កុំចេះតែមើលងាយ អ្នកបោសសំរាមក្លាយជាមហាសេដ្ឋីទាំងមិនដឹងខ្លួន ដោយសារជួបរឿងមួយនេះ!
អ្នកបោសសំរាមជនជាតិបង់ក្លាដេសម្នាក់ ធ្លាប់តែទទួលប្រាក់ខែប្រមាណ ២៧០ដុល្លារ នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ប្រែក្លាយជីវិតថ្មីធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើល បន្ទាប់ពីជួបបុរសម្នាក់ដោយចៃដន្យពេលកំពុងបោសសម្អាតនៅខាងក្រៅវិហារ Grand Mosque។
ដៃមួយកាន់អំបោស ដៃមួយកាន់ប្រដាប់កើបសំរាម បោសបណ្ដើរ ជូតញើសបណ្ដើរទាំងអារម្មណ៍គិតស្រមៃដល់ពេលអនាគតថា នឹងធ្វើអ្វីដើម្បីឲ្យខ្លួនរស់នៅប្រសើរជាងនេះ ស្រាប់តែមានបុរសចំណាស់ម្នាក់ ដើរសំដៅមករកខ្លួនដោយមានស្បង់ចីពរ រួចឱបទាំងក្ដីរំភើបក្ដុកក្ដួល។ បុរសចំណាស់បានប្រាប់អ្នកបោសសម្អាតទាំងស្រក់ទឹកភ្នែកថា “តើចំណាំខ្ញុំបានទេ? ខ្ញុំជាបងប្រុសបង្កើតរបស់ឯង។” ពាក្យប៉ុន្មានម៉ាត់នេះ ធ្វើឲ្យអ្នកបោសសម្អាតភ្ញាក់ព្រើត និងចាត់ទុកជាថ្ងៃអស្ចារ្យបំផុតក្នុងជីវិតរបស់ខ្លួន។
បុរសស៊ីឈ្នួលគេរូបនេះ មករស់នៅប្រទេសអារ៉ាប៊ីសាអ៊ូឌីត ដោយសារតែគេចចេញពីបងប្រុសព្រោះតែបងប្រុសជាមនុស្សអាត្មានិយម និងបានដណ្ដើមយកកេរ្តិ៍មរតកដែលជាចំណែករបស់គាត់ត្រូវទទួលបានពីគ្រួសារទាំងអស់ ហើយបានឲ្យប៉ូលិសនាំខ្លួនគាត់ទៅកាន់ពន្ធនាគារជាច្រើនដងថែមទៀត។ ពេលជួបគ្នាម្ដងនេះ គាត់មិនអាចចំណាំបងប្រុសបានទេ ព្រោះគាត់កោរសក់ និងស្លៀកពាក់ជាបព្វជិតទៅហើយ។
អ្នកដែលបានស្គាល់បុរសអ្នកបោសសំរាម ចាប់ផ្ដើមភ្ញាក់ផ្អើលដូចគ្នា ខណៈបុរសចំណាស់យំផងឱបផង អាណិតប្អូនប្រុស។ បងប្រុសនេះចាប់ផ្ដើមរៀបរាប់ដំណើររឿងជាច្រើនដែលធ្វើឲ្យគាត់តាមដានរកប្អូនឃើញ និងមូលហេតុខ្លួនសម្រេចចិត្តបួស។ បុរសចំណាស់បានប្រាប់អ្នកឈរមើលថា តាមពិតប្អូនគាត់ជាអ្នកបោសសំរាមនេះមិនមែនក្រខ្សត់ដូចយើងឃើញពេលនេះទេ គេបានកើតក្នុងត្រកូលគ្រួសារអ្នកមាន មានឥទ្ធិពលមួយ ប៉ុន្តែគេបានខឹងចិត្ត ចាកចេញពីគ្រួសារបន្ទាប់ពីបងប្រុសបដិសេធមិនប្រគល់មរតកប្រមាណ ៤,៥លានដុល្លារអាមេរិក។
ចំពោះមូលហេតុដែលធ្វើឲ្យបងប្រុសចិត្តលោភលន់មករកប្អូនដោយសារតែ ខ្លួនគាត់មិនស្ងប់ចិត្ត ស្គាល់កំហុសខ្លួនឯង អារម្មណ៍ចេះតែរវើរវាយនៅមិនសុខរាប់ឆ្នាំ នាំឲ្យគាត់កើតជំងឺផ្លូវចិត្តព្រោះតែការគាបសង្កត់ប្អូនយកទ្រព្យសម្បត្តិធ្វើឲ្យគាត់មិនអាចបំភ្លេចបាន។ បុរសចំណាស់ប្រាប់អ្នកចោមរោមមើលថា ខ្លួនមានបំណងមកបួសជាបព្វជិតនៅអារ៉ាប៊ីសាអ៊ូឌីត ជាច្រើនឆ្នាំហើយ តែមិនទាន់មានឱកាស។ គ្រួសាររបស់ខ្លួនជាអ្នកមានមុខមាត់ក្នុងជួររដ្ឋាភិបាលបង់ក្លាដេស។
បន្ទាប់ពីស្ដាប់ការរៀបរាប់រឿងរ៉ាវរួចហើយ អ្នកទាំងពីរបានយល់ព្រមរាប់អានជាបងប្អូនគ្នាវិញ និងបានទៅពិសារអាហារនៅភោជនីយដ្ឋានក្បែរនោះដោយប្អូនបានអញ្ជើញអ្នកបោសសំអាតជាមិត្តរួមការងារជាច្រើនទៅចូលរួមជាមួយ និងប៉ាវទាំងអស់។ អ្នកលើកអាហារក្នុងភោជនីយដ្ឋានម្នាក់និយាយប្រាប់ទាំងភ្ញាក់ផ្អើលថា “ខ្លួនស្គាល់អ្នកបោសសំរាមរូបនេះជាយូរមកហើយ និងធ្លាប់ឲ្យប្រាក់បន្តិចបន្តួចទៅគាត់ច្រើនដងដែរ តែមិនធ្លាប់ដឹងថា គាត់ជាមហាសេដ្ឋីប្រាក់រាប់លានដុល្លារបែបនេះសោះ”។
មិនយូរប៉ុន្មាន បុរសជាប្អូន បានសម្រេចទៅទទួលមរតកជាចំណែករបស់ខ្លួននៅប្រទេសកំណើត និងដើម្បីបញ្ចប់ជីវិតឯកា ភាពក្រីក្រ និងការឃ្លាតឆ្ងាយពីក្រុមគ្រួសារផងដែរ៕
ប្រភព៖ sakkarach