ញវន្តត្រូវជម្លៀសឲ្យទៅរស់នៅតាមស្រែចម្ការ ដើម្បីរៀនសូត្រ និងធ្វើការអនុវត្តជាក់ស្តែង
ការស្លាប់របស់ម ម៉ៅ សេទុង
ការជក់បារីដ៏លើសលប់របស់លោក បណ្តាលឲ្យរូបលោកកើតជំងឺសួត និងបេះដូងធ្ងន់ធ្ងរ ហើយលោកក៏មានជំងឺគាំងបេះដូងផងដែរ ដោយធ្លាប់គាំងបេះដូងចំនួន ២ ដង នៅឆ្នាំ ១៩៧៦ (លោកទី ១ នៅខែមីនា និងលើកទី ២ នៅខែកក្កដា) បន្ទាប់មកលោកបានស្លាប់នៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ១៩៧៦ អាយុ ៨២ ឆ្នាំ នៅម៉ោង ១២:១០ នាទី រំលងអាទ្រាត៕
ប្រភព៖ interconrooster, wikipedia