ឥណ្ឌាបំបែកកំណត់ត្រាពិភពលោក ដោយអ្នកស្ម័គ្រចិត្ត 1,5 លាននាក់ ដាំដើមឈើ 66 លានដើម ក្នុងរយៈពេល 12 ម៉ោង

ឥណ្ឌាបានបំបែកកំណត់ត្រាពិភពលោកចាស់របស់ខ្លួន ដោយបានដាំដើមឈើបានចំនួន​ ៦៦ លានដើម ក្នុងរយៈពេលត្រឹមតែ ១២ ម៉ោងប៉ុណ្ណោះ។

ការដាំដើមឈើជាលក្ខណៈទ្រង់ទ្រាយធំនេះត្រូវបានធ្វើឡើងនៅតាមដងទន្លេ Narmada ស្ថិតនៅក្នុងរដ្ឋ Madhya Pradesh ភាគកណ្តាលនៃប្រទេសឥណ្ឌា ហើយត្រូវការអ្នកស្ម័គ្រចិត្តចូលរួមជួយដាំចំនួន ១,៥ លាននាក់។

គួរបញ្ជាក់ផងដែរ បើតាមកំណត់ត្រាចាស់កាលពីឆ្នាំ ២០១៦ ឥណ្ឌាធ្លាប់ដាំដើមឈើបាន ៥០ លានដើម ក្នុងរយៈពេល ១ ថ្ងៃ ដែលពេលនោះមានអ្នកស្ម័គ្រចិត្តចូលរួមជួយដាំត្រឹមតែ ៨០០,០០០ នាក់ប៉ុណ្ណោះ។


បើតាមលោក Shivraj Singh Chouhan អភិបាលរដ្ឋខាងលើនេះបានឲ្យដឹងថា ​ការដាំដើមឈើលក្ខណៈទ្រង់ទ្រាយធំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណង់ចង់ទាញការចាប់អារម្មណ៍ពីប្រជាពលរដ្ឋឥណ្ឌាគ្រប់រូបឲ្យងាកមកយកចិត្តទុកដាក់ និងស្រលាញ់ព្រៃឈើឲ្យខ្លាំងជាងមុន ដ្បិតឥណ្ឌាកំពុងត្រូវការព្រៃឈើយ៉ាងខ្លាំងដើម្បីទប់ទល់នឹងបញ្ហាអាកាសធាតុ និងគ្រោះធម្មជាតិផ្សេងៗ។ បើតាមគម្រោង រដ្ឋាភិបាលឥណ្ឌានឹងចាយលុយ ៦,២ ពាន់លានដុល្លារ ដើម្បីដាំដើមឈើឲ្យបាន ៩៥ លានហិចតាត្រឹមឆ្នាំ ២០៣០ ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *