ចាំមើលទាំងអស់គ្នា ! បាតុភូតចន្ទគ្រាសចិញ្ចៀនភ្លើងនឹងកើតឡើងនៅយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ វេលាម៉ោង…
នៅយប់រំលងអធ្រាត្រឈានចូលថ្ងៃសៅរ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២០ បាតុភូតចន្ទគ្រាសមិនសូវមានឥទ្ធិពលហៅថា Penumbral Lunar Eclipse នឹង កើតនៅវេលាម៉ោងប្រមាណ០២៖០០នាទី។ កំឡុងបាតុភូតច័ន្ទគ្រាសនេះ ព្រះច័ន្ទមើលទៅហាក់គ្មានអ្វីប្លែកទេ លុះត្រាតែយើងសង្កេតមើលវាឲ្យជាក់។ មូលហេតុដោយសារព្រះច័ន្ទ នឹងត្រូវបាំងស្ទង់ៗដោយស្រមោលផ្នែកខាងក្រៅរបស់ផែនដីហៅថា Penumbra ប៉ុណ្ណោះ។ ទាល់តែវាបាំងដោយស្រមោលផ្នែកខាងក្នុងហៅថា Umbra ទើបមើលទៅឃើញផ្នែកនៃព្រះច័ន្ទដែលត្រូវបាំងនោះងងឹតស្តែងៗតែម្តង។
ជាការពិតណាស់បាតុភូតច័ន្ទគ្រាសខាងលើមិនសូវជាគួរឲ្យចាប់អារម្មណ៍ប៉ុន្មាននោះទេ។ ក៏ប៉ុន្តែអ្វីដែលពិសេសគឺបាតុភូតសូរ្យគ្រាស ដែលនឹងកើតឡើងនៅរសៀលថ្ងៃអាទិត្យ ទី២១ ខែមិថុនា ឆ្នាំ២០២០។ បាតុភូតសូរ្យគ្រាសនោះគឺជាបាតុភូតសូរ្យគ្រាសចិញ្ចៀនភ្លើងគេហៅថា(Annular Solar Eclipse)។ មូលហេតុដែលគេហៅវាបែបនេះគឺដោយសារវាកើតឡើងនៅពេលយើងមើលពីផែនដីទៅគឺមួយតួខ្លួនព្រះច័ន្ទបាំងព្រះអាទិត្យមែនតែមិនជិតឈឹងឬធ្វើឲ្យងងឹតតែម្តងនោះឡើយព្រោះព្រះច័ន្ទមើលទៅរាងតូចជាងព្រះអាទិត្យដែលប្រការនេះបណ្តាលឲ្យសូរ្យគ្រាសនោះមើលទៅដូចជាចិញ្ចៀនភ្លើងមួយយ៉ាងដូច្នោះ។
ដ្បិតកម្ពុជាយើងអាចមើលឃើញបាតុភូតសូរ្យគ្រាសនោះពិតមែន ប៉ុន្តែវានឹងបង្ហាញខ្លួនត្រឹមជាលក្ខណៈបាតុភូតសូរ្យគ្រាសមិនពេញលេញ(Partial Solar Ecipse)តែប៉ុណ្ណោះ។ សម្រាប់កន្លែងដែលមានឱកាសមើលឃើញវាក្នុងទម្រង់ពេញជា(Annular Solar Eclipse)តែម្តងគឺប្រទេសមួយចំនួននៅអាហ្វ្រិក,ប៉ាគីស្ថាន,ឥណ្ឌានិងចិនជាដើម។ សម្រាប់នៅប្រទេសកម្ពុជាយើងនឹងមើលឃើញវាជាសូរ្យគ្រាសមិនពេញលេញនៅខ្ទង់វេលាម៉ោង០២៖០០នាទីរសៀលដល់ម៉ោងខ្ទង់០៣៖០០នាទីរសៀលហើយនៅម៉ោង០៤៖០០នាទីរសៀលវានឹងបាត់ទៅវិញ។
សូមបញ្ជាក់ផងដែរថា សូរ្យគ្រាសខាងលើគឺជាបាតុភូតសូរ្យគ្រាសដំបូងបំផុតប្រចាំទសវត្សរ៍នេះ។ ក្នុងឆ្នាំ២០២០នេះគឺមានបាតុភូតសូរ្យគ្រាសសរុបចំនួន០២ ដោយមួយលើកទៀតនឹងកើតឡើងនៅខែធ្នូជាសូរ្យគ្រាសពេញធម្មតា(Total Solar Eclipse)ដែលនឹងអាចមើលឃើញតែនៅតំបន់អាមេរិកខាងត្បូងប៉ុណ្ណោះ។