ព្រឺក្បាលខ្ញាក់ ឃើញថ្លាន់ងាប់ រុំខ្លួនជុំវិញដំបូក … អ្នកស្រុកនាំគ្នាដាក់ផ្កា ក្រាបសំពះសុំសេចក្តីសុខ…
កាលពីថ្ងៃទី៩ ឧសភា កន្លងមក ប្រជាជននៅក្នុងស្រុកសយដាវ ខេត្ដច័ន្ទបុរី ជាច្រើននាក់ បានធ្វើដំណើរឆ្ពោះទៅ ចន្លោះគីឡូម៉ែត្រ លេខ៦១-៦២ តាមបណ្ដោយផ្លូវរវាងខេត្ដ ច័ន្ទបុរី-ស្រះកែវ ស្ថិតក្នុងឃុំសាយខាវ ស្រុក សយដាវ ប្រទេសថៃ ។ ក្នុងការធ្វើដំណើរ របស់ប្រជាជនខាងលើ មានអ្នកខ្លះយកផ្កា ធូប ទៀន រួមទាំងផ្លែឈើ និងទឹកក្រូច ទៅក្រាបសំពះថ្វាយចំពោះខ្មោចពស់ថ្លាន់ មានប្រវែងជិត៣ម៉ែត្រ ដែលងាប់ដោយដងខ្លួន ព័ទ្ធជុំវិញដំបូកសំរាប់ ជាការផ្សងសុំលាភសំណាង ។
កាសែតក្នុងស្រុកមួយរបស់ថៃ បានឱ្យដឹងថា អ្នកស្រុកភាគច្រើន និយាយថា ការងាប់របស់ពស់នេះ ហាក់ដូចជាចំលែក ព្រោះខ្លួនវាព័ទ្ធជុំវិញដំបូក ឯអ្នកស្រុកខ្លះនិយាយថា ដំបូកខាងលើជាទីជំរករបស់ពស់ និងអ្នកខ្លះទៀតនិយាយថា ធ្លាប់ឃើញពស់ប្រភេទនេះ នៅឯដំបូកខាងលើ ជាច្រើនលើក។ លោក សំរិទ្ធ ពុធស្រ៉ី ជាអ្នកលក់ដូរនៅផ្សារណាត់ និងជាអ្នកស្រុករស់នៅក្នុងឃុំសាយខាវ ស្រុកសយដាវបាននិយាយថា បុគ្គលិកការងារ៣នាក់ នៅផ្ទះរបស់គាត់ ធ្លាប់ជួបពស់នេះ នៅមុនពេលវាងាប់ ខណៈដែលវាវារនៅលើដងផ្លូវ ។
លោកសំរិទ្ធ ពុធស្រ៉ី បានបន្ដថា កន្លងមក មុនពេលដែលពស់ងាប់ ធ្លាប់កើតរឿងចំលែកៗ ជាច្រើនទៅលើបុគ្គលិក ដែលគាត់ (សំរិទ្ធ ពុធស្រ៉ី) បញ្ជាឱ្យយកត្រាក់ទ័រ ទៅឈូសឆាយព្រៃឈើ ដើម្បីឱ្យមើលឃើញផ្សារណាត់ នៅក្បែរព្រៃ និងធ្វើឱ្យត្រាក់ទ័រ បើកបរកិនទុយោទឹកក្នុងព្រៃបែក ។ ក្រៅពីនេះ ក៏មានរឿងរ៉ាវចំលែកៗ កើតឡើងជាច្រើនលើក ដូចជាធ្វើឱ្យត្រាក់ទ័របែកកង់ រលត់ម៉ាស៊ីន ដោយមិនដឹងមូលហេតុ ហើយជាចុងក្រោយ ខណៈឱ្យបុគ្គលិកយកកាំបិតទៅកាប់ឆ្ការព្រៃ ក៏ជួបនឹងខ្មោចពស់ខាងលើ ។
ចំណែកលោកយាយប៊ុនជុង ថងឡាង អាយុ៨៦ឆ្នាំ អ្នកស្រុកនៅ ភូមិប៉ាទុងឡាង ឃុំសាយខាវ ខេត្ដច័ន្ទបុរី បានរៀបរាប់ក្រោយពី ឃើញខ្មោចពស់ថា ការដែលពស់ងាប់ ហើយរុំព័ទ្ធដងខ្លួននៅជុំវិញដំបូក គឺជារឿងចំលែក។ អ្នកបុរាណចាត់ទុកថា ជាប្រផ្នូលបញ្ជាក់ពី ហេតុអាចកើតមានបញ្ហាអាកាសធាតុ ឬជាប្រផ្នូលបញ្ជាក់ថា ក្នុងតំបន់នេះ អាកាសធាតុនឹងប្រែប្រួល ៕